អានតួអត្ថបទ
កម្ពុជា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​និង​ការិយាល័យ​ UN

បាតុកម្ម​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ដោយ​លោក ​ថាច់​ សេដ្ឋា ​នៅ​ថ្ងៃ​អង្គារ​ទី៧​តុលា​នេះ ​បាន​ដង្ហែ​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋ​សភា ​និង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​បកស្រាយ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម។ ​នេះ​ជា​បាតុកម្ម​ថ្ងៃ​ទី​៤​ហើយ​ក្នុង​គម្រោង​បាតុកម្ម​ចំនួន​៥​ថ្ងៃ​ដែល​បាន​គ្រោង​ទុក។​ ការ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​នេះ​គ្មាន​ការ​ប៉ះ​ឬ​ទង្គិច​គ្នា​ទេ។

ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថាត​ទូត​វៀត​ណាម​ របស់​ក្រុម​​សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​ និង​​សម្ព័ន្ធ​​យុវជន​​ខ្មែរ​​ដើម្បី​​ប្រជាធិបតេយ្យ​។
ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថាត​ទូត​វៀត​ណាម​ របស់​ក្រុម​​សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​ និង​​សម្ព័ន្ធ​​យុវជន​​ខ្មែរ​​ដើម្បី​​ប្រជាធិបតេយ្យ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​ទី​០៧​តុលា​នេះ​បាន​ដង្ហែ​ញត្តិ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ឆ្ពោះទៅ​ដាក់ជូន​ប្រធាន​មន្ទីរ​រដ្ឋសភា និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​ភ្នំពេញ។ ជា​ចលនា​បាតុ​កម្ម​​ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ​សុំទោស​ជា​សាធារណៈ​ចំពោះ​ពាក្យសម្តី​ដែលថា​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរ​មកហើយ។

ញត្តិ​ដាក់ជូន​រដ្ឋសភា​គឺ​ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ​នេះ​កោះ​អញ្ជើញលោក ហោ ណាំ​ហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ឲ្យ​ចូលទៅ​បំភ្លឺ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម។ ចំណែកឯ​ញត្តិ​ដាក់ជូន​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​វិញ​គឺ​ដើម្បី​សុំ​ឲ្យ​អគ្គលេខា​ធិការ​សហប្រជាជាតិ​ពន្យល់​អំពី​មូល​ហេតុដែល​អង្គការ​នេះ​ទទួលស្គាល់​កម្ពុជា​ក្រោម​ថា​ជា​របស់​វៀតណាម។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ដង្ហែ​ដាក់​ញត្តិ​ថ្ងៃនេះ​ធ្វើឡើង​ដោយ​សន្តិវិធី។ លោក​ថាច់ សេដ្ឋា បញ្ជាក់ថា ការដុត​ទង់ជាតិ​វៀតណាម មួក​ឌួ​ន និង​ប្រា​ក់ដុង​វៀតណាម ដែល​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​មិនមែនជា​ក្រុម​របស់លោក​ទេ។ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​រូបនេះ​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ពុធ​ទី៨តុលា​ដែលជា​ថ្ងៃ​ចុងបញ្ចប់​នៃ​យុទ្ធនា​ការទាមទារ​នេះ នឹងមាន​ការជួបជុំ​ហែ​ក្បួន​ដើម្បី​ចែក​ខិតប័ណ្ណ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​វៀតណាម។

បន្ទាប់មក ក្បួន​ដង្ហែ​នឹង​ទៅ​ជួបជុំ​ទាមទារ​ជា​លើកចុងក្រោយ​នៅមុខ​ស្ថានទូត​វៀតណាម​ក្នុង​ទីក្រុង​ភ្នំពេញ។ បើតាម​លោក ថាច់​សេដ្ឋា បន្ទាប់ពី​បាតុកម្ម៥ថ្ងៃនេះ លោក​នឹង​រង់​ចាំមើល​ចំណាត់ការ​នានា​របស់​អា​ជ្ញា​ធរ​កម្ពុជា​និង​វៀតណាម​ចំពោះ​ការទាមទារ​របស់​សហ​គម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​មុននឹង​ចាត់វិធានការ​តវ៉ា​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ