អានតួអត្ថបទ
ជប៉ុន

អាជ្ញាធរ​កោះអូគីណាវ៉ា​​អនុញ្ញាតអោយ​អាមេរិក​ប្តូរទីតាំង​មូលដ្ឋាន​ទ័ព​ពី​ក្រុងហ្គីណូវ៉ាន់​ ទៅ​ហ្វ៊ូតេនម៉ា​

នៅថ្ងៃ​ពុធ​ម្សិលមិញ លោក ហ៊ីរ៉ូកាហ្ស៊ូ ណាកៃម៉ា អភិបាល​ខេត្ត​អូគីណាវ៉ា​ ប្រទេស​ជប៉ុន បាន​សំរេច​អនុញ្ញាត​អោយ​អាមេរិក​ប្តូរទីតាំងមូលដ្ឋាន​​ទ័ព​​ហ្វ៊ូតេនម៉ា ក្រុង​ហ្គីណូវ៉ាន់ ទៅតំបន់​ជ្រាយ​មាត់​សមុទ្ទ ពោលគឺ​នៅក្នុង​កោះ​អូគីណាវ៉ា​ដដែល។ ការ​យល់ព្រមនេះ​​សំខាន់បំផុតសំរាប់​អាមេរិក និង​ជប៉ុន​ព្រោះថា សំណុំរឿង​ប្តូរទីតាំង​មូលដ្ឋាន​ទ័ព​អាមេរិក​នេះ បាន​បំពុល​ទំនាក់ទំនង​អាមេរិក​និង​ជប៉ុន​រាប់ឆ្នាំ​មកហើយ។

នៅ​ហ្វ៊ូតេនម៉ា អាមេរិក​មាន​មូលដ្ឋានទ័ពអាកាស​និង​ជើងទឹក​របស់ខ្លួន​
នៅ​ហ្វ៊ូតេនម៉ា អាមេរិក​មាន​មូលដ្ឋានទ័ពអាកាស​និង​ជើងទឹក​របស់ខ្លួន​ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​ម្សិលមិញ ការ​ដែល​លោក ហ៊ីរ៉ូកាហ្ស៊ូ ណាកៃម៉ា​ អភិបាល​ខេត្តអូគីណាវ៉ា បាន​សំរេចអោយអាមេរិក​​ ប្តូរទីតាំងមូលដ្ឋាន​​ទ័ព​អាមេរិក ហ្វ៊ូតេនម៉ា ពី​​ក្រុង​ហ្គីណូវ៉ាន់ ភាគខាងត្បូង​កោះ ទៅឃុំណាហ្កូ នៅ​ថិត​នៅ​ក្នុង​កោះអូគីណាវ៉ា​ដដែលនោះ គឺ​ដោយសារ​តែ​នាយករដ្ឋមន្ត្រី ស្ហ៊ីនសូ​ អាបេ ​បាន​សន្យា​ជួយ​ ក្នុង​មួយឆ្នាំៗ ថវិកា​ប្រមាណ​២ពាន់១រយ​លានអឺរ៉ូ អោយ​ដល់​កោះអូគីណាវ៉ា ពីពេល​នេះ​រហូត​ដល់ឆ្នាំ​២០២១។ ម្យ៉ាងទៀត​ អភិបាល​កោះ​ចង់អោយ​មានការប្តូរទីតាំង​​មូលដ្ឋានទ័ព​អាមេរិក​​នេះទៅឆ្ងាយ​ពី​ទីប្រជុំជន​អ៊ូរអរ ព្រោះថា ប្រជាជន​មានការធុញទ្រាន់​នឹង​សម្លេង ព្រមទាំង​មិនពេញចិត្ត​នឹង​អាកប្បកិរិយា​​កងទ័ព​អាមេរិក​នោះទេ។

គួររំលឹកថា គំរោង​ប្តូរទីតាំង​មូលដ្ឋាន​ទ័ពអាមេរិក​​នេះ បាន​​កើតចេញ​ពី​កិច្ចព្រមព្រៀង​រវាង​អាមេរិក​និង​ជប៉ុន ឆ្នាំ​១៩៩៦ម្ល៉េះ ប៉ុន្តែ តាំង​ពី​មាន​ការចុះហត្ថលេខា​មក សំណុំរឿង​នេះ បាន​បង្ក​ជាបញ្ហា​ចម្រូងចម្រាស​ ដោយសារ​តែ​​ប្រជាជនកោះអូគីណាវ៉ា ​មិនសូវ​ជា​ទុកចិត្ត​វត្តមាន​អាមេរិក​​នៅទីនោះ​ប៉ុន្មានឡើយ។

ដោយឡែក វត្តមាន​អាមេរិក​នៅ​ជប៉ុន ជា​បំណង​ប្រាថ្នា​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ ព្រោះ​វា​ជា​​ទំងន់​ជួ​យជប៉ុន ក្នុង​ការ​ប្រឈម​ទៅនឹង​ប្រទេស​មហាអំណាច​ចិន។ ប្រមុខការទូត​អាមេរិក​ឆាក់ ហាហ្កែល បាន​លើកឡើង​ថា​ ការប្តូរទីតាំង​​មូលដ្ឋានទ័ព​នេះ ជា​ភស្តុតាង​នៃទំនាក់ទំនង​អាមេរិក-ជប៉ុន ​ប្រឈម​ទៅនឹង​បញ្ហា​សន្តិសុខ​សតវត្សរទី២១នេះ។

ការសាងសង់​ទីតាំង​មូលដ្ឋានទ័ព​​​នៅ​កោះអូគីណាវ៉ា​ មិនទាន់​ធ្វើភា្លមៗ​នោះទេ។ ការសាងសង់​ត្រូវ​ចំណាយពេល​១០ឆ្នាំ។ នៅកោះអូគីណាវ៉ា អាមេរិក​ចង់​បន្ថយ​ទ័ព​ពី​១ម៉ឺន៨ពាន់នាក់ មកនៅ​​ត្រឹម​មួយម៉ឺននាក់វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ