ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

រដ្ឋមន្រ្តី​និង​សមាជិក​សភា​ជប៉ុន​ទៅ​បួងសួង​នៅ​វិហារ​យ៉ាស៊ូគូនី​ដ៏​ចម្រូងចម្រាស

media  
រដ្ឋមន្រ្តី រួមជាមួយ​នឹង​សមាជិក​សភា​ជប៉ុន ដែល​ទៅ​គោរពវិញ្ញាណក្ខន្ធ​ទាហាន​នៅ​វិហារ​យ៉ាស៊ូគូនី នៅថ្ងៃ​ព្រហស្បតិ៍ ១៨ តុលា ២០១២ REUTERS/Kyodo

បន្ទាប់​ពី​លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅថ្ងៃ​នេះ សមាជិក​រដ្ឋាភិបាល​​បច្ចុប្បន្ន ចំនួន ២រូប​ រួមទាំង​សមាជិក​សភា​ជាង​ ១០​រូបផ្សេងទៀត​ បាន​នាំគ្នា​​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​​បួងសួង គោរពវិញ្ញាណក្ខន្ធ​ នៅ​វិហារ​យ៉ាស៊ូគូនី​ ដែល​ជា​ទីកន្លែង​ដ៏​ចម្រូងចម្រាស​បំផុត ក្នុង​ទំនាក់ទំនង​រវាង​ជប៉ុន និង​ប្រទេស​ជិតខាង គឺ​ចិន និង​កូរ៉េ​។ ទាំងចិន និង​ទាំង​កូរ៉េ​ខាង​ត្បូង សុទ្ធតែ​បាន​នាំគ្នា​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង តបនឹង​ដំណើរ​ទៅកាន់​វិហារ​យ៉ាស៊ូគូនី របស់​លោក​ស្ហ៊ីនហ្សូ អាបេ កាល​ពី​ម្សិលមិញ។

រដ្ឋមន្រ្តី​ជប៉ុន​ទាំង ២រូប ដែល​បានធ្វើ​ដំណើរទៅ​បួងសួង និង​គោរពវិញ្ញាណក្ខន្ធ​ នៅ​វិហារ​យ៉ាស៊ូគូនី រួមជាមួយ​នឹង​សមាជិក​សភា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​រួមមាន​រដ្ឋមន្រ្តី​ក្រសួង​គមនាគមន៍ និង​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កំណែទម្រង់​វិស័យ​ប្រៃសណីយ៍។

កាលពីថ្ងៃ​ពុធ ម្សិលមិញ​នេះ លោក​ស្ហ៊ីនហ្សូ អាបេ អតីត​នាយករដ្ឋមន្រ្តី​ជប៉ុន និង​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​គេ​ប្រមើល​មើលថា​ទំនង​ជា​នឹង​អាច​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី នៅ​ក្នុង​ការ​បោះឆ្នោត​ឆាប់ៗ​ខាងមុខនេះ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណក្ខខន្ធ​ទាហាន​ នៅ​យ៉ាស៊ូគូនី​នេះ​ដែរ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​តប​វិញ​ភ្លាមៗ ពី​ចិន។ បណ្តាញ​សារព័ត៌មាន​ចិន​ស៊ីនហួ ដែល​ជា​បណ្តាញ​សារព័ត៌មាន​របស់​រដ្ឋ​ បាន​សរសេរថា “ដំណើរទៅកាន់​វិហារ​យ៉ាស៊ូគូនី របស់​លោក​ស្ហ៊ីនហ្សូ អាបេ គឺ​ជា​ការ​ឆ្កឹះ​ដំបៅ​ចាស់​ឲ្យ​រើ​ឡើងវិញ ហើយ​កំពុង​តែ​បំពុល​ទំនាក់ទំនង​ទ្វេភាគី​​ រវាង​ចិន និង​ជប៉ុន​​ ដែល​កំពុង​តែ​ផុយស្រួយស្រាប់ ឲ្យ​កាន់តែ​ធ្លាក់​ដុនដាប​កាន់តែ​ខ្លាំងឡើង​ថែមទៀត”។

នៅទីក្រុង​សេអ៊ូលវិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​​ដែរ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ចំពោះ​ដំណើរ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ទៅកាន់​វិហារ​យ៉ាស៊ូគូនី ដែល​កូរ៉េ​ខាង​ត្បូង​ចាត់ទុក​ថា​ជា​និមិត្តរូប​នៃ​សង្រ្គាម​ឈ្លានពាន និង​របប​យោធា​និយម​របស់​ជប៉ុន។

គួរបញ្ជាក់ថា វិមាន​យ៉ាស៊ូគូនី ស្ថិត​នៅ​កណ្តាល​ទីក្រុង​តូក្យូ គឺ​ជាទីតាំង​បញ្ចុះសព​របស់​អតីត​ទាហាន​ជប៉ុន ប្រមាណ​ជា ២លាន​នាក់​កន្លះ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សង្រ្គាម ដែល​ក្នុង​ចំណោម​នោះ មាន​សាកសព​អតីត​មេទ័ព​ជប៉ុន ១៤​រូប​ ដែល​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម ក្នុង​សង្រ្គាម​លោក​លើក​ទី២។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចិន កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង ដែល​ធ្លាប់​ត្រូវ​ជប៉ុន​ឈ្លានពាន​ ក្នុង​សម័យ​សង្រ្គាម​លោក តែងតែ​តវ៉ា​នឹង​ការ​ដែល​មន្រ្តី​ជាន់ខ្ពស់​ជប៉ុន នាំគ្នា​ទៅ​គោរព​​វិញ្ញាណក្ខន្ធ​ នៅ​វិហារ​យ៉ាស៊ូគូនី ដោយ​គេ​យល់ថា​ វាជា​ការ​ប្រមាថ​ទៅដល់​ព្រលឹង​​ពលរដ្ឋ​របស់​ពួកគេ ដែល​​រងគ្រោះ​ដោយ​​​អំពើ​​របស់​ទាហាន​ជប៉ុន ដែល​បញ្ចុះ​នៅ​ទីនោះ។

កន្លងមក លោក​នាយករដ្ឋមន្រ្តី​ជប៉ុន យ៉ូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) តែងតែ​បានព្យាយាម​ចៀស​វាងមិន​ទៅបៀត​វិហារ​យ៉ាស៊ូគូនី​នេះ​ទេ ហើយ​ក៏​តែងតែ​បាន​ប្រាប់​ទៅ​​សមាជិក​រដ្ឋាភិបាល​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក ដើម្បី​ចៀសវាង​ប៉ះពាល់ទៅដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ គេ​តែងតែ​ឃើញ​មាន​សមាជិក​រដ្ឋាភិបាល​ខ្លះ នៅតែ​នាំគ្នា​ទៅ​គោរពវិញ្ញាណក្ខខន្ធ​ទាហាន នៅ​យ៉ាស៊ូគូនី។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក​អូសាមូ ហ្វ៊ូជីមូរ៉ា (Osamu Fujimura) រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ជប៉ុន បាន​ថ្លែង​ថា ដំណើរទៅ​កាន់​វិហារ​យ៉ាស៊ូគូនី​របស់​រដ្ឋមន្រ្តី​ និង​សមាជិក​សភា នៅថ្ងៃនេះ គឺ​ធ្វើ​ឡើង​ ក្នុង​ក្របខ័ណ្ឌ​ជា​ឯកជន​តែ​ប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធ​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​ជប៉ុន​នោះទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ