លោកកឹមសុខា ស្តាប់កង្វល់របស់ប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃ ពីការជំទាស់នឹងជនភៀសខ្លួនអូស្ត្រាលី
អនុប្រធានទី១រដ្ឋសភា លោកកឹមសុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានទទួលជួបប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជន ដើម្បីស្តាប់កង្វល់លើការជំទាស់នឹងកិច្ចព្រមព្រៀងបញ្ជូន និងទទួលជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី ចូលមករស់នៅកម្ពុជា។ តាមលោកកឹមសុខា គណបក្សប្រឆាំងរបស់លោក មិនគាំទ្រនឹងនយោបាយយករួចខ្លួនរបស់អូស្ត្រាលីលើបញ្ហាជនភៀសខ្លួននេះទេ។ លោកកឹមសុខា នឹងជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី នៅរសៀលថ្ងៃអង្គារនេះ ដើម្បីបង្ហាញពីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាជនភៀសខ្លួន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤០
ដោយសារតែរដ្ឋសភា មិនទទួលយកញត្តិតវ៉ាលើបញ្ហាជនភៀសខ្លួន កាលពីចុងសប្តាហ៍មុន ទើបនៅព្រឹកថ្ងៃអង្គារ ទី២១តុលានេះ លោកកឹមសុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋមានបញ្ហាដីធ្លី ព្រះសង្ឃ និងយុវជន។
ក្នុងកិច្ចប្រជុំប្រហែល ១ ម៉ោង នៅរដ្ឋសភា តំណាងប្រជាពលរដ្ឋមានបញ្ហាដីធ្លី មកពីបុរីកីឡា និងបឹងកក់ ជាដើម បានលើកឡើងថា ពួកគាត់មានបញ្ហាដីធ្លី ដែល មិនទាន់ដោះស្រាយនៅឡើយ ហើយបើរដ្ឋាភិបាលកម្ពុជាថា ការទទួលយកជនភៀសខ្លួនពីអូស្ត្រាលី ជាបញ្ហាមនុស្សធម៌នោះ គឺរដ្ឋាភិបាល គួរតែគិតដល់ប្រជាពលរដ្ឋកម្ពុជា ដែលមិនមានដីផ្ទះ ហើយស្នាក់នៅជិតគំនរសំរាមនៅឡើយ។ នេះជារឿងមនុស្សធម៌ ដែលរដ្ឋាភិបាល ត្រូវគិតមុនគេ។
ដោយឡែកតំណាងព្រះសង្ឃ និងក្រុមយុវជន បានលើកឡើងពីបញ្ហាមិនមានការងារធ្វើ ដែលមានអត្រាខ្ពស់ នៅពេលសព្វថ្ងៃ។ ដូច្នេះបើរដ្ឋាភិបាល ទទួលយកជនភៀសខ្លួនពីអូស្ត្រាលី មករស់នៅកម្ពុជា នោះគ្រាន់តែជាបន្ទុកបន្ថែមទៀតប៉ុណ្ណោះ។
លោក កឹម សុខា បានគាំទ្រកង្វល់ ដែលលោកថា ជាកង្វល់ពិតរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនខាងលើ។ លោកកឹមមសុខា អះអាងថា នឹងយកកង្វល់ទាំងនោះ ជូនទៅរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។ តាមទស្សនៈរបស់លោកកឹមសុខា រដ្ឋាភិបាលអូស្ត្រាលី មានបញ្ហាជនភៀសខ្លួន ហើយបញ្ហាជនភៀសខ្លួន ជាប្រធានបទឃោសនាបោះឆ្នោតនៅអូស្ត្រាលី។ ដូច្នេះលោក មិនគាំទ្រនូវនយោបាយយករួចខ្លួនរបស់អូស្ត្រាលីនេះទេ។
លោកកឹមសុខា ក៏បានលើកឡើងថា កម្ពុជា ក៏មិនជាប់កាតព្វកិច្ចអនុវត្តកិច្ចព្រមព្រៀង ស្តីពីជនភៀសខ្លួន ដែលកម្ពុជាជាហត្ថលេខីនោះទេ ព្រោះជនភៀសខ្លួននៅអូស្ត្រាលីនោះ មិនមែនមកសុំជ្រកកោននៅកម្ពុជានោះទេ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជា មិនទាន់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលប្រៀបដូចជាកូនចៅក្នុងផ្ទះ មិនទាន់មានបាយហូប និងផ្ទះដេកគ្រប់គ្រាន់នៅឡើយនោះ។
លោកកឹមសុខា ត្រូវជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា នៅរសៀលម៉ោង ៣ ថ្ងៃអង្គារនេះ ដើម្បីនិយាយពីបញ្ហាជនភៀសខ្លួន។
នៅក្រៅកិច្ចប្រជុំអាស៊ីអឺរ៉ុប នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៧តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបលោកស្រី ជូលី ប៊ីស៊ប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ នោះគឺរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី អះអាងថា នៅតែបន្តអនុវត្តកិច្ចព្រមព្រៀង ថ្ងៃ២៦កញ្ញា ក្នុងការបញ្ជូន និងទទួលជនភៀសខ្លួន ពីប្រទេសអូស្ត្រាលី មករស់នៅកម្ពុជា។ តែត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត។
នៅថ្ងៃអង្គារនេះ លោកកឹមសុខា បានព្រមានថា បើសិនជារដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី នៅតែធ្វើដូច្នេះមែននោះ លោកអាចស្នើឲ្យរដ្ឋសភា ពិភាក្សាដេញដោល និងពិចារណាលើបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ