អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទាហាន​ហ្សកដានី​ដែល​​សម្លាប់​ក្មេងស្រី​សិស្សសាលា​​អ៊ីស្រាអែល​៧រូប ត្រូវបាន​​​ដោះលែង​​​​​​​ពី​ពន្ធនាគារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទាហាន​ជនជាតិ​ហ្សកដានី​មួយរូប ដែល​បាន​បាញ់​សម្លាប់​ក្មេងស្រី​​សិស្សសាលា​អ៊ីស្រាអែល​៧នាក់​ កាលពី​២០ឆ្នាំមុន ត្រូវបាន​អាជ្ញាធរ​ហ្សកដានី​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពីគាត់​​បាន​ជាប់គុក​​២០ឆ្នាំ​ ស្របតាម​ទោស​របស់​គាត់។ នៅ​អ៊ីស្រាអែល សារព័ត៌មាន និង​​ទូរទស្សន៍ ​បាន​ប្រតិកម្ម​ចុះផ្សាយ​ការដោះលែង​ទាហានហ្សកដានី​រូបនេះ។ ​​គ្រួសារ​ក្មេងៗ​​រងគ្រោះ​អ៊ីស្រាអែល​​​​ បាន​​ប្រតិកម្ម​ខឺងសម្បារ​​ ខណៈ​រដ្ឋាភិបាល​អ៊ីស្រាអែល​​ហាក់​​​​ស្ងប់ស្ងាត់ ចំពោះ​ហេតុការណ៍​ដោះលែង​ទាហាន​ឃាតករ​ហ្សកដានី​។ ​

ទាហាន​ហ្សកដានី Ahmad Dakamseh ក្នុង​ពេល​កាត់ទោស​ឆ្នាំ១៩៩៧
ទាហាន​ហ្សកដានី Ahmad Dakamseh ក្នុង​ពេល​កាត់ទោស​ឆ្នាំ១៩៩៧ JAMAL NASRALLAH / AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃអាទិត្យ​ ​អាជ្ញាធរ​​ហ្សកដានី​បាន​ដោះលែង​ ទាហាន​ជាតិ​ខ្លួន​មួយរូប ឈ្មោះថា អាម៉ាដ ដាកាំសិ Ahmad Dakamseh អាយុ​៤៦ឆ្នាំ។ ទាហាន​រូបនេះ ជាប់ចោទ​ពី​បទ​សម្លាប់​ក្មេងស្រី​សិស្សសាលា​អ៊ីស្រាអែល​​៧នាក់​ និង​បង្ក​របួស​ដល់​មនុស្ស​៥នាក់ កាលពី​ខែមីនា ឆ្នាំ១៩៩៧ ​នៅ​ឧទ្យាន​មួយ​កន្លែង​ជាប់​ព្រំដែន​​ហ្សកដានី-អ៊ីស្រាអែល។ កាលនោះ សិស្ស​សាលា​​អ៊ីស្រាអែល​​​​បាន​ធ្វើទស្សនកិច្ច​នៅ​​ឧទ្យាន​​មួយកន្លែង​ នៅ​ទីនោះ។ កាលនោះ ​​តុលាការ​​យោធា​​ហ្សកដានី​បាន​កាត់ទោស​អោយ​ទាហាន​ដាកាំសិ​ ​ជាប់​ទោស​​២០ឆ្នាំក្នុង​ពន្ធនាគារ។ តុលាការ​​​​បានលើកឡើង​ថា គាត់នេះ​មានបញ្ហា​​សតិ​មិនហ្នឹងនរ។ ​

២០ឆ្នាំ​កន្លង​ផុតទៅ។ ​កាលពី​ថ្ងៃអាទិត្យ ​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ ​ក្បួនរថយន្ត​ជាង​១០​បានដឺកដង្ហែ​​ទាហាន​ដាកាំសិ ទៅ​កាន់​ផ្ទះ​របស់គាត់វិញ។ យោងតាមរូបភាព​​វីដេអូ​ដែល​ចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម​ ការដោះលែង​នេះ​ត្រូវបាន​គេ​អបអរ​គគ្រឹកគគ្រេង ព្រោះ​គេឃើញ​ទាហាន​រូបនេះ​ ថតរូប​សែលហ្វ៊ី​ជាមួយ​​​​អ្នកជិតស្និទ្ធ ​និង​មនុស្ស​ច្រើននាក់​ដែល​​គាំទ្រ​រូបគាត់។

សារព័ត៌មាន​នៅ​អ៊ីស្រាអែល​ជាច្រើន​បាននាំគ្នា​ចុះផ្សាយ​ពី​ការដោះលែង​ទាហាន​ឃាតករ​ហ្សកដានី​ដាកាំសិ។ គ្រួសារ​ក្មេងៗ​​រងគ្រោះ​បានប្រតិកម្ម​​​ថា ការដោះលែង​ទាហាន​រូបនេះ​មិនបាន​សង​ជិវិត​​កូនស្រីទាំង​៧​នាក់ ​ដែល​ស្លាប់ ​​កាលពី​២០ឆ្នាំ​មុន​មកវិញ​ទេ។ គ្រួសារ​ក្មេងៗ​​អ៊ីស្រាអែ​ល​ដែល​រងគ្រោះ​ខ្លះ​លើកឡើងទៀត​ថា ដាកាំសិ​រូបនេះ​ ក្រោយ​សម្លាប់​ក្មេងស្រី​អ៊ីស្រាអែល កាលនោះ​​ ​​​ត្រូវបាន​សភា​ហ្សកដានី​ចាត់ទុកថា​ ជា​វីរជន​ទៀតផង។

គ្រួសារក្មេងស្រី​រងគ្រោះ​អ៊ីស្រាអែល​​​ប្រតិកម្ម​​រហូត​​ខឹង​សម្បារ​ជាមួយ​​​​រដ្ឋាភិបាល​អ៊ីស្រាអែល​​​ទៀតផង ព្រោះ​​កាលពី​២០ឆ្នាំ​មុន ហេតុអ្វី​ក៏​អ៊ីស្រាអែល​​មិនព្រម​ស្ទាក់​សុំអោយ​ហ្សកដានី​ អោយ​ដាក់ទោស​​​​ទាហាន​ឃាតករ​​រូបនេះ​អោយ​ជាប់គុក​រហូត​ដល់​អស់​ជីវិត​តែម្តងទៅ កុំអោយ​ចេញ​មកវិញបាន? ព្រោះ​បើ​ទាហាន​នេះ​សតិ​មិនហ្នឹងនរ ច្បាស់​ជា​អាច​មកសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ផ្សេងៗទៀត​ ថ្ងៃណា​មួយទៀត​មិនខាន។

​​ឃាតករ​ហុ្សកដានី​​សម្លាប់​សិស្សសាលា​​​អ៊ីស្រាអែល​​ដល់ទៅ​៧នាក់ តែ​បែរ​ជា​ចេញ​ពី​គុក​ស្រួលៗ ហើយ​ថែមទាំង​ទទួលបាន​ការ​អបអរ​ក្នុង​ស្រុក​ហ្សកដានី​យ៉ាង​ព្រងើយ​ទៅវិញ។ ​​មើល​ទៅ ​​រដ្ឋាភិបាល​អ៊ីស្រាអែល​ខ្លួនឯង​វិញទៀត ​ដូច​ជា​ស្ងប់ស្ងាត់​មិន​​ប្រតិកម្ម​ រឺ​ធ្វើអ្វីប្រឆាំង​​នឹង​ការដោះលែង​ឃាតករ​នេះសោះ។ ​

កាលពី​២០ឆ្នាំមុន ទាហាន​រូបនេះ​បាន​លើកឡើង​ថា​ បានសម្លាប់​ក្មេងៗទាំងនោះ​ដោយសារ​តែ​ពួក​ក្មេងៗ​​ចំអក​អោយ​​​គាត់ ​ពេល​​​គាត់​កំពុង​ធ្វើការ​បន់ស្រន់។ ការសម្រេច​កាត់ទោស​អោយ​គាត់​ជាប់គុក​២០ឆ្នាំ ដោយ​លើកឡើង​ថា គាត់​មា​នសតិ​មិនស្រួល។ តែ​បើ​មើលតាម​ជាក់ស្តែង ទាហាន​ហ្សកដានី​ឈ្មោះ​​ដាកាំសិ​នេះ​ ដូចជា​មនុស្ស​ជ្រុលនិយម​ប្រឆាំង​អ៊ីស្រាអែល​ច្រើនជាង។ ជាក់ស្តែង ​ទាហាន​រូបនេះ​លើកឡើង​ថា មិនសោកស្តាយ​នឹង​ទង្វើ​របស់​គាត់​កាលនោះ​ទេ។ ​

លើសពី​នេះ​ទៀត ​សារព័ត៌មានបាន​និយាយ​ជាមួយ​គាត់ពី​ករណី​ដែល​​អ៊ីស្រាអែលអាច​​ប៉ុនប៉ង​ធ្វើឃាត​​រូបគាត់ តែ​គាត់​វិញ​បែរ​ជា​លើកឡើងដូច្នេះ​​​​ថា ​អ៊ីស្រាអែល​ជា​កាកសំណល់​មនុស្ស ហើយ​កាកសំណល់​ទាំងនេះ​ត្រូវតែ​ដុត​និង​កប់ចោល។ អាច​លើកឡើង​រហូត​ដល់​ថ្នាក់នេះ មានន័យថា ទាហាន​​រូបនេះ​ជា​ជនជ្រុលនិយម​ប្រឆាំង​អ៊ីស្រាអែល​ ច្រើនជាជាង​ ជា​មនុស្ស​មាន​សតិ​មិនហ្នឹងនរ ដូច​ដែល​បាន​អះអាង​កាលពី​ពេល​កាត់ទោស​គាត់​២០ឆ្នាំ​មុននេះ។

​ការដែល​​រដ្ឋាភិបាល​អ៊ីស្រាអែល​ស្ងប់ស្ងាត់ ​ចំពោះ​ការដោះលែង​ទាហាន​ឃាតករ​ជនជាតិ​ហ្សកដានី អាច​ដោយសារ​អ៊ីស្រាអែល​ចង់​​រក្សា​ទំនាក់ទំនង​ការទូត​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​​ហ្សកដានីដែរ ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់។ ​គេ​ចាំ​ថា​ ហេតុការណ៍​សម្លាប់​ក្មេងស្រី​សិស្ស​សាលា​អ៊ីស្រាអែលទាំង​៧រូប កាលពី​ឆ្នាំ​១៩៩៧ គឺបាន​កើតឡើង​៣ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ហ្សកដានី​និង​អ៊ីស្រាអែល​​​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយគ្នា។

ព្រះមហាក្សត្រ​ហ៊ូសេន ដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះជាមួយ​ហ្សកដានី មាន​ការ​ទើសចិត្ត​​​ខ្លាំងណាស់​ ក្រោយ​​ហេតុការណ៍​​ ទាហាន​ដាកាំសិ ​​​​​​​​បាញ់​សម្លាប់ក្មេងៗ​អ៊ីស្រាអែល​។ ស្តេច​ហ្សកដានី​​បាន​ផ្អាក​ទស្សនកិច្ច​នៅ​អឺរ៉ុប និង​បាន​ធ្វើដំណើរ​ទៅ​ជួបផ្ទាល់​នឹង​​​គ្រួសារ​ក្មេងស្រី​ៗ​សិស្សសាលា​រងគ្រោះ​ ​​ដល់​ទឹកដី​អ៊ីស្រាអែល​តែ​ម្តង ដើម្បី​ចូលរួម​រំលែកទុក្ខសោក​ពួកគេ។ ហ្សកដានី​​​​បានចេញ​ថ្លៃ​សង​ជំងឺចិត្ត​គ្រួសារក្មេងៗ​រងគ្រោះទាំងនេះ។ អ៊ីស្រាអែល​ប្រហែល​មិន​អាច​​ភ្លេច​នូវ​ទង្វើ​របស់អតីត​​ព្រះមហាក្សត្រ​ហ្សកដានី​ដ៏​ធំធេង​មួយអង្គ​នេះ​​ទេ។

ពិសេស​ទៀត ត្បិតថា បច្ចុប្បន្ន​ ហ្សកដានី​មិនពេញចិត្ត​នឹង​អាណានិគម​អ៊ីស្រាអែល​នៅ​ប៉ាឡេស្ទីន​​ ក៏​អាជ្ញាធរ​ហ្សកដានី​និង​អ៊ីស្រាអែល​សហការគ្នា​ស្អិតរមួត ផ្តោះប្តូរ​ព័ត៌មាន​គ្នាទៅវិញទៅមក ជាព័ត៌មាន​ទាក់ទង​នឹង​ក្រុមភេរវជន​ផ្សេងៗ ក្នុងនោះ​មាន​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​ផងដែរ។ ពេលខ្លះ ​​ហ្សកដានី​ថែមទាំង​ជួយអ៊ីស្រាអែល​​ក្នុង​​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗដែល​ស្អប់​អ៊ីស្រាអែល​ទៀតផង។

អ៊ីស្រាអែល​មិនអាច​ភ្លេច​ទង្វើ​ល្អ​របស់​ហ្សកដានីចំពោះ​ខ្លួន​​ទេ ហើយ​រឹតតែ​មិនអាច​ទៅ​បង្ក​កំហឹង​ រឺធ្វើអ្វី​ហួសហេតុ ដោយសារ​តែ​ទាហាន​ហ្សកដានី​​រូបនោះ ត្រូវបាន​ដោះលែង​ដែរ។ មុន​នឹង​ចេញ​ពីគុក​ ទាហាន​រូបនេះ​បានជាប់​ពន្ធនាគារ២០ឆ្នាំ​ហើយដែរ។ ​ទាហាន​ឃាតករ​សម្លាប់​ក្មេងស្រីសិស្សសាលា​អ៊ីស្រាអែល ជា​ជន​​ជ្រុលនិយម​មួយរូប​ប្រឆាំង​អ៊ីស្រាអែល ហើយ​អ្នកដែល​អបអរ​នឹង​ការ​ដោះលែង​ទាហាន​រូប​នេះ ក៏​ជាអ្នក​ដែល​ស្អប់​អ៊ីស្រាអែល។ អ៊ីស្រាអែលមិនអាច​ទៅ​ដោះស្រាយ​រឿង ជ្រុលនិយម​​ក្នុង​ស្រុក​ហ្សកដានី​ ​​បាន​គ្រប់សព្វ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ