អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន​

ឃាតកម្ម​អ្នកកាសែត​រុស្ស៊ី​​ដែល​បស្ចិមលោក​និយម​ នៅចំ​កណ្តាល​ក្រុងគៀវ​

អ្នកកាសែត​រុស្ស៊ី​​ដែលបស្ចិមលោក​និយម​​ ដ៏ល្បីល្បាញ ស្រាប់តែធ្លាក់​ខ្លួនស្លាប់​ ថ្ងៃ ពុធ២០​កក្កដា​ ក្នុងរថយន្ត​ដែលមាន​រូបគាត់​ជាអ្នក​កាច់ចង្កូត​ បណ្តាល​មកពី​ការផ្ទុះ​នៃ​គ្រាប់បែក​ ដែលមាន​លាក់ទុក​នៅពីក្រោម​កន្លែង​ដែលគាត់​អង្គុយ​បើកបរ ​ផ្ទុះនោះ​នៅចំ​កណ្តាល​ក្រុងគៀវ​ រដ្ឋធានី​អ៊ុយក្រែន - ប្រទេសដែល​ជាងពីរឆ្នាំ​មកហើយ​ បន្ត​ឆ្លងកាត់​ វិបត្តិ​នយោបាយ​លង់ជ្រៅ។​ កាលនៅរស់​ អ្នកកាសែត​នេះ​មិនញញើត​នឹង​ទិតៀន​ ទាំង​ប្រធានាធិបតីរុស្ស៊ី​ ទាំង​ប្រធានាធិបតី​អ៊ុយក្រែន ទាំង​ប្រធានាធិបតី​បេឡារុស។​  

អ្នកសារព័ត៌មាន​រុស្ស៊ី Pavel Sheremet កាលពី​នៅរស់
អ្នកសារព័ត៌មាន​រុស្ស៊ី Pavel Sheremet កាលពី​នៅរស់ Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែត​រុស្ស៊ីនេះ​ គឺលោក​ Pavel Sheremet​ មានដើម​កំណើតពី​​បេឡារុស​ ប៉ុន្តែ​ បានកាន់​លិខិតឆ្លងដែន​ជាពលរដ្ឋ​សហព័ន្ធរុស្ស៊ី​ ហើយប៉ុន្មានឆ្នាំ​ចុងក្រោយ​ រស់នៅ​ក្នុងប្រទេស​ អ៊ុយក្រែន​ ដោយតាមរយៈ​បទអត្ថាធិប្បាយខ្លួន​ តែងទិតៀន​ក្រុងម៉ូស្គូ​ ចំពោះ​ ការភ្ជាប់​យកទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន។ នៅ​អ៊ុយក្រែន​ គាត់បាន​ធ្វើការ​ឲ្យវែបសៃ​ដែល​មាន​ឥទ្ធិពល​ ក្រោម​​ឈ្មោះថា​Ukrainska Pravda និង​ដឹកនាំកម្មវិធី​របស់​វិទ្យុជាតិ​អ៊ុយក្រែន Vesti។​

ថ្ងៃ២០កក្កដា​ ពេលដែល​​រថយន្តបើក​​ដោយ​អ្នកកាសែត​​ឯករាជ្យនេះ​ ​សំដៅទៅ​កាន់​ស្ថានីយវិទ្យុ​​នោះ ឈប់នៅត្រង់​ភ្លើងស្តុប​ វាស្រាប់តែ​ផ្ទុះគ្ឌាំង ​ហើយឆេះ​តែម្តង​ ផ្តាច់ជីវិត​គាត់នៅ​នឹងកន្លែង។​ ពេលស្លាប់នោះ​ គាត់មាន​អាយុទើប​៤៤ឆ្នាំ។​ ចំណែក​រថយន្តដែល​គាត់បើកនោះ​ ជារបស់​សហ​ការិនី​ជាតិ​អ៊ុយក្រែន​ ដែលក៏ជា​ប្រពន្ធគាត់​រស់នៅ​ជាមួយគ្នា​ដោយ​ឥតរៀបការ​ជាផ្លូវការ​ទេ។​

សមត្ថកិច្ច​ដែលបាន​ពិនិត្យមើល​កម្រិតឆេះ​ខ្ទេចខ្ទាំ​នៃ​រថយន្តផ្ទាល់​ បានធ្វើការ​ប៉ាន់ស្មាន​ ត្រួសៗ​ថា គ្រាប់បែក​ដែលមាន​លាក់ទុក​នៅខាងក្រោម​កន្លែង​អ្នកបើកបរ​ហើយបញ្ជា​ឲ្យវា​ ផ្ទុះ​ពីចម្ងាយ ​មានកម្លាំងផ្ទុះ​ស្មើនឹង​ធាតុTNT ពី ៤០០ទៅ៦០០ក្រាម។​

កាលរស់នៅ​បេឡារុស​ អ្នកកាសែត​Sheremet បានក្លាយជា​គូប្រឆាំង​របស់​ប្រធានាធិបតី​ Lukashenko​ ដែល​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ១៩៩៤​មក​ ដោយចាត់ទុក​ការគ្រប់គ្រង​នៃ មេដឹកនាំ​រូបនេះ​ថា​ផ្តាច់ការ។​

លុះនៅ​ឆ្នាំ២០០០​ គាត់បាន​ទទួលសញ្ជាតិ​ជា​ពលរដ្ឋរុស្ស៊ី​ ហើយបាន​ធ្វើការ​ជាអ្នក​ឆ្លើយឆ្លង របស់​កាណាល់​ទូរទស្សន៍​រដ្ឋ” ប៉ុស្តលេខ-១”។​ ក្នុងឆ្នាំ២០១៤​ គាត់បាន​ដកខ្លួន​ឈប់ធ្វើការ​នៅ ទូរទស្សន៍​រុស្ស៊ី។ គាត់ក្លាយជា​មិត្តដ៏ជំនិតម្នាក់​របស់​មេប្រឆាំង គឺលោក​ Boris Niemtsov​ ដែល​​ត្រូវបាន​គេលួច​បាញ់សម្លាប់​នៅ​ក្បែរវិមាន​ក្រេមឡាំង​តែម្តង។ ​

បន្ទាប់មក​ គាត់បាន​ឆ្លងទៅ​រស់នៅ​អ៊ុយក្រែន​ ហើយ​ទិតៀន​ រុស្ស៊ី​ចំពោះការ​ភ្ជាប់យក​ទឹកដី​គ្រីមេ​របស់អ៊ុយក្រែន​ កាលពីខែ​មិនា​ឆ្នាំ២០១៤។​

នៅអ៊ុយក្រែន​ អ្នកកាសែត​រុស្ស៊ី​ ដែល​បស្ចិមលោក​និយម​នោះ បាន​ទិតៀនលោក​ប្រធានាធិបតី​ ប៉េត្រូ ប៉ូរ៉ូឆេនកូ​ ចំពោះ​ការបណ្តោយ​ ឲ្យអំពើ​ពុករលួយ​រីកស្គុះស្គាយ​ក្នុង​ប្រទេស។ ​ចំណែក​លោក ប៉ូរ៉ូឆេនកូ ថែមទាំង​បានសុំ ​FBI អាមេរិកាំង​ ឲ្យជួយ​ធ្វើអង្កេត​ លុះវែក​មុខរក​ឃាតករ​ឲ្យទាល់តែ​ឃើញ។​

វិមានក្រេមឡាំង​​បានសំដែងនូវ​ “ ក្តីកង្វល់មែនទែន “​ ចំពោះឃាតកម្ម​ពលរដ្ឋរុស្ស៊ី​ ហើយ​រំពឹង​ ថា​ ការស៊ើប​អង្កេតអំពី​ឃាតកម្មនេះ​ នឹងប្រព្រឹត្តទៅ​ដោយសច្ចៈ​ មិនលំអៀង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ