អានតួអត្ថបទ
ជប៉ុន

​នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​ឈ្នះ​សំឡេងភាគច្រើន​នៅ​ព្រឹទ្ធសភា

នៅជប៉ុន​ សម្ព័ន្ធ​ក្រុម​គណបក្ស​កាន់អំណាច ឈ្នះ​ឆ្នោត​បាន​សំឡេងភាគច្រើន នៅ​ព្រឹទ្ធសភា។ នេះបើ​តាម​ការ​ប្រកាស​ដោយ​ខ្លួន​ឯង​របស់នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​តាម​កញ្ចក់ទូរទស្សន៍ នាក្រោយ​ពេល​បិទ​ការិយាល័យ​បោះឆ្នោត។ បើតាម​ការ​រំពឹង​ គណបក្ស​ចង​សម្ព័ន្ធគ្នា រវាងបក្ស Komeito និងគណ​បក្ស​សេរីប្រជាធិបតេយ្យ របស់លោក​​នាយករដ្ឋមន្ត្រី​ ស៊ីនហ្ស៊ូ អាបេ គឺអាចទទួល​សំឡេង​ យ៉ាង​ហោច ៧០ ឬច្រើន​ជាង​នេះ នៅក្នុងការ​បោះឆ្នោត​ ថ្ងៃអាទិត្យ​ទី​២១កក្កដា។ ការ​ឈ្នះ​ឆ្នោត​នេះ នឹង​អនុញ្ញាត​សម្រួល​ឱ្យ​លោក អាបេ អាច​កាន់អំណាច​បាន​កាន់តែយូរ ហើយ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី កាន់​តំណែង​យូរ​ជាង​គេ​នៅ​រាជាណាចក្រ​មួយ​នេះ។​

លោកនាយករដ្ឋមន្ត្រីជប៉ុន ប្រកាស​នៅក្រោយពេលបិទការិយាល័យបោះឆ្នោត ថាលទ្ធផលឈ្នះសំឡេងភាគច្រើនរបស់ក្រុមបក្សរបស់លោកនេះ គឺបង្ហាញថា ពលរដ្ឋជប៉ុនយល់ព្រម បើកឱ្យមានការចរចាកែប្រែរដ្ឋធម្មនុញ្ញ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ប្រកាស​នៅក្រោយពេលបិទការិយាល័យបោះឆ្នោត ថាលទ្ធផលឈ្នះសំឡេងភាគច្រើនរបស់ក្រុមបក្សរបស់លោកនេះ គឺបង្ហាញថា ពលរដ្ឋជប៉ុនយល់ព្រម បើកឱ្យមានការចរចាកែប្រែរដ្ឋធម្មនុញ្ញ។ @Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ស្ទង់​មតិ​បណ្តោះ​អាសន្ន និងបើ​តាម​លទ្ធផល​ខ្លះៗ ក្រោយ​ពេល​បិទ​ការិយាល័យ​បោះឆ្នោត បង្ហាញថា​ បក្ស Komeito និងគណ​បក្ស​សេរីប្រជាធិបតេយ្យ LDP ជា​បក្ស​កាន់​អំណាច​ ដឹកនាំ​ដោយ​លោក​ ស៊ីនហ្ស៊ូ អាបេ ទំនង​ជាអាច​ទទួល​សំឡេង​ ចន្លោះ​ពី​៦៧ ទៅ​៧៧​សំឡេង នៅ​ព្រឹទ្ធ​សភា ក្នុង​ចំណោម​សំឡេង​សរុប​១២៤។ ពោល​គឺ​ឈ្នះ​ដោយ​សំឡេង​ភាគ​ច្រើន​។​

ក៏ប៉ុន្តែ អ្នក​ជំនាញ​នយោបាយ​ជប៉ុន ប្រាប់​អ្នក​កាសែត​បារាំង​ ថា ការ​បោះឆ្នោតព្រឹទ្ធសភា​នេះ បើ​ទោះបីជា ​ពលរដ្ឋ​ជប៉ុន​បោះឆ្នោត​ឱ្យ​សម្ព័ន្ធ​បក្ស​កាន់អំណាច​ឈ្នះ​ក្តី  ក៏ព្រោះតែ​​ដោយសារ ​គ្មាន​ជម្រើស​ផ្សេង ដែល​ល្អ​ជាង​នេះ។ ម្យ៉ាងទៀត បក្ស​ប្រឆាំង​នៅ​ជប៉ុន​កំពុង​តែ​បែក​បាក់ប្រេះឆា​គ្នាផង​។ ទន្ទឹម​នេះ អ្នក​បោះឆ្នោត​មួយ​ចំនួន​ បាន​ប្រាប់​ភ្នាក់​ងារ​កាសែត​បារាំង​AFP ថា​ ពួក​គេ​​​បោះឆ្នោត​ឱ្យ​បក្ស​របស់​លោកអាបេ ក៏ពិត​មែន​ តែគ្មាន​​សង្ឃឹម​រំពឹង​បាន​ប្រយោជន៍​អ្វីច្រើន​ដែរ។ ទោះ​យ៉ាងណា​ក៏ដោយ អ្នក​សង្កេតការ​ បាន​កត់​សម្គាល់ថា ចំនួន​នៃ​មាន​ឈ្មោះក្នុង​បញ្ជី​ឆ្នោត គឺបាន​ទៅចូលរួម​បោះឆ្នោត តិច​តួច​ស្តួច​ស្តើងណាស់។​

គួររម្លឹក​ជូន​​ថា ក្នុង​ការ​ឃោសនា​របស់​បោះឆ្នោត​ព្រឹទ្ធសភា​ជប៉ុន គឺ​មាន​ចំណុច​បីខ​សំខាន់ៗ។​ ទី១ គឺ​​សើរើ​កែប្រែ​រដ្ឋធម្មនុញ្ញសន្តិនិយម។ រដ្ឋធម្មនុញ្ញនេះ គ្មាន​ធ្លាប់​បាន​វិសោធនកម្ម​ម្តងណាឡើយ ប្រមាណ​ជាង៧០មកហើយ​ រាប់ចាប់ពី​ឆ្នាំ​១៩៤៧មក។ ជារដ្ឋធម្មនុញ្ញដែល​ជួយ​សរសេរ​ដោយ​អាមេរិក​ អ្នក​ឈ្នះ​សង្គ្រាម​លើជប៉ុន។ ខសន្យាទី២ គឺប្រឹង​​ពង្រីកពង្រឹង​វិស័យ​អប់រំ ហើយ​ទី៣ គឺការ​​ដំឡើង​ពន្ធ​លើ​តម្លៃ​បន្ថែម TVA ។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្ស៊ូ អាបេ បាន​ឡើង​ប្រកាស​តាម​ទូរទស្សន៍​ នៅ​ក្រោយ​ពេល​បិទការិយាល័យ​បោះឆ្នោត ថា​លទ្ធផល​ឈ្នះ​សំឡេង​ភាគ​ច្រើន​របស់​ក្រុម​បក្ស​របស់​លោក​នេះ គឺ​បង្ហាញ​ថា ពលរដ្ឋ​ជប៉ុន​យល់ព្រម ​បើក​ឱ្យ​មាន​ការ​ចរចា​កែប្រែ​រដ្ឋធម្មនុញ្ញ​។​ បើ​តាម​លោក អាបេ, លទ្ធផល​បែបនេះ ​ក៏​ស្តែង​ឱ្យ​ឃើញ​ពី​ការ​យល់ស្រប​ឱ្យ​ដំឡើង​ថ្លៃ​ទំនិញ ពោល​គឺពន្ធ​លើ​តម្លៃ​បន្ថែម ពី​៨ទៅ​១០ភាគរយ​នៅ​ខែ​តុលាខាងមុខ​នេះផង​ដែរ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ