អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា​ធ្វើ​កំណត់​ទូត​តវ៉ា​ ប្រឆាំង​នឹង​ការបាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​

ក្រ​​​សួង​​​ការ​​បរ​​ទេស​​ក​ម្ពុជា ​​នៅ​​ថ្ងៃ​​ទី​​២៤​​តុលា​​ម្សិល​​ម៉ិញ​​បាន​​ធ្វើ​​កំ​ណត់​​ទូត​​មួយ​​ ផ្ញើ​​ទៅ​​កាន់​​ស្ថាន​​ទូត​​ថៃ​​ប្រ​ចាំ​​នៅ​​ទី​ក្រុង​​ភ្នំ​ពេញ​​ ដើម្បី​​ត​វ៉ា​​ប្រ​ឆាំង​​ទៅ​នឹង​​យោ​ធា​​ថៃ​ ដែល​​បាន​​បាញ់​សម្លាប់​​ពល​រដ្ឋ​​ខ្មែរ​​ម្នាក់​ អោយ​ស្លាប់​ នៅ​ក្នុង​​ទឹក​ដី​​ថៃ​​កាល​ពី​២​ថ្ងៃ​មុន​។ ​កំ​ណត់​​ទូត​​របស់​​ក្រ​សួង​ការ​បរ​ទេស​​កម្ពុ​​ជា​ បាន​​ហៅ​​អំ​ពើ​​បាញ់​ប្រ​ហារ​​នោះ​​ថា​ ឃោ​​ឃៅ ​និង​​មិន​អាច​​ទទួល​យក​​បាន​ទេ។ ​

ពលករខ្មែរដែលថៃបញ្ជូនមកវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ត្រូវបាន​ផ្ញើ​ទៅកាន់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំ​ពេញ​​កាលពី​ល្ងាច​ថ្ងៃទី២៤តុលា ដោយបាន​រៀបរាប់ថា កាលពី​ថ្ងៃទី២៣តុលា​កន្លងទៅ យុវ​ជន​​កម្ពុជា​ម្នាក់​ឈ្មោះ សឿន វន អាយុ២១ឆ្នាំ មាន​ស្រុកកំណើត​មកពី​ខេត្តកំពង់ចាម ត្រូវបាន​យោ​ធា​ថៃ​បាញ់សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ។ ការបាញ់សម្លាប់ ដោយ​គ្រាន់តែ​សង្ស័យថា យុវ​ជន​​រូបនេះ បាន​លួច​ម៉ូតូ​មួយគ្រឿង ស្ថិតនៅ​ភូមិ​ដាន់ ឃុំ​ដាន់ ស្រុក​កាប់​ជើង ខេត្ត​សូ​រិន្ទ ប្រទេស​​ថៃ ឈម​នឹង​ស្រុក អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

 
លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ទៅនឹង​អំពើ​ដ៏​សាហាវព្រៃផ្សៃ​នេះ ហើយ​នេះ​គឺជា​ការរំលោភបំពាន​ដល់​គោលការណ៍​មនុស្សធម៌​ជា​មូលដ្ឋាន និង​រំលោភបំពាន​ទៅ​នឹង​ស្មារតី​នៃ​ភាពជា​អ្នកជិតខាង​ល្អ ក៏ដូចជា​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ផងដែរ។ កំណត់​ទូត​​របស់​​ក្រសួង​ការ​បរ​ទេស​កម្ពុ​ជា ក៍បាន​ទ​ទួ​ច​ជាថ្មី​ម្តងទៀត អោយ​អាជ្ញាធរ​ថៃ​គោរព​សិទ្ធិ​មនុស្ស​ ដោយ​ប្រើប្រាស់​យន្តការ​ផ្លូវច្បាប់ ជៀស​ជាង​ការប្រើប្រាស់​អាវុធ បាញ់ប្រហា​មកលើ​ពលរដ្ឋ​ខ្មែរ​តទៅទៀត។

នៅ​មិនទាន់មាន​ការឆ្លើយតប​រឺ​ពន្យល់​ពី​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ទៅនឹង​កំ​ណត់​​​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ​នៅឡើយ​ទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កុយ គួ​ង។

ដោយឡែក លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​សមាគម​សិទ្ធិ​មនុស្ស​​អាដ​ហុក បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ជ្រើសរើស​វិធី​ផ្សេង ក្រៅពី​ការធ្វើ​កំណត់​ទូត​នេះ ព្រោះថា នេះ​មិនមែនជា​លើក​ទី១នោះទេ ដែល​កម្ពុជា​បានធ្វើ​កំណត់​ទូត​ទៅកាន់​រដ្ឋាភិបាល​ថៃ តាមរយៈ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងករណី​ដែល​យោធា​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ។ បើតាម លោក នី ចរិយា ក្នុង​រយៈពេល៤ខែ​ដើមឆ្នាំ២០១៤ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន២២នាក់ ត្រូវបាន​យោធា​ថៃ​បាញ់សម្លាប់ ដោយ​មិនទាន់​រាប់បញ្ចូល​ករណី​ថ្មីៗ​នេះ​នៅឡើយ​ទេ។

គួរ​កត់សំគាល់ថា កំណត់​ទូត​នេះ បានធ្វើ​ឡើង ខណៈដែល​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth CHAN-O-CHA) គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ រយៈពេល​ពីរ​ថ្ងៃ​ នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី៣០ដល់​ថ្ងៃទី៣១ខែតុលា​ឆ្នាំ២០១៤ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ