ទាហានហ្សកដានីដែលសម្លាប់ក្មេងស្រីសិស្សសាលាអ៊ីស្រាអែល៧រូប ត្រូវបានដោះលែងពីពន្ធនាគារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៦
ទាហានជនជាតិហ្សកដានីមួយរូប ដែលបានបាញ់សម្លាប់ក្មេងស្រីសិស្សសាលាអ៊ីស្រាអែល៧នាក់ កាលពី២០ឆ្នាំមុន ត្រូវបានអាជ្ញាធរហ្សកដានីដោះលែងពីពន្ធនាគារកាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានជាប់គុក២០ឆ្នាំ ស្របតាមទោសរបស់គាត់។ នៅអ៊ីស្រាអែល សារព័ត៌មាន និងទូរទស្សន៍ បានប្រតិកម្មចុះផ្សាយការដោះលែងទាហានហ្សកដានីរូបនេះ។ គ្រួសារក្មេងៗរងគ្រោះអ៊ីស្រាអែល បានប្រតិកម្មខឺងសម្បារ ខណៈរដ្ឋាភិបាលអ៊ីស្រាអែលហាក់ស្ងប់ស្ងាត់ ចំពោះហេតុការណ៍ដោះលែងទាហានឃាតករហ្សកដានី។
កាលពីថ្ងៃអាទិត្យ អាជ្ញាធរហ្សកដានីបានដោះលែង ទាហានជាតិខ្លួនមួយរូប ឈ្មោះថា អាម៉ាដ ដាកាំសិ Ahmad Dakamseh អាយុ៤៦ឆ្នាំ។ ទាហានរូបនេះ ជាប់ចោទពីបទសម្លាប់ក្មេងស្រីសិស្សសាលាអ៊ីស្រាអែល៧នាក់ និងបង្ករបួសដល់មនុស្ស៥នាក់ កាលពីខែមីនា ឆ្នាំ១៩៩៧ នៅឧទ្យានមួយកន្លែងជាប់ព្រំដែនហ្សកដានី-អ៊ីស្រាអែល។ កាលនោះ សិស្សសាលាអ៊ីស្រាអែលបានធ្វើទស្សនកិច្ចនៅឧទ្យានមួយកន្លែង នៅទីនោះ។ កាលនោះ តុលាការយោធាហ្សកដានីបានកាត់ទោសអោយទាហានដាកាំសិ ជាប់ទោស២០ឆ្នាំក្នុងពន្ធនាគារ។ តុលាការបានលើកឡើងថា គាត់នេះមានបញ្ហាសតិមិនហ្នឹងនរ។
២០ឆ្នាំកន្លងផុតទៅ។ កាលពីថ្ងៃអាទិត្យ ក្រោយចេញពីពន្ធនាគារ ក្បួនរថយន្តជាង១០បានដឺកដង្ហែទាហានដាកាំសិ ទៅកាន់ផ្ទះរបស់គាត់វិញ។ យោងតាមរូបភាពវីដេអូដែលចុះផ្សាយក្នុងបណ្តាញសង្គម ការដោះលែងនេះត្រូវបានគេអបអរគគ្រឹកគគ្រេង ព្រោះគេឃើញទាហានរូបនេះ ថតរូបសែលហ្វ៊ីជាមួយអ្នកជិតស្និទ្ធ និងមនុស្សច្រើននាក់ដែលគាំទ្ររូបគាត់។
សារព័ត៌មាននៅអ៊ីស្រាអែលជាច្រើនបាននាំគ្នាចុះផ្សាយពីការដោះលែងទាហានឃាតករហ្សកដានីដាកាំសិ។ គ្រួសារក្មេងៗរងគ្រោះបានប្រតិកម្មថា ការដោះលែងទាហានរូបនេះមិនបានសងជិវិតកូនស្រីទាំង៧នាក់ ដែលស្លាប់ កាលពី២០ឆ្នាំមុនមកវិញទេ។ គ្រួសារក្មេងៗអ៊ីស្រាអែលដែលរងគ្រោះខ្លះលើកឡើងទៀតថា ដាកាំសិរូបនេះ ក្រោយសម្លាប់ក្មេងស្រីអ៊ីស្រាអែល កាលនោះ ត្រូវបានសភាហ្សកដានីចាត់ទុកថា ជាវីរជនទៀតផង។
គ្រួសារក្មេងស្រីរងគ្រោះអ៊ីស្រាអែលប្រតិកម្មរហូតខឹងសម្បារជាមួយរដ្ឋាភិបាលអ៊ីស្រាអែលទៀតផង ព្រោះកាលពី២០ឆ្នាំមុន ហេតុអ្វីក៏អ៊ីស្រាអែលមិនព្រមស្ទាក់សុំអោយហ្សកដានី អោយដាក់ទោសទាហានឃាតកររូបនេះអោយជាប់គុករហូតដល់អស់ជីវិតតែម្តងទៅ កុំអោយចេញមកវិញបាន? ព្រោះបើទាហាននេះសតិមិនហ្នឹងនរ ច្បាស់ជាអាចមកសម្លាប់ជនជាតិអ៊ីស្រាអែលផ្សេងៗទៀត ថ្ងៃណាមួយទៀតមិនខាន។
ឃាតករហុ្សកដានីសម្លាប់សិស្សសាលាអ៊ីស្រាអែលដល់ទៅ៧នាក់ តែបែរជាចេញពីគុកស្រួលៗ ហើយថែមទាំងទទួលបានការអបអរក្នុងស្រុកហ្សកដានីយ៉ាងព្រងើយទៅវិញ។ មើលទៅ រដ្ឋាភិបាលអ៊ីស្រាអែលខ្លួនឯងវិញទៀត ដូចជាស្ងប់ស្ងាត់មិនប្រតិកម្ម រឺធ្វើអ្វីប្រឆាំងនឹងការដោះលែងឃាតករនេះសោះ។
កាលពី២០ឆ្នាំមុន ទាហានរូបនេះបានលើកឡើងថា បានសម្លាប់ក្មេងៗទាំងនោះដោយសារតែពួកក្មេងៗចំអកអោយគាត់ ពេលគាត់កំពុងធ្វើការបន់ស្រន់។ ការសម្រេចកាត់ទោសអោយគាត់ជាប់គុក២០ឆ្នាំ ដោយលើកឡើងថា គាត់មានសតិមិនស្រួល។ តែបើមើលតាមជាក់ស្តែង ទាហានហ្សកដានីឈ្មោះដាកាំសិនេះ ដូចជាមនុស្សជ្រុលនិយមប្រឆាំងអ៊ីស្រាអែលច្រើនជាង។ ជាក់ស្តែង ទាហានរូបនេះលើកឡើងថា មិនសោកស្តាយនឹងទង្វើរបស់គាត់កាលនោះទេ។
លើសពីនេះទៀត សារព័ត៌មានបាននិយាយជាមួយគាត់ពីករណីដែលអ៊ីស្រាអែលអាចប៉ុនប៉ងធ្វើឃាតរូបគាត់ តែគាត់វិញបែរជាលើកឡើងដូច្នេះថា អ៊ីស្រាអែលជាកាកសំណល់មនុស្ស ហើយកាកសំណល់ទាំងនេះត្រូវតែដុតនិងកប់ចោល។ អាចលើកឡើងរហូតដល់ថ្នាក់នេះ មានន័យថា ទាហានរូបនេះជាជនជ្រុលនិយមប្រឆាំងអ៊ីស្រាអែល ច្រើនជាជាង ជាមនុស្សមានសតិមិនហ្នឹងនរ ដូចដែលបានអះអាងកាលពីពេលកាត់ទោសគាត់២០ឆ្នាំមុននេះ។
ការដែលរដ្ឋាភិបាលអ៊ីស្រាអែលស្ងប់ស្ងាត់ ចំពោះការដោះលែងទាហានឃាតករជនជាតិហ្សកដានី អាចដោយសារអ៊ីស្រាអែលចង់រក្សាទំនាក់ទំនងការទូតកិច្ចសហប្រតិបត្តិការជាមួយហ្សកដានីដែរ ដើម្បីរក្សាស្ថិរភាពក្នុងតំបន់។ គេចាំថា ហេតុការណ៍សម្លាប់ក្មេងស្រីសិស្សសាលាអ៊ីស្រាអែលទាំង៧រូប កាលពីឆ្នាំ១៩៩៧ គឺបានកើតឡើង៣ឆ្នាំប៉ុណ្ណោះក្រោយហ្សកដានីនិងអ៊ីស្រាអែលចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នា។
ព្រះមហាក្សត្រហ៊ូសេន ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញានេះជាមួយហ្សកដានី មានការទើសចិត្តខ្លាំងណាស់ ក្រោយហេតុការណ៍ ទាហានដាកាំសិ បាញ់សម្លាប់ក្មេងៗអ៊ីស្រាអែល។ ស្តេចហ្សកដានីបានផ្អាកទស្សនកិច្ចនៅអឺរ៉ុប និងបានធ្វើដំណើរទៅជួបផ្ទាល់នឹងគ្រួសារក្មេងស្រីៗសិស្សសាលារងគ្រោះ ដល់ទឹកដីអ៊ីស្រាអែលតែម្តង ដើម្បីចូលរួមរំលែកទុក្ខសោកពួកគេ។ ហ្សកដានីបានចេញថ្លៃសងជំងឺចិត្តគ្រួសារក្មេងៗរងគ្រោះទាំងនេះ។ អ៊ីស្រាអែលប្រហែលមិនអាចភ្លេចនូវទង្វើរបស់អតីតព្រះមហាក្សត្រហ្សកដានីដ៏ធំធេងមួយអង្គនេះទេ។
ពិសេសទៀត ត្បិតថា បច្ចុប្បន្ន ហ្សកដានីមិនពេញចិត្តនឹងអាណានិគមអ៊ីស្រាអែលនៅប៉ាឡេស្ទីន ក៏អាជ្ញាធរហ្សកដានីនិងអ៊ីស្រាអែលសហការគ្នាស្អិតរមួត ផ្តោះប្តូរព័ត៌មានគ្នាទៅវិញទៅមក ជាព័ត៌មានទាក់ទងនឹងក្រុមភេរវជនផ្សេងៗ ក្នុងនោះមានក្រុមភេរវជនរដ្ឋអ៊ីស្លាមផងដែរ។ ពេលខ្លះ ហ្សកដានីថែមទាំងជួយអ៊ីស្រាអែលក្នុងទំនាក់ទំនងជាមួយប្រទេសផ្សេងៗដែលស្អប់អ៊ីស្រាអែលទៀតផង។
អ៊ីស្រាអែលមិនអាចភ្លេចទង្វើល្អរបស់ហ្សកដានីចំពោះខ្លួនទេ ហើយរឹតតែមិនអាចទៅបង្កកំហឹង រឺធ្វើអ្វីហួសហេតុ ដោយសារតែទាហានហ្សកដានីរូបនោះ ត្រូវបានដោះលែងដែរ។ មុននឹងចេញពីគុក ទាហានរូបនេះបានជាប់ពន្ធនាគារ២០ឆ្នាំហើយដែរ។ ទាហានឃាតករសម្លាប់ក្មេងស្រីសិស្សសាលាអ៊ីស្រាអែល ជាជនជ្រុលនិយមមួយរូបប្រឆាំងអ៊ីស្រាអែល ហើយអ្នកដែលអបអរនឹងការដោះលែងទាហានរូបនេះ ក៏ជាអ្នកដែលស្អប់អ៊ីស្រាអែល។ អ៊ីស្រាអែលមិនអាចទៅដោះស្រាយរឿង ជ្រុលនិយមក្នុងស្រុកហ្សកដានី បានគ្រប់សព្វទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ