អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អរិយធម៌​អាស៊ីអាគ្នេយ៍៖ ប្រជាជាតិ​នៅ​ជុំវិញ​អាណាចក្រ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង​នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំពី​អរិយធម៌​អាស៊ីអាគ្នេយ៍ ដោយ​លើកឡើង អំពី​បណ្តា​ប្រជាជាតិ ដែល​រស់​នៅ​ជុំវិញ​អាណាចក្រ​ខ្មែរ។

ផែនទី​នៃ​អាស៊ីអាគ្នេយ៍​ ក្នុង​អំឡុង​សតវត្សរ៍ទី១០
ផែនទី​នៃ​អាស៊ីអាគ្នេយ៍​ ក្នុង​អំឡុង​សតវត្សរ៍ទី១០
ផ្សាយពាណិជ្ជកម្ម

នៅ​ចន្លោះ​សតវត្សរ៍​ទី៩ ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី១៥​គ.ស អាណាចក្រ​ខ្មែរ គឺ​ជា​មហាអំណាច​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​កាន់កាប់​ទឹកដី​យ៉ាងធំ គ្របដណ្តប់​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។

ចម្ប៉ា

នៅ​ខាង​កើត​​អាណាចក្រ​ខ្មែរ គេឃើញ​មានពួក​ចាម នៅ​នគរ​ចម្ប៉ា។​ ពួកចាម​​មាន​ដើមកំណើត​មក​ពី​ម៉ាឡេស៊ី (មក​ពី​កោះ​ស៊ូម៉ាត្រា ឬ​ជ្វា) ហើយ​​បាន​មក​តាំង​ទីលំនៅ នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​កើត​ឥណ្ឌូចិន និង​បាន​បង្កើត​ទៅជា​រដ្ឋ​មួយឡើង នៅ​ចន្លោះ​សតវត្សរ៍​ទី២ ទៅ​សតវត្សរ៍​ទី១ មុន​គ.ស។ នគរ​ចម្ប៉ា​បាន​ចាប់កំណើត​មុន​នគរភ្នំ ឬ​ហ៊្វូណន​ទៅទៀត ក៏ប៉ុន្តែ គិត​ចាប់​ពី​សតវត្សរ៍​ទី៣មក នគរ​ចម្ប៉ា​មាន​ការរីកចម្រើន​ខ្សោយ​ជាង​នគរ​ហ៊្វូណន ជាពិសេស ខាង​បច្ចេកទេស​ក្នុងការ​ធ្វើ​សឹកសង្រ្គាម។ នគរចម្ប៉ា និង​នគរ​ខ្មែរ គឺ​ជា​គូប្រជែង​នឹង​គ្នា ហើយ​តែងតែ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាម​ធំជាងគេ ដែល​កំណត់​ជោគវាសនា និង​កែប្រែ​ប្រវត្តិសាស្រ្ត​របស់​ពួកចាម គឺ​សង្រ្គាម​ទល់នឹង​ នគរ​អាណ្ណាម ឬ​ដាយវៀត។

អាណ្ណាម
 
នគរ​អាណ្ណាម​ស្ថិត​នៅ​ខាង​ជើង​នគរ​ចម្ប៉ា ក៏ប៉ុន្តែ ចាប់​ពី​សតវត្សរ៍​ទី១​មុន​គ.ស រហូត​ទៅដល់​ ​សតវត្សរ៍​ទី១០គ.ស (ក្នុងរយៈពេល​ប្រមាណជា​១ពាន់​ឆ្នាំ) អាណ្ណាម​​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ចិន ពោលគឺ គឺ​គ្រាន់តែ​ជាអាណា​​ខេត្តមួយ​ប៉ុណ្ណោះ​របស់​ចិន។ ពេលខ្លះ ចិន​បាន​ហៅ​អាណ្ណាម​នេះ​ថា “ណាមវៀត”។

រហូត​ដល់ឆ្នាំ​៩៣៩ ពួក​​អាណ្ណាម​បាន​ទាម​ទារ​ឯករាជ្យ​ ទៅ​បង្កើត​ជានគរដាច់​ពី​ចិន ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ នគរ​ថ្មី​នេះ​នៅ​តែ​ត្រូវ​ធ្លាក់​ទៅ​ជា​​​នគរ​ចំណុះរបស់​ចិន​វិញ​ដដែល។ ចិន ដែល​ចាប់​ពី​ឆ្នាំ​៩៦០ ដល់​ឆ្នាំ​១២៧៩ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​សុង។

ក្នុងការ​ព្យាយាម​​រើបម្រះ​ពី​នឹម​អាណានិគម​របស់​ចិន ពួក​អាណ្ណាម​តែងតែ​បាន​ងើបឡើង​បះបោរ ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​ចិន​ជារឿយៗ។ ទៅ​ទិស​ខាង​ត្បូង​ឯណោះវិញ ​ពួក​អាណ្ណាម និង​ពួកចាមក៏​តែងតែ​ធ្វើ​សង្រ្គាម​​ឈ្លានពាន​គ្នា​ទៅវិញ​ទៅមក​​ឥតឈប់ដែរ ក៏ប៉ុន្តែ នៅ​ទីចុង​បំផុត គឺ​នគរ​ចម្ប៉ា ដែល​ត្រូវ​បរាជ័យ ដោយ​ត្រូវ​នគរ​អាណ្ណាម​ឈ្លាន​ពាន​​ចូល​កាន់កាប់​ទាំងស្រុង នៅឆ្នាំ​១៤៧១។ នគរ​ចម្ប៉ា​ត្រូវ​រលំ ហើយ​ពួកចាម ក៏​បាន​នាំគ្នា​រត់ខ្ចាត់ខ្ចាយ​ចេញ​ពី​នគរ ដោយ​ភាគ​ច្រើន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន នៅ​ក្នុង​អាណាចក្រ​ខ្មែរ ហើយ​ខ្លះ​ទៀត​រត់​ទៅ​ម៉ាឡាកា នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន។

លាវ

នៅ​ខាង​លិច​អាណាម និង​ខាង​ជើង​នគរ​ខ្មែរ មាន​ប្រជាជន​មួយទៀត គឺ​លាវ។ លាវ​ធ្លាប់​ជា​នគរ​ឯករាជ្យ​មួយ នៅ​ខាង​ជើង​នគរ​ហ៊្វូណន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រទេស​លាវ​ត្រូវ​ធ្លាក់​ទៅ​ក្រោម​​ការ​ត្រួតត្រា​របស់​ខ្មែរ ដោយ​ដំបូង​​ត្រឹម​ជា​នគរ​ចំណុះ ហើយ​បន្ទាប់​មកទៀត នៅ​ក្នុង​សម័យ​អង្គរ ដែនដី​នៃ​ប្រទេស​លាវ​​ត្រូវ​បាន​​អាណាចក្រ​ខ្មែរវាតទី​កាន់​កាប់​ទាំងស្រុង។ រហូតដល់​ចុងសតវត្សរ៍​ទី​១៤ ទើប​ប្រទេស​លាវ​ចាប់ផ្តើម​លេចរូបរាង​សាជាថ្មី​ឡើង​វិញ។ ក៏ប៉ុន្តែ លាវ​ស្ថិត​នៅ​ជា​ប្រទេស​ទន់ខ្សោយ ទទួលរង​នូវ​ការ​គំរាម​កំហែង​ជា​ប្រចាំ​ពី​សំណាក់​ប្រទេស​ជិតខាង។

ពួក​មន (នៅភូមា)
 
នៅ​ខាង​កើត​អាណាចក្រ​ខ្មែរ មាន​ប្រទេស​មួយ ​ដែល​ខ្មែរ​ហៅ​ថា “ស្រុកមន” ហើយ​ដែល​មាន​ទីតាំង​នៅ​ត្រង់​ប្រទេស​ភូមា​សព្វថ្ងៃ។ កាលពីមុន ស្រុកមន និង​ស្រុក​ខ្មែរ មាន​ព្រំប្រទល់​ជាប់គ្នា នៅ​ត្រង់​ម្តុំ​ព្រំប្រទល់​​ភូមា និង​ថៃ​បច្ចុប្បន្ន។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ នៅ​មិនទាន់​មាន​រូបរាង​នៅឡើយទេ នៅពេលនោះ។

ថៃ ឬ​សៀម

នៅ​ក្នុង​សិលាចារឹក គេ​ឃើញ​មាន​ការកត់​ត្រា​ពី​វត្តមាន​របស់​ពួកថៃ ឬ​សៀម នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រហែល​ជា​ចាប់​ពី​សតវត្សរ៍​ទី១២​មក។ ពួកថៃ ឬ​សៀម កាល​ពី​មុន​រស់​នៅ​ក្នុង​ខេត្ត​យូណាន​ប្រទេស​ចិន ហើយ​បាន​ចាប់ផ្តើម​ធ្វើ​អន្តោប្រវេសន៍​ចាក់ចុះ​មក​ទិស​ខាង​ត្បូង បន្តិចម្តងៗ ចាប់តាំង​ពី​សតវត្សរ៍​ទី៩។

ពីដំបូង គេឃើញ​ពួកថៃ ឬសៀម​​បាន​ចុះ​មកតាំង​ទីលំនៅ នៅ​ភាគខាងជើង​ប្រទេស​លាវ​សព្វថ្ងៃ និង​នៅ​ឈៀងម៉ៃ។ ចំនួន​ពួកថៃ ឬសៀម​​នៅ​ប៉ែក​ខាង​ជើង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មាន​កាន់តែ​ច្រើន​ឡើងៗ ហើយ​ពួកគេ​ក៏​បាន​បង្កើត​ទៅ​ជា​នគរ​តូចៗ​មួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ​ស្រែមួយលាន និង​អយុធ្យា។​ ក៏ប៉ុន្តែ ពី​ដំបូង ​នគរ​ទាំងអស់​នេះ​ជា​នគរ​ទន់ខ្សោយ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ឥទ្ធិពល​របស់​អាណាចក្រ​ខ្មែរ។

នៅពេល​ដែល​អាណាចក្រ​ខ្មែរ​ចាប់ផ្តើម​ធ្លាក់ចុះខ្សោយ នគរ​របស់​ពួកថៃ ឬ​សៀម​ ក៏​បាន​ពង្រឹង​ប្រទេស​របស់​ខ្លួន​បន្តិចម្តងៗ ឲ្យ​ទៅ​ជា​នគរ​ដែល​មាន​​​​អធិបតេយ្យ​ពេញលេញ ដោយ​ចាប់ផ្តើម​ពី​សុខោទ័យ នៅ​អំឡុង​សតវត្សរ៍​ទី១៣។ ​បន្ទាប់មកទៀត នៅសតវត្សរ៍​ទី១៤ ក្រោយ​ពី​ស្តេច​រាមកំហែង​ចូល​ទិវង្គត ​សុខោទ័យ​ត្រូវ​ធ្លាក់​ដុនដាប ហើយ​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម​មួយទៀត គឺ​នគរ​​​អយុធ្យា។ គឺ​​អយុធ្យា​នេះ​ហើយ ដែល​បាន​ពង្រីក​អំណាច​នគរ​សៀម ហើយ​​ជា​គូប្រជែង​ដ៏ធំ​បំផុត​របស់​អាណាចក្រ​ខ្មែរ នៅ​ចុងសម័យ​អង្គរ។

ម៉ាឡេ
 
ងាកទៅ​ប៉ែក​ខាង​សមុទ្រ​វិញ នៅ​ប៉ែក​​ខាង​ត្បូង​អាណាចក្រ​ខ្មែរ គេ​ឃើញ​មាន​​​អាណាចក្រ​​ដ៏ធំមួយ គឺ​អាណាចក្រ​ស្រីវិជ័យ (Srivijaya) ​របស់​ពួកម៉ាឡេ ដែល​មាន​ទីតាំង​នៅ​លើ​កោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មាន​ដែនដី​​គ្របដណ្តប់​​រហូតទៅដល់ កោះជ្វា (Java) កោះ​បរណេអូ (Borneo) និង​ម៉ាឡាកា នៅ​ចុង​ខាង​ត្បូង​នៃ​ឧបទ្វីប​ម៉ាឡេ ពោលគឺ ពាសពេញ​ដែនដី​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ព្រុយណេ​​សព្វថ្ងៃ។ នៅ​អំឡុង​សតវត្សរ៍ទី១៣ អាណាចក្រ​ស្រីវិជ័យ​បាន​ធ្លាក់ចុះ​ទន់ខ្សោយ​រហូត​ត្រូវ​ធ្លាក់​ទៅជា​នគរ​ចំណុះ​ឲ្យ​អាណាចក្រ​ខ្មែរ ហើយ​ក្រោយ​មក​ទៀត​ ជា​នគរ​ចំណុះ​របស់​នគរ​សុខោទ័យ​របស់​សៀម។ នៅ​ដើមសតវត្សរ៍​ទី១៥ អាណាចក្រ​ស្រីវិជ័យ​ត្រូវ​ដួលរលំ ហើយ​បែក​ខ្ញែក​ទៅជា​នគរ​តូចៗ​ផ្សេងៗ​ពី​គ្នា៕

***ប្រសិន​បើ​លោកអ្នក​ចង់ស្វែងយល់​បន្ថែម សូម​អាន​សៀវភៅ​  "Histoire du Cambodge" របស់​លោក Adhémar Leclère (ជាភាសាបារាំង) ឬ​សៀវភៅ "A History of Cambodia" របស់​លោក David Chandler (ជាភាសាអង់គ្លេស)។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ