អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គម​ខ្មែរ​ត្រូវ​ការ​គុណភាព​និង​គុណធម៌​ជំនួស​វប្បធម៌​សម្បក​ក្រៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ​មនុស្ស​ហាក់​នាំ​គ្នា​ឲ្យ​តម្លៃ​ទៅ​លើ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ។ ​និន្នាការ​នេះ​កើត​មាន​គ្រប់​ទី​កន្លែង ​និង​គ្រប់​វិស័យ ​មិន​ថា​ក្នុង​វិស័យ​នយោបាយ ​សេដ្ឋកិច្ច​ សង្គមកិច្ច​ ឬ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ឡើយ។​នៅ​ពេល​ដែល​មនុស្ស​ទូទៅ​នាំ​គ្នា​ផ្តល់​តម្លៃ​ទៅ​លើ​តែ​រូបភាព​តែ​ភ្លេច​គិត​ពី​ខ្លឹមសារ ​សង្គម​អាច​នឹង​បាត់បង់​និរន្តរភាព ​និង​ភាព​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​។ ​ដូច្នេះ ​ដល់​ពេល​ហើយ​ដែល​គួរ​នាំ​គ្នា​គិត​គូរ​ពី​គុណភាព ​ប្រសិទ្ធភាព​និង​គុណធម៌​ជំនួស​ឲ្យ​វប្បធម៌​សម្បក​ក្រៅ​ដើម្បី​ពង្រឹង​តម្លៃ​សង្គម​ដ៏​ដូចជា​ដើម្បី​ត្រៀម​ខ្លួន​សមា​ហរណកម្ម​ក្នុង​សហ​គមន៍​សេដ្ឋកិច្ច​តំបន់។

សិស្សអានសៀវភៅ នៅ​ក្នុង​បណ្ណាល័យឌៀរ។
សិស្សអានសៀវភៅ នៅ​ក្នុង​បណ្ណាល័យឌៀរ។ RFI/ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

សង្គម​ខ្មែរ​បច្ចុប្បន្នកំពុង​ស្គាល់​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់ពី​បាន​ឆ្លង​ផុតពី​សម័យ កាល​សង្គ្រាម​មកកាន់​សម័យ​សន្តិភាព​វិញ។ ការលូតលាស់ និង​ប្រែ​ប្រួស​របស់​សង្គម​កម្ពុជា​បាន​នាំមក​ទាំង​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន។

ពី​សង្គម​មួយ​ដែល​រស់ក្នុង​របាំង​ប្រពៃណី​តឹងរ៉ឹង​មកជា​សង្គម​ដែល​បើកទូលាយ។ ពី​សង្គម​មួយ​ដែល​អ្នកនយោបាយ​ផ្តួលរំលំ​គ្នា​ដោយ​ប្រើ​អាវុធ មកជា​សង្គម​ដែល​ប្រើការ​បោះឆ្នោត និង​ពី​សង្គម​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​បែកបាក់ មកជា​សង្គម​ដែលមាន​សន្តិភាព។

ទាំងនេះ​គឺជា​ការវិវឌ្ឍ​ជ្រាលជ្រៅ​និង​គួរ​ឲ្យ​មោទនៈ។ ប៉ុន្តែ ការវិវឌ្ឍ​មួយចំនួន​បាន​ឈាន​ទៅ​រក​ទិសដៅ​អវិជ្ជមាន​គួរ​ឲ្យ​ព្រួយបារម្ភ។ ចំណុច​អវិជ្ជមាន​លេចធ្លោ​មួយ​ក្នុងចំណោម​នោះ​គឺ​និន្នាការ​នៃ​ការផ្តល់​តម្លៃ​លើ​រូបភាព​ខាងក្រៅ​ច្រើនជាង​ខ្លឹមសារ។

ជាការ​ពិត នៅ​កម្ពុជា និន្នាការ​នៃ​ការផ្តល់​តម្លៃ​មនុស្ស​ដោយ​ផ្អែកលើ​សម្បក​ក្រៅ​ហាក់​កំពុង​តែ​​ពេញនិយម មានន័យថា សង្គម​ហាក់ដូចជា​គោរព​កោតខ្លាច​មនុស្ស​ដែលមាន​ទ្រព្យ​សម្បត្តិ​ បុណ្យស័ក្តិ​ដែល​គេ​មើលឃើញភ្លាមៗជាង​សម្លឹង​រក​គុណធម៌​ដែល​កប់​នៅក្នុង​ខ្លួន​មិនអាច​មើលឃើញ​ដោយ​ងាយ។ ជាក់ស្តែង អ្នក​រៀនសូត្រ​មួយចំនួន​ចង់បាន​សញ្ញាបត្រ​មក​ប​ង្អួ​ត​គេ​ជាជាង​ការចង់បាន​ចំណេះដឹង​ពិត​ប្រាក។ អ្នកមាន​លុយ​ប្រឹង​សម្ញែង​ទ្រព្យសម្បត្តិ​ដើម្បី​ទទួលបាន​ការគោរព​ស្ញប់ស្ញែង​ទោះបីជា​លុយ​នោះ​បានមកពី​ប្រភព​ណាក៏ដោយ។ មន្ត្រីរាជការធំៗមួយចំនួន​សម្ញែង​រថ​យន្ត​ទំនើប​និង​ផ្ទះសម្បែង​តម្លៃ​ខ្ពស់​ហួស​ពី​ប្រាក់ខែ​របស់​ខ្លួន។

នៅក្នុង​ទិដ្ឋភាព​នយោបាយ​វិញ​ក៏​ដូចគ្នា​ដែរ។ ទ្រឹស្តី​ប្រជាធិបតេយ្យ​បាន​រីកដុះដាល​ដល់​គ្រប់​មជ្ឈដ្ឋាន​ពោលគឺ​មនុស្ស​គ្រប់គ្នា​ហាក់​បាន​ស្គាល់​ពាក្យ​ថា​ប្រជាធិបតេយ្យ ប៉ុន្តែ ថា​តើ​គេ​ត្រូវ​អនុវត្ត​បែបណា​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ​តាមន័យ​ពិតប្រាកដ​របស់​វា? សំណួរ​នេះ​ហាក់ដូចជា​គ្មាន​អ្នកណា​សូវ​ចាប់អារម្មណ៍​ពិចារណា​ទេ។ អ្នកនយោបាយ​ច្រើនតែ​បំភ្លេច​ខ្លឹមសារ​ប្រជាធិបតេយ្យ​ដោយ​ផ្តោត​តែ​លើ​ទ្រឹស្តី​សំបក​ក្រៅ។ ទីបំផុត​ប្រជាពលរដ្ឋ​ជា​អ្នក​វង្វេង ហើយ​ជា​ញឹកញយ​ពួកគេ​បាន​ក្លាយជា​អ្នកទទួល​រងគ្រោះ​ព្រោះ​ភាពមិនច្បាស់លាស់​របស់​អ្នកនយោបាយ។

នៅក្នុង​បរិបទ​សង្គម​ទូទៅ​វិញ ការផ្តល់​តម្លៃ​ទៅលើ​រូបភាព​សំបក​ក្រៅ​បានធ្វើ​ឲ្យ​សង្គម​កាន់តែ​ភ្លេច​សីលធម៌​និង​គុណធម៌​របស់​មនុស្ស​ដែលជា​ទូទៅ​គេ​មិនអាច​មើល​ឃើញ​ភ្លាម​ៗ​នោះ​ឡើយ​។ មនុស្ស​ខ្លះ​មានគុណ​ធម៌​និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ប៉ុន្តែ គ្មាន​ទ្រព្យសម្បត្តិ​ហ៊ឺហា​ដូច​គេ ច្រើនតែ​ចូល​គេ​មិន​ចុះ។ អ្នក​អង្គុយ​ស្រាវជ្រាវ សរសេរ​សៀវភៅ ច្រើន​ជា​អ្នក​ដែល​គ្មាន​ទ្រព្យ​ពី​ព្រោះតែ​សង្គម​មិន​ឲ្យ​តម្លៃ​ដល់​ការងារ​របស់​ពួកគេ។

នេះ​ជាការ​ស្រុតចុះ​នៃ​តម្លៃសង្គម​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ផ្នត់គំនិត​នេះ ប្រសិនបើ​នៅតែ​បន្ត​វា​នឹងធ្វើ​ឲ្យ​សង្គម​ជួប​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត។ ការផ្តល់​តម្លៃ​ទៅលើ​ទិដ្ឋភាព​ខាងក្រៅ ងាយ​នឹងធ្វើ​ឲ្យ​មនុស្ស​យល់ច្រឡំ​នៅក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត។ ម្យ៉ាងទៀត ការ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​សម្ភារៈ​និយម​ដែលជា​គ្រឿង​បន្លំ​ភ្នែក​បានធ្វើ​ឲ្យ​រេចរឹល​ដល់​ការងារ​ជាច្រើន​ដែលមាន​ប្រយោជន៍​សម្រាប់​សង្គម ហើយ​វា​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាក់​ទឹកចិត្ត​ពីព្រោះ​អ្នក​ដែល​ទទួល​លាភសក្ការៈ​ច្រើនតែ​ជា​អ្នក​ដែល​ពូកែ​អែបអប។

ចំណែក​អ្នក ស្មោះត្រង់ និង​ពូកែ​ពិតប្រាកដ តែ​មិនចេះ​សម្តែង មិនសូវ​ទទួល​បានកា​រ​ផ្តល់​តម្លៃ​ទេ។ ទីបំផុត ការផ្តល់​តម្លៃ​តែ​ទៅលើ​សម្បក​ក្រៅ និង​ទៅលើ​អាកប្បកិរិយា​បន្លំ​ភ្នែក ដោយ​​មិនបាន​គិតគូរ​ពី​គុណភាព​និង​គុណធម៌ កំពុង​បង្ក​វិបត្តិ​សង្គម​កាន់តែ​ធំឡើង។ កង្វះ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ កង្វះ​គុណភាព​អប់រំ គុណភាព​សំណង់ ប្រព​ន្ធ័​សុខាភិបាល និង ប្រព​ន្ធ័​យុត្តិធម៌​ទន់ខ្សោយ ស្ថិរភាព​នយោបាយ​ផុយស្រួយ សុទ្ធសឹង​ជា​ផល​វិបាក​ជាក់ស្តែង​បំផុត​នៃ​ការផ្តល់​តម្លៃ​តែ​លើ​សម្បក​ក្រៅ​ហើយ​ភ្លេច​គិតពី​គុណភាព​និង​គុណ​ធម៌។

ដូច្នេះ ដល់ពេល​ហើយ​ដែល​សង្គម​ខ្មែរ​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​នេះ​ជា​ចាំបាច់។ សង្គម​ខ្មែរ​គួរ​ឈប់​ឲ្យ​តម្លៃ​ទៅលើ​ប្រាក់​ដែល​បានមក​មិន​សុច្ចរិត ទៅលើ​បុណ្យស័ក្តិ​ដែល​មិន​បញ្ជាក់​ពី​សមត្ថភាព ទៅលើ​សញ្ញាបត្រ​ដែល​គ្មាន​គុណភាព​និង​ឈប់​ឲ្យ​តម្លៃ​ទៅលើ​ពាក្យ​វោហា​សាសន៍​ឥត​ខ្លឹមសារ ហើយ​បែរមក​គិតគូរ​ពី​គុណធម៌ គុណភាព និង​ប្រសិទ្ធភាព​វិញ។  នេះ​ជា​វិធីសាស្ត្រ​លើក​តម្លៃសង្គម​ខ្លួនឯង​ផង ក៏ដូចជា​ដើម្បី​ត្រៀមខ្លួន​ធ្វើ​សមាហរណកម្ម​ក្នុង​សហ​គមន៍​សេដ្ឋកិច្ច​តំបន់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ