អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖ អធិរាជថ្មីឡើងគ្រងរាជ្យ ចាប់បើកសករាជថ្មីជាផ្លូវការ

ព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ ឡើង​សោយរាជ្យ​សម្បត្តិ​​ជាផ្លូវការ​បន្ត​ពី​ព្រះ​បិតា​ដែល​ដាក់​រាជ្យ​។ ថ្ងៃទី​១ឧសភា  ពិធីរាជាភិសេកដ៏​ធំ​សម្បើម បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​តូក្យូ ដែល​ទទួល​ស្វាគមន៍​ដោយ​ប្រជានុរាស្ត្រ​ និង​អ្នក​មុខអ្នក​ការ​គ្រប់​ជាន់​ថ្នាក់។ ក្នុង​ព្រះ​ជន្មាយុ ៥៩ព្រះវស្សា ព្រះចៅអធិរាជថ្មី សច្ចា​ថា​ទ្រង់​នឹងគង់​​នៅ​ក្បែរ​ប្រជានុរាស្ត្រ​ជប៉ុន ហើយ​បន្ត​គោរព​តាម​គន្លង​ដ៏​គួរ​ឲ្យ​គោរព​នៃ​ព្រះ​បិតា​របស់​ទ្រង់។

ព្រះអធិរាជថ្មី និង​អនុជ រួម​ទាំង​មហេសី
ព្រះអធិរាជថ្មី និង​អនុជ រួម​ទាំង​មហេសី Kyodo/via Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ម៉ោង​សូន្យ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ពុធ​ទី​១ឧសភា គឺ​ជា​កំណត់​, ប្រតិទិន​នៃ​រាជាណាចក្រ​ជប៉ុន បាន​ផ្ទាត់​បើកទំព័រ​សករាជថ្មី។ សករាជថ្មី​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ឲ្យ​ឈ្មោះថា រ៉ៃវ៉ា បាន​សេចក្តីថា សករាជ​នៃ​ភាព​រីករាយសុខដុមរមនា។ តាំងពី​ព្រឹក​ព្រហាម​ម្ល៉េះ ​ពលរដ្ឋ​ជប៉ុន រូតរះ​ងើប​ពី​ព្រលឹម រង់ចាំ​មើលពន្លឺព្រះ​អាទិត្យ​នៃ​សករាជថ្មី​។ អ្នកខ្លះ បានកំណត់​​យក​ថ្ងៃ​នេះ ជា​ថ្ងៃ​សម្រាប់​រៀបមង្គល​អាពាហ៍​ពិពាហ៍​ទៀត​ផង។​

នៅរាជធានីតូក្យូ ព្រះ​ចៅអធិរាជថ្មី ណារ៉ុហ៊ីតូ បាន​យាង​ដោយ​រថយន្ត​ពណ៌ខ្មៅ ក្នុង​សម្លៀកបំពាក់​​ប្រពៃណី​ជប៉ុន​ ត្រូវ​បាន​ទទួល​ស្វាគម​ន៍​ដោយ​ប្រជា​នុរាស្ត្រ​យ៉ាង​ច្រើន​កុះករតាម​ដង​ផ្លូវ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​​ថ្នាក់។ តាម​ដង​វិថី នារីជប៉ុន​ បាន​រង់ចាំ​ចែក​ស្រា​ សាគេ ​ជប៉ុន រាប់​ពាន់​ពែង​ដើម្បី​អបអរ​ថ្ងៃ​សោរាជ្យ​របស់​ព្រះចៅ​អធិរាជ​ថ្មី។

នៅក្នុង​រាជពិធី​ផ្លូវការ​ដ៏​មាន​ក្បួនខ្នាតរបស់​ជប៉ុន​ ទ្រង់​ ណារ៉ូហ៊ីតូ បាន​ធ្វើ​សេចក្តី​សច្ចាប្រណិធាន ថា​នឹង​គោរព​តាម​រាជធម្មនុញ្ញ​ជប៉ុន បំពេញ​ករណីយកិច្ច​ជា​និមត្តិ​រូប​នៃ​រាជាណាចក្រ និង​និមត្តិ​រូប​នៃ​ការ​រួបរួម​សាមគ្តី​នៃ​ពលរដ្ឋ​ជប៉ុន ហើយ​ព្រះអង្គ​នឹង​យកព្រះទ័យ​ទុកចំពោះ​ប្រជារាស្ត្រ​ និង​គង់​នៅ​ក្បែរ​ប្រជានុរាស្ត្រ​គ្រប់​កាលៈទេសៈ​ជានិច្ច​និរន្តរ៍​។ ក្រៅពី​ធ្វើ​សម្បថ​ ​ព្រះចៅ​អធិរាជ​ថ្មីក៏​បាន​រម្លឹក​ពី​គុណូបការ​របស់​ព្រះ​បិតា អាគីហ៊ីតូ ដែលពុំ​មាន​ព្រះ​វត្តនាម​នៅក្នុង​ពិធី​នេះទេ។ ចំពោះ​ទ្រង់ ណារ៉ូហ៊ីតូ, បិតា​របស់​ទ្រង់​​ជា​អធិរាជ​ដ៏​មាន​ប្រជាប្រិយភាព និងគួរ​ឲ្យ​ទទួល​បាន​ការ​គោរពពី​ពលរដ្ឋ​ជប៉ុន ដែល​ទ្រង់​បាន​រួមរស់​​សុខទុក្ខ​ ដោយ​ទឹកព្រះទ័យ​​មេត្តាករុណាធម៌ អស់​ពេល​៣០វស្សា​មក​នេះ​​។

ពិធី​គ្រង​ឡើង​សោយរាជ្យ​សម្បត្តិ​ នៅ​ថ្ងៃទី​១ឧសភា មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដ៏សម្បើមអស្ចារ្យ​របស់​ជប៉ុនប៉ុណ្ណោះទេ តែ​ពលរដ្ឋ​ជប៉ុន​ក៏​​បា​នឈប់​សម្រាកពីការងារ​​រយៈ​ពេល​១០ថ្ងៃ​ផង​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ