អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

វិសាលភាព​នៃ​ដែន​អនុវត្ត​ក្រមព្រហ្មទណ្ឌ​​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​​ នៅទូទាំង​ប្រទេស​ កាល​ពីថ្ងៃ​​ខែ​ធ្នូ ២០១០។ តើ​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អាច​ត្រូវ​អនុវត្ត​ចំពោះ​អំពើ​ល្មើស ដែល​បាន​ប្រព្រឹត្ត​ចាប់ពីពេលណា? តើ​ មាន​វិសាលភាព​នៃ​ដែន​អនុវត្ត​ក្រមនេះ គ្របដណ្តប់​ចំពោះ​អំពើ​ល្មើស ដែល​ប្រព្រឹត្ត​ឡើង​នៅ​កន្លែងណា​ខ្លះ?​ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ដែនអនុវត្ត​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

សំណួរ-​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ តាំង​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ២០០៩​ម៉្លេះ។ ហេតុអ្វី​ទើ​ប​នឹង​ចាប់​ផ្តើម​អនុវត្ត​ នៅពេលនេះ?

ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មី​របស់​កម្ពុជា បាន​ចូល​ជា​ធរមាន​តាំង​ពី​មួយ​ឆ្នាំ​កន្លង​ទៅហើយ ក៏ប៉ុន្តែ ក្រមនេះ​នៅមិនទាន់​​អាច​យក​ទៅ​អនុវត្ត​បាន ដោយហេតុថា នៅ​​មាត្រា​ចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែង​តែ​បទប្បញ្ញត្តិ​ទូទៅ ដែល​ត្រូវ​យក​មក​អនុវត្ត​ភ្លាម បទប្បញ្ញត្តិ​ដទៃទៀត​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​រយៈពេល ១ឆ្នាំ ក្រោយ​ការ​ចូលជាធរមាន​នៃ​ក្រមនេះ”។

ក្រោយ​ពី​បាន​ចុះផ្សាយ​នៅ​ក្នុង​រាជកិច្ច ក្រមព្រហ្មទណ្ឌ​ថ្មី​ត្រូវ​ចូលជាធរមាន នៅភ្នំពេញ នៅថ្ងៃ​ទី​១១ ធ្នូ ២០០៩ និង​ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត នៅ​ថ្ងៃ​ទី​២១ ធ្នូ ២០០៩ (១០​ថ្ងៃក្រោយ​ពី​ចូលជាធរមាន​នៅ​ភ្នំពេញ)។ ១ឆ្នាំ​ក្រោយ​ពី​ចូលជាធរមាន​ ទើប​ក្រមថ្មីនេះ​ចាប់ផ្តើម​អនុវត្ត នៅ​​ខែ​ធ្នូ ២០១០​នេះ។

សំណួរ-តើ​​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អនុវត្ត​ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​ចាប់ពីពេលណា?

ចម្លើយ-ក្រម​ព្រហ្មទណ្ឌ​ថ្មី​​អាច​អនុវត្ត​បាន​តែ​ចំពោះ​បទល្មើស​ណា ដែល​ប្រព្រឹត្ត​ក្រោយ​​ក្រម​នេះ​​ចាប់ផ្តើម​អនុវត្ត​តែ​ប៉ុណ្ណោះ (១១​ ធ្នូ ២០១០ នៅ​ភ្នំពេញ និង ២១ ធ្នូ ២០១០ នៅ​តាម​បណ្តា​ខេត្ត-ក្រុង​ផ្សេងទៀត) ។ នេះ​គឺ​ជា​គោលការណ៍​​ទូទៅ​នៃ​នីតិព្រហ្មទណ្ឌ ដែល​ជា​គោលការណ៍​​មាន​តម្លៃ​ជា​សកល។

នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ​នៅត្រង់​មាត្រា ៣ ចែង​ថា "មានតែ​អំពើ​ដែល​បង្កើត​ជាបទល្មើស​ នៅពេល​ដែល​អំពើ​នោះ​មានចែង​ក្នុង​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្តន្ទាទោស​ព្រហ្មទណ្ឌបាន"។

ដូច្នេះ អំពើ​ដែល​ប្រព្រឹត្ត​នៅ​មុនពេល​ក្រមព្រហ្មទណ្ឌ​​ត្រូវ​ចាប់អនុវត្ត មិនត្រូវ​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។ ជនល្មើស​ក៏​មិនអាច​ត្រូវ​យក​មក​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​បានដែរ លើកលែង​តែ​ក្នុងករណី​​​​​អំពើ​ល្មើស​​មានចែង​នៅ​ក្នុង​ច្បាប់ចាស់​រួចហើយ​ ដូចជា បទ​មនុស្សឃាត, បទលួច, ប្លន់, ឆបោក ជាដើម ដែល​មានចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល (ច្បាប់អ៊ុនតាក់)។ ក្នុងករណីនេះ ជនល្មើស​អាច​ត្រូវ​យក​មក​ផ្តន្ទាទោស​បាន តាម​អំណាច​ច្បាប់​ចាស់។

សំណួរ-តើ​​ក្រមព្រហ្មទណ្ឌ​ថ្មីនេះ​អនុវត្ត​ទៅលើ​បទល្មើស​ដែល​ប្រព្រឹត្ត​​នៅ​កន្លែងណា​ខ្លះ?

មាត្រា ១២ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​​ចែងថា៖

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជា​ត្រូវ​អនុវត្ត​ទៅលើ​បទល្មើស​ទាំងឡាយ ដែល​បាន​ប្រព្រឹត្ត​ នៅលើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមបញ្ចូល​ទាំងលំហ​អាកាស និង​សមុទ្រ”

ដូច្នេះ ឲ្យ​តែ​អំពើល្មើស​ត្រូវ​បានប្រព្រឹត្ត​នៅលើទឹកដី​ខ្មែរ ទោះបី​ជា​ជនល្មើស​នោះ​​មាន​សញ្ជាតិ​​អ្វី​ក៏ដោយ ក៏​ត្រូវ​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បានដែរ។

អំពើ​ល្មើស ដែល​ប្រព្រឹត្ត​នៅលើ​នាវា ឬ​យន្តហោះ ដែល​​ចុះបញ្ជី​នៅ​កម្ពុជា គឺ​ត្រូវ​ចាត់ទុក​ថា​បាន​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទោះបី​នាវា ឬ​យន្តហោះ​នោះ ស្ថិត​នៅ​​ក្រៅ​ទឹកដី​កម្ពុជា​ក៏ដោយ (មាត្រា ១៤ និង មាត្រា ១៦)។

សំណួរ-ចុះ​បើ​អំពើល្មើស​ត្រូវបានប្រព្រឹត្ត​នៅ​ក្រៅ​​ទឹកដី​កម្ពុជា ​​​ក្រៅ​នាវា​កម្ពុជា ហើយ​ក្រៅ​យន្តហោះ​កម្ពុជា​ទៀត​ តើ​ក្រមព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ដែរ​ឬ​ទេ?

ក្រមព្រហ្មទណ្ឌ​ខ្មែរ​អាច​អនុវត្ត​បាន ចំពោះ​បទល្មើស​ ដែល​ប្រព្រឹត្ត​នៅ​បរទេស ប្រសិន​បើ​ជនល្មើស ឬ​ជនរងគ្រោះ មាន​សញ្ជាតិខ្មែរ។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ខ្មែរ (មាត្រា ១៩)

បទល្មើស ដែល​ប្រព្រឹត្ត​នៅ​បរទេស ដោយពលរដ្ឋ​ខ្មែរ អាច​យក​ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ និង​បទ​មជ្ឈិម​ប៉ុណ្ណោះ។ ចំពោះ​បទលហុ គឺ​មិន​អាច​យក​ទៅ​អនុវត្ត​បានទេ។ ចំពោះ​បទឧក្រិដ្ឋ និង​បទមជ្ឈិម បទប្បញ្ញត្តិ​​ត្រូវ​បែងចែក​​ជា​ពីរ​ករណី​​៖

១-បើសិន​ជា​បទល្មើស​នោះ ជា​បទឧក្រិដ្ឋ ក្រមព្រហ្មទណ្ឌ​ខ្មែរ​ត្រូវ​យក​ទៅ​អនុវត្ត​ ទោះជា​បទឧក្រិដ្ឋ​​នោះ មានចែង ឬ​គ្មាន​ចែង ក្នុង​ច្បាប់​​របស់​​ប្រទេស​ ដែល​​ជា​ទី​កន្លែង​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ។

២-ផ្ទុយ​ទៅវិញ ប្រសិន​បើ​បទល្មើស​នោះ ជា​បទ​មជ្ឈិម ​ទាល់​តែ​បទមជ្ឈិមនោះ មាន​ចែង​នៅ​ក្នុង​ច្បាប់​​របស់​ប្រទេស ដែល​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ទើប​​គេ​អាច​យក​ក្រមព្រហ្មទណ្ឌ​ខ្មែរ​ទៅ​អនុវត្ត​បាន។

បទល្មើស​ខ្លះ ដូចជា “បទ​ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ” ជាដើម គឺ​ជា​បទមជ្ឈិម​ ក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រង់មាត្រា ៥០៨។ ក៏ប៉ុន្តែ ក្នុង​​​ប្រទេស​ខ្លះទៀត ដែល​មិនកាន់​ពុទ្ធសាសនា​ បទល្មើស​បែបនេះ​​​​មិនមាន​ចែង​​ក្នុង​ច្បាប់​ទេ។ ដូច្នេះ ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​មិនអាច​យក​ទៅ​អនុវត្ត​បានទេ ចំពោះ​បទ​ល្មើស ដែល​ប្រព្រឹត្ត​ក្នុង​ប្រទេស​នោះ បើទោះជា​ជនល្មើស​មាន​សញ្ជាតិ​ខ្មែរ​ក៏ដោយ។

គួរ​​បញ្ជាក់បន្ថែម​ថា ចំពោះ​ករណី​ទាំងពីរ​ខាងលើ (បទឧក្រិដ្ឋ និង​បទមជ្ឈិម)  ច្បាប់ព្រហ្មទណ្ឌ​ខ្មែរ​នៅ​តែ​អាច​យក​ទៅ​អនុវត្ត​បាន ទោះបី​ជា​ជនល្មើស​ទទួល​បាន​សញ្ជាតិខ្មែរ ក្រោយ​ពេល​ប្រព្រឹត្ត​បទល្មើស​ក៏ដោយ។ ឧបមាថា ជនបរទេស​ម្នាក់​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅ​ក្រៅ​ទឹកដី​កម្ពុជា។ ក្រោយ​មក​ជនល្មើស​នេះ ទទួល​បាន​សញ្ជាតិខ្មែរ។ ក្នុងករណីនេះ ជនល្មើស​ អាច​ត្រូវ​តុលាការ​កម្ពុជា​​​យក​មក​កាត់ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​បាន។

  • បទល្មើស​ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ (មាត្រា ២០)

ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​​អាច​អនុវត្ត​បាន​ទៅលើ​គ្រប់បទឧក្រិដ្ឋ​ ដែល​ប្រព្រឹត្ត​នៅ​បរទេស បើសិន​ជា​ជនរងគ្រោះ​មាន​សញ្ជាតិ​ខ្មែរ បើទោះជា​ជនល្មើស​ជា​ពលរដ្ឋ​ខ្មែរ ឬ​ក៏​ជា​ពលរដ្ឋ​បរទេស​ក៏ដោយ។

តាមរយៈ​​មាត្រា​នេះ យើងអាច​សន្និដ្ឋាន​បាន​​ថា ចំពោះ​បទល្មើស ដែល​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​បាន តែ​ចំពោះ​បទឧក្រិដ្ឋ​ប៉ុណ្ណោះ មិនអាច​យក​ទៅ​អនុវត្ត​ចំពោះ​បទមជ្ឈិម​បានទេ (ខុស​ពី​ច្បាប់​បារាំង ដែល​ក្រមព្រហ្មទណ្ឌ​អាច​យក​ទៅ​អនុវត្ត​បាន​ចំពោះ​បទមជ្ឈិម ប្រព្រឹត្ត​នៅបរទេស ទៅលើ​ពលរដ្ឋ​បារាំង)។

  • សមត្ថកិច្ច​ដោយឡែក​ ចំពោះ​បទឧក្រិដ្ឋ​ដោយ​ឡែក (មាត្រា ២២)

ក្រៅ​ពី​បទល្មើស​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​អាច​យក​ទៅ​អនុវត្ត​​បាន ចំពោះ​បទល្មើស​​​ផ្សេងទៀត ដែល​ប្រព្រឹត្ត​នៅ​បរទេស បើទោះជាជនល្មើស ឬ​ជនរងគ្រោះ​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ក៏ដោយ។ បទល្មើស​ពិសេស​ទាំងនេះ​រួមមាន៖

  • បទល្មើស​ប្រឆាំង​នឹង​សុវត្ថិភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បទល្មើស​ក្លែងត្រា​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បទល្មើស​ក្លែងរូបិយវត្ថុ និង​ធនបត្រ​ជាតិ​ ដែល​មាន​តម្លៃ​ស្របច្បាប់​នៅ​​កម្ពុជា
  • បទល្មើស​ប្រឆាំង​នឹង​​ទីតាំង ឬ​ភ្នាក់ងារ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

សំណួរ-តើ​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ខុសគ្នា​ត្រង់ណា​ខ្លះ?

ចម្លើយ-ក្រមព្រហ្មទណ្ឌ​ថ្មី បែងចែក​បទល្មើស​ជា​ ៣​ប្រភេទ ទៅតាម​កម្រិតទោស។

បទឧក្រិដ្ឋ (មាត្រា ៤៦)

បទល្មើស​មួយ​ ត្រូវ​ចាត់ទុក​ជា​បទឧក្រិដ្ឋ ប្រសិន​បើ​បទល្មើស​នោះ​អាច​ត្រូវ​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​លើស​ពី​៥ឆ្នាំ ឬ​ដាក់ពន្ធនាគារ​​​​អស់មួយ​ជីវិត។ ឧទាហរណ៍៖ បទឃាតកម្ម​គិតទុក​ជាមុន, បទឃាតកម្ម​ដោយចេតនា, បទរំលោភ​សេពសន្ថវៈ, បទលួច​ដោយ​ហិង្សា (ប្លន់) ។ល។

បទមជ្ឈិម (មាត្រា ៤៧)

បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទមជ្ឈិម ប្រសិនបើ​កម្រិត​ទោស​ជាប់ពន្ធនាគារ​អតិបរមា​មាន​​លើស​ពី​៦ថ្ងៃ រហូត​ដល់​ ៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, បទលួច, បទ​ឆបោក, បទបង្ករបួសស្នាម​ដោយ​អចេតនា ។ល។

បទលហុ (មាត្រា ៤៨)

បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទលហុ ប្រសិន​បើ​កម្រិត​ទោស​​ជាប់ពន្ធនាគារ​អតិបរមា រយៈពេល​ស្មើ ឬ​តិច​ជាង ៦ថ្ងៃ ឬ​ក៏​​ជា​បទល្មើស ដែល​មិនមាន​ទោស​ជាប់ពន្ធនាគារ​សោះ គឺ​មាន​តែ​ទោស​ពិន័យ​ជា​ប្រាក់។ ឧទាហរណ៍៖ បទបរិហារកេរ្តិ៍, បទជេរប្រមាថ​ជាសាធារណៈ, បទស្រវឹង​ជាក់ស្តែង​នៅ​ទីសាធារណៈ ។ល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ