អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-ស៊ីរី

អាមេរិក​​និង​​រុស្ស៊ី​​បន្ត​​ចរចាគ្នា​រឿង​ស៊ីរី​ មិនទាន់​​មាន​​កិច្ចព្រមព្រៀង​​អ្វី​នៅឡើយ​

ជំនួប​ពិភាក្សា​រវាង​ប្រមុខការទូត​អាមេរិក និង​ប្រមុខការទូត​រុស្ស៊ី ​នៅ​ក្រុងហ្សឺណែវ ​ថ្ងៃសុក្រ​ម្សិលមិញ មិនបាន​ផ្តល់​លទ្ធផល រឺ​កិច្ចព្រមព្រៀងអ្វី​ទេ ទាក់ទង​នឹង​កិច្ចសហ​ប្រតិបត្តិការ​យោធា រឺ​ក៏​ការ​បញ្ចប់​​ជម្លោះ​ស៊ីរី។ ភាគី​ទាំង២​បន្តការចរចា​គ្នា​ទៀត ដើម្បី​ដោះស្រាយ​​ភាព​មិនចុះសម្រុង​គ្នា។ 

លោក​ឃែររី និង​លោក​ឡាវ្រូវ នៅ​ក្រុងហ្សឺណែវ ថ្ងៃ២៦សីហា​ម្សិលមិញ
លោក​ឃែររី និង​លោក​ឡាវ្រូវ នៅ​ក្រុងហ្សឺណែវ ថ្ងៃ២៦សីហា​ម្សិលមិញ Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួប​ម្សិលមិញ ទាំង​ប្រមុខការ​ទូត​អាមេរិក ចន ឃែររី ទាំង​ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រូវ ​មិនបាន​លើកឡើង​ពី​ប្រធានបទទាក់ទង​នឹង​ការ​កាន់​​អំណាច​របស់​លោក​អាសាដ​ទេ​ ដើម្បី​ចៀស​​​ភាពតានតឹង​នឹងគ្នា។ តែ​ភាគី​ទាំង​២ក៏នៅតែ​មិនអាច​ចុះសម្រុង​គ្នា ហើយ​ក៏​មិនបាន​សម្រេច​ចេញ​កិច្ច​ព្រមព្រៀង​​អ្វី​ដែរ។​ ​

ការ​មិនចុះសម្រុងគ្នា​ ដោយសារ​តែ​អាមេរិក​ទាមទារ​​អោយ​យន្តហោះ​កងទ័ព​លោក​អាសាដ ផ្អាក​សកម្មភាព ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ដល់​ក្រុមឧទ្ទាម​និន្នាការ​កណ្តាល ដែល​​អាមេរិក​ បារាំង និង​អង់គ្លេស​គាំទ្រ។ តែ​រុស្ស៊ីថា ​វិធានការ​នេះ មិនមែន​ជា​ទិសដៅ​នៃ​កិច្ចព្រមព្រៀង​​ចំពោះ​ស៊ីរី​ទេ។
ចំណុច​មួយទៀត គឺ​ថា កងទ័ព​ស៊ីរី​បាន​វាយ​យក​​ក្រុងដារ៉ាយ៉ា ភាគនិរតី​ក្រុងដាម៉ាស បាន​មកវិញ ហើយបាន​ព្រមព្រៀង​ជាមួយ​ក្រុមឧទ្ទាម ជម្លៀស​ជនស៊ីវិល​និង​ក្រុមឧទ្ទាម​ចេញ​ពី​ក្រុងនេះ។ ក្រុមឧទ្ទាម​កំពុង​នាំគ្នា​ចាកចេញពី​ក្រុងដារ៉ាយ៉។ រុស្ស៊ី​យល់ថា ​កិច្ចព្រមព្រៀង​​រវាង​កងទ័ព​និង​ក្រុមឧទ្ទាម​ជា​កិច្ចព្រមព្រៀង​គំរូ។ តែ​អាមេរិកវិញ​​យល់ថា កងទ័ព​បាន​បង្ខំ​អោយ​ក្រុមឧទ្ទាម​ចុះចាញ់​ ​រំលោភលើ​បទឈប់បាញ់​ ខែ​កុម្ភៈ។

អាមេរិក​និង​រុស្ស៊ី​​​ចរចា​គ្នាលើ​វិបត្តិ​​ស៊ីរី​​ តាំងពី​ខែ​កក្កដា។ ​ការ​ពិភាក្សា​​ជួប​ភាព​ស្មុគស្មាញ ដោយសារ​តែ​កងទ័ព​លោក​អាសាដ បាន​វាយប្រហារ​ជាថ្មី​លើ​ក្រុមប្រឆាំង ហើយ​នៅ​ខាងត្បូង​ក្រុង​អាឡិប​ឯណោះវិញ ​​ក្រុមឧទ្ទាម​​​ដែលរួមដៃ​ជាមួយ​ក្រុមជីហាត ហ្វាតេ អាល់ ឆាំ ​បាន​បើកការ​វាយលុក​ខ្លាំងក្លា ​​ទៅលើ​កងទ័ព​វិញ។ ក្រុមជីហាត​ហ្វាតេ អាល់ ឆាំ ជា​អតីត​ក្រុម​អាល់ ណូស្រា ដែល​​បាន​​ផ្តាច់ខ្លួន​ចេញ​ពី​ក្រុមអាល់កៃដា។

ប៉ុន្មានថ្ងៃ​ខាងមុខ​នេះ ​ក្រុមបច្ចេកទេស​រុស្ស៊ី និង​អាមេរិក​ ​នឹង​​រកមធ្យោ​បាយ​​​ដើម្បី​បែងចែក​អោយ​ដាច់​ស្រឡះ​ រវាងក្រុមជីហាត និង​​ក្រុមឧទ្ទាម​ដែល​អាមេរិក​ និង​ប្រទេស​ឈូងសមុទ្រ​ពែរស៍​គាំទ្រ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ