អានតួអត្ថបទ
កម្ពុជា

វេទិកា​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម៖ ​បរិហារ​រដ្ឋា​ភិបាល​ពី​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​និង​ប្រកាស​ថ្ងៃ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ដើម​ខែ​តុលា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​របស់​លោក​ ថាច់​ សេដ្ឋា ​រួម​នឹង​អង្គការ​យុវជន​មួយ​ចំនួន​ បាន​រៀប​ចំ​វេទិកា​ជួប​ជុំ​ លើក​ដំបូង​ ស្តី​ពី​ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ ​វេទិកា​នោះ ​បាន​ធ្វើ​ឡើង​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ពេញ​មួយ​ថ្ងៃ​សៅរ៍​ ទី​៦​កញ្ញា​នេះ។ អង្គ​វេទិកា​ ចាប់​ផ្តើម​ដោយ​ការ​បរិហារ​រដ្ឋាភិបាល​ពី​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ នៅ​កម្ពុជា។ ​ក្នុង​នោះ ​លោក​ ថាច់​ សេដ្ឋា​ បាន​ប្រកាស​ពី​ថ្ងៃ​ធ្វើ​បាតុកម្ម​ជា​ថ្មី ​នៅ​ដើម​ខែ​តុលា។ អង្គ​វេទិកា​ នៅ​ពេល​រសៀល​ លើក​ឡើង​ពី​ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​បាត់​បង់​ទៅ​ប្រទេស​វៀត​ណាម។

វេទិកាជួបជុំលើកដំបូងស្តីពីទឹកដីខ្មែរកម្ពុជាក្រោម បានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ពេញមួយថ្ងៃសៅរ៍ ទី៦កញ្ញានេះ។
វេទិកាជួបជុំលើកដំបូងស្តីពីទឹកដីខ្មែរកម្ពុជាក្រោម បានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ពេញមួយថ្ងៃសៅរ៍ ទី៦កញ្ញានេះ។ សហការី
ផ្សាយពាណិជ្ជកម្ម

វេទិកា​សំដែង​មតិ​ នៅ​ថ្ងៃ​សៅរ៍​ ទី​៦​កញ្ញា​នេះ ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ “ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ​និង​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា។​ វេទិកា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​បាន​បើក​ឱកាស​ឲ្យ​អ្នក​ចូល​រួម​ ភាគ​ច្រើន​ជា​យុវជន​ ឡើង​បញ្ចេញ​មតិ​ និង​សួរ​សំណួរ​ទៅ​កាន់​វាគ្មិន​អ្នក​ចូល​រួម​ គឺ​លោក​មេធាវី​ សុក​ សំអឿន​ លោក​ ថាច់​ សេដ្ឋា ​និង​លោក​ សឺន ស៊ូប៊ែរ។

អ្នក​ចូល​រួម​វេទិកា​សំដែង​មតិ ​បាន​វាយ​ប្រហារ​លើ​រដ្ឋា​ភិបាល​អំពី​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ រស់​នៅ​កម្ពុជា។ ​ក្រុម​ជន​ជាតិ​វៀតណាម​ ដែល​រស់​នៅ​ខុស​ច្បាប់​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​មហាផ្ទៃ ​អនុវត្ត​ច្បាប់​សញ្ជាតិ​ និង​ច្បាប់​អន្តោ​ប្រវេសន៍​ ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។ ​ផ្ទុយ​ទៅ​វិញ​ ជន​ជាតិ​វៀតណាម​ភាគ​ច្រើន​ នៅ​កម្ពុជា ​ទទួល​បាន​កាត​ជន​ជាតិ​ខ្មែរ​ ឬ​អត្តសញ្ញាណ​ប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ ដោយ​ការ​សូក​ប៉ាន់​ប៉ូលិស​ក្រសួង​មហាផ្ទៃ។

ប៉ុន្តែ​តាម​លោក​មេធាវី​ សុក​ សំអឿន​ ជន​ជាតិ​វៀត​ណាម​ កាន់​កាត​ អត្ត​សញ្ញាណ​ប័ណ្ណ ​មិនទាន់​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នៅ​ឡើយ​ទេ​ បើ​សិន​ជា​មិន​មាន​ព្រះ​រាជ​ក្រឹត្យ​ ចេញ​ដោយ​ព្រះ​មហាក្សត្រ។ ​ផ្ទុយ​ទៅ​វិញ​ ជន​ជាតិ​វៀតណាម​នោះ ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនា​គារ​ថែម​ទៀត​ ពីបទ​ក្លែង​ឯក​សាធារណៈ។

ក្នុង​វេទិកា​ លោក​ ថាច់ សេដ្ឋា​ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ក៏​បាន​កាន់​ក្បាល​មេក្រូ ​ប្រកាស​ពី​ថ្ងៃ​ធ្វើ​បាតុកម្ម​ជា​ថ្មី​រយៈពេល​ ៥​ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​៥ ​ខែ​តុលា។ ជា​បាតុកម្ម ​ដើម្បី​ទាម​ទារ​អោយ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម​ លោក ​ត្រឹង​ វ៉ាន់ថុង​ សុំទោស​ ចំពោះ​ការ​លើក​ឡើង​ពី​ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

លោក​ថាច់​សេដ្ឋា ​បាន​គូស​បញ្ជាក់​ថា ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ បើ​សិន​ជា​វៀតណាម​បន្ត​សង្ងំ​ស្ងៀម នោះ​បាតុកម្ម​នៅ​ដើម​ខែ​តុលា ​នឹងដាក់​ញត្តិ​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី ឲ្យ​កាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជា​មួយ​ប្រទេស​វៀតណាម​ ជា​បណ្តោះ​អាសន្ន។ ​មួយ​វិញ​ទៀត​ ក៏​នឹង​មាន​ការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ ឈប់​ប្រើ​ប្រាស់​ទំនិញ​វៀត​ណាម​ថែម​ទៀត។

វេទិកា​សំដែង​មតិ​ នៅ​ទី​លាន​ប្រជា​ធិបតេយ្យ ​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍​នេះ ​បាន​លើក​ឡើង​ពី​ប្រវត្តិ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​បាត់​បង់​ ទៅ​ប្រទេស​វៀតណាម។​ តាម​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ ត្រូវ​បាន​អាណា​និគម​បារាំង​ កាត់​ចេញ​ពី​កម្ពុជា​ ប្រគល់​ឲ្យ​វៀតណាម​គ្រប់​គ្រង​ នៅ​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ​ឆ្នាំ១៩៤៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ