អានតួអត្ថបទ

ប្រមុខ​ការទូត​អាមេរិក​បដិសេធ​ថា​មិនបាន​ចាត់ទុក​អ៊ីស្រាអែល​ជា​រដ្ឋ​អាប៉ាថេត​

នៅល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រមុខការទូត​អាមេរិក ចន​ ឃែររី បាន​បដិសេធ​​ថា មិនដែល​បាន​ចាត់ទុក​អ៊ីស្រាអែល​ទៅនឹង​រដ្ឋអាប៉ាថេត ដែល​ប្រកាន់​ពូជសាសន៍​ពណ៌សំបុរ​នោះទេ។ ការ​បដិសេធ​នេះ ជា​ការ​ឆ្លើយតប​ទៅនឹង​សារព័ត៌មាន​អាមេរិកកាំង​មួយ​ ​ដែល​បាន​ចុះផ្សាយ​ថា លោក​ចន ឃែររី បាន​​ព្រមាន​ថា ​អ៊ីស្រាអែល​​​​អាច​ប្រឈម​នឹង​​ការក្លាយ​ខ្លួន​ជា​រដ្ឋអាប៉ាថេត ប្រសិន​បើ​អ៊ីស្រាអែល​មិន​​ចង់មាន​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន អោយ​បាន​ឆាប់ៗទេ​នោះ។ រឿងរ៉ាវ​នេះ បាន​ធ្វើអោយមាន​ភាព​ថ្នាំង​ថ្នាក់​ជាមួយ​អ្នកដឹកនាំ​​អ៊ីស្រាអែល​។

ប្រមុខការទូត​អាមេរិក John Kerry
ប្រមុខការទូត​អាមេរិក John Kerry REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹកថ្ងៃ​ចន្ទ​ម្សិលមិញ សារព័ត៌មាន​អាមេរិក ឈ្មោះថា ​The Daily Beast បាន​ចុះផ្សាយ​ថា ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​​​មួយ​នៅ​ក្រុងវ៉ាស៊ីនតោន​ កាលពីថ្ងៃ​សុក្រ សប្តាហ៍​មុន ប្រមុខ​ការទូត​​អាមេរិក ចន​ ឃែររី បាន​ព្រមាន​អ៊ីស្រាអែល ថា​ប្រសិន​បើ​អ៊ីស្រាអែល​មិន​ចង់​មាន​សន្តិភាព​អោយ​បាន​​ឆាប់ៗ​ជាមួយប៉ាឡេស្ទីន នោះ​​អ៊ីស្រាអែល​អាច​ប្រឈម​នឹង​ការ​ក្លាយខ្លួន​ទៅ​ជា​​រដ្ឋអាប៉ាថេត ពោល​គឺ​ជា​រដ្ឋដែលប្រកាន់ពូជសាសន៍​ពណ៌សំបុរ។

ល្ងាច​ថ្ងៃចន្ទ លោក​ចន ឃែររី បាន​ចេញ​មុខ​បដិសេធ​ដាច់​អហង្កា​​ថា ​​លោក​មិនដែល​បាន​ចាត់ទុក​​អ៊ីស្រាអែល​ដូចជា​រដ្ឋអាប៉ាថេត​នោះទេ។ ប៉ុន្តែ លោកឃែររី​ បាន​ទទួល​ស្គាល់​​ថា លោក​បាន​​លើកឡើង​ពី​ពាក្យ​ថា អាប៉ាថេត​នេះ​ ដើម្បី​និយាយ​ពី​ការបំបែក​ជាតិសាសន៍​​នៅ​អាហ្វ្រិក​ខាងត្បូង ចន្លោះ​ពី​ឆ្នាំ​១៩៤៨ ទៅ​ដល់​ឆ្នាំ​១៩៩៤នោះ។ ប្រមុខ​ការទូត​អាមេរិក​បន្ថែម​ថា បើ​លោក​អាច​​​​បង្វិល​សម្លេង​ថយ​ក្រោយបាន លោក​ប្រហែល​ជាប្រើ​ពាក្យ​​ផ្សេងទៀត​ក្រៅពីនេះ។ ពាក្យពេចន៍របស់​​លោក​ឃៃររី​បានបង្ក​ជា​ភាព​​ថ្នាំងថ្នាក់ដល់​​អ្នក​​ដឹកនាំ​អ៊ីស្រាអែល​ជាច្រើន​រូប។ នៅ​អាមេរិក​វិញ ​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​​សាធារណរដ្ឋ​ បាន​ទាមទារ​រហូត​អោយ​លោក​ឃែររី​ចុះពី​តំណែង​ទៀតផង។ ​​​​​​

​ថ្ងៃ​២៩មេសា​​នេះ ជាថ្ងៃ​ដែលអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន តាម​ធ​ម្មតា​ត្រូវរក​បាន​កិច្ច​ព្រមព្រៀង​​​​​​​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​។ កិច្ចចរចា​រវាង​ភាគី​ទាំង២​ ដែល​ជ្រោមជ្រែង​ដោយ​លោក​ ឃែររី ​អស់​​​​៩ខែ​មកនេះ​ មិនបាន​ផ្តល់​លទ្ធផល​អ្វី​ទេ ​តែ​ត្រូវបាន​ភាគី​ទាំង២​កាត់ផ្តាច់ ឈប់​ចរចា​ទៅវិញ។ មូលហេតុ​​​​​ចុងក្រោយ​ ​និង​ជា​មូលហេតុ​ចំបង​បំផុត​ ​គឺ​ដោយសារ​តែ​ប៉ាឡេស្ទីន​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា​ជាមួយ​ក្រុម​ហាម៉ាស ដើម្បីបង្កើត​រដ្ឋាភិបាលរួបរួម​មួយ ក្នុង​ពេល​ខាងមុខ​ ធ្វើអោយ​អ៊ីស្រាអែល​ព្យួរចោល​កិច្ចចរចា។

យោងតាម​​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ ឈ្មោះថា ​“សន្តិភាព​ឥឡូវនេះ” ក្នុង​រយៈពេល​៩ខែ​មកនេះ អ៊ីស្រអែល​បាន​​គាំទ្រ​គម្រោង​សាងសង់​ ផ្ទះសម្បែង​​ជិត​១ម៉ឺន៤ពាន់ ក្នុង​តំបន់​អាណានិគម​ជនជាតិ​ហ្ស៊ីហ្វ នៅ​ស៊ីសហ្សកដានី និង​ហ្សេរុយសាឡិម​ខាងកើត។ អង្គការ​នេះ​លើកឡើង​ថា ទង្វើ​នេះ បង្ហាញ​ថា​ រដ្ឋាភិបាល​​អ៊ីស្រាអែល​​គ្មាន​ភាពហ្មត់ចត់​ ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប៉ាឡេស្ទីន​ក្នុង​៩ខែ​មកនេះ​ទេ អ៊ីស្រាអែល​ធ្វើគ្រប់​បែបយ៉ាង​ដើម្បី​​​មិនអោយ​សម្រេច​ចេញនូវ​ដំណោះស្រាយ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ