អានតួអត្ថបទ
បារាំង

ការ​សម្លាប់​ជន​ជាតិ​បា​រាំង​នៅ​អាល់​ហ្សេរី​ជា​«​អំ​ពើ​ដ៏​ឃោ​រឃៅ​ និង​គួរ​ឱ្យ​ស្អប់​ខ្ពើម​»​

ប្រតិ​កម្ម​​នានា​​ឡើង​​ជន់​​ជោរ​​ដូច​​ទឹក​ ​បន្ទាប់​​ពី​​ឃាត​​កម្ម​​លើ​​​រូប​​លោក​​ អ៊ែក​វ៉េ​ ហ្គួ​ក​ឌែល​ (Hervé Gourdel)​ ​ជន​​ជាតិ​​បារាំង​​ ដែល​​ត្រូវ​​បាន​​ចាប់​​ជា​​ចំ​ណាប់​​ខ្មាំង​​ កាល​ពី​​ថ្ងៃ​​អាទិត្យ​​ នៅ​​ក្នុង​​ប្រទេស​​អាល់​​ហ្សេរី​។​​ គ្រប់​​ៗ​​គ្នា​​សុទ្ធ​​តែ​​ថ្លែង​​ថា ​​ភ័យ​​រន្ធត់​​តក់​​ស្លុត​​ឥត​​ឧបមា​ ​ចំពោះ​​ការ​​សម្លាប់​​ដ៏​​ឃោ​រ​ឃៅ​​ថ្ងៃ​​ម្សិលមិញ​​​​។ ប្រធា​នា​​ធិបតី​​បារាំង ​​អះ​​អាង​​ថា​​៖ "ល្ងាច​​មិញ​​ រដ្ឋា​ភិបាល​​ទី​ក្រុង​​អាល់​​ហ្សេ ​សន្យា​«​ប្រមូល​ផ្តុំ​​កង​កម្លាំង​​គ្រប់​​ប្រភេទ​​ដែល​​មាន​​ ដើម្បី​​តាមរក​​ចាប់​​ឃាត​​ករ​​ឱ្យ​បាន​​»​។

ចំណាប់ខ្មាំង ជនជាតិបារាំង ដែលត្រូវបានពួកអាល់ហ្សេរីចាប់ខ្លួននោះ មានឈ្មោះ Herve Pierre Gourdel អាយុ៥៥ឆ្នាំ។
ចំណាប់ខ្មាំង ជនជាតិបារាំង ដែលត្រូវបានពួកអាល់ហ្សេរីចាប់ខ្លួននោះ មានឈ្មោះ Herve Pierre Gourdel អាយុ៥៥ឆ្នាំ។ @AFP
ផ្សាយពាណិជ្ជកម្ម

 

នៅឯ​ភូមិកំណើត​របស់លោក អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល (Hervé Gourdel) ក្នុង​ក្រុង​នី​ស អ្នកភូមិ​ទាំងឡាយ​ទន់ជង្គង់​ដួល​ទាំង​ឈរ។ ប្រជាជន​បារាំង​នៅ​សង្កាត់ សាំង ម៉ាក​តាំង វ៉េ​ហ្ស៊ុ​ប៊ី  (Saint-Martin-Vézubie) ទើប​ទទួលដំណឹង​ថា អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល ត្រូវបាន​គេ​សម្លាប់​បាត់​ទៅ​ហើយ។​ ថ្វីបើ​ពួកគេ​គ្រាន់តែ​ឃើញ លោក អ៊ែ​ក​វ៉េ ហ្គួ​ក​ដែល ដែលជា​មគ្គុទ្ទេសក៍​ជំនាញ​ខាង​ឡើង​ភ្នំ​ខ្ពស់​ប៉ុណ្ណោះ​ក្តី សោកនាដកម្ម​នេះ​គឺ​សម្រាប់​អ្នក​គ្រប់គ្នា នៅ​ល្ងាចម្សិលមិញ។

អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល​នេះ អាយុ៥៥ឆ្នាំ។ គាត់​ស្រឡាញ់​តំបន់​ម៉ា​ហ្គ្រេ​ប ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ទ្វីបអាហ្វ្រិក ​ជាខ្លាំង ត្បិត​ប្រជាជន​ម៉ា​រ៉ុ​ក អាល់​ហ្សេ​រី និង​ទុយ​ណេ​ស៊ី ដែល​រស់នៅ​តំបន់​នេះ ធ្វើ​ឱ្យ​គាត់​ចង់​ស្វែងយល់។ អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល ប្តូរផ្តាច់​នឹង​មុខរបរ​ឡើង​ភ្នំ។ ជំនក់​ចិត្ត​ទាំងនេះ បាន​នាំ​គាត់​ទៅ​ឧទ្យាន​ជាតិ ឌ្យួ​ឌ្យូ​រ៉ា (Djurdjura) ដែល​បាន​ក្លាយជា​សំបុក​នៃ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​​ទៅហើយ។ «រឿង​ដែល​ហួសចិត្ត​នោះ​គឺថា គាត់​បាន​បណ្ដុះបណ្តាល​ម​គ្គុ​ទ្ទេ​សក៍ ជំនាញ​ខាង​ឡើង​ភ្នំ​នៅ​ម៉ា​រ៉ុ​ក អស់​រយៈពេល​ជាច្រើន​ឆ្នាំ»។ នេះ​បើតាម​សម្ដី​របស់លោក ឡូ​រ៉ង់ ហ្ស៊េ​នី (Laurent Gény) ដែល​បាន​បង្កើត​សហគ្រាស​រៀបចំ​ព្រឹត្តិការណ៍ ជាមួយ​អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល។

លោក អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល «ត្រូវបាន​សម្លាប់​យ៉ាង​កំសាក និង​យ៉ាង​សាហាវ»។ នេះ​ជាស​ម្ដី​ផ្ទាល់​របស់​ប្រធានាធិបតី​បារាំង ដែល​ថ្លែង​ពី​ទីក្រុង​ញូយ៉ក ក្រៅ​ក្របខណ្ឌ​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ។ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (François Hollande) បាន​គូសបញ្ជាក់​ជាថ្មី​ថា ប្រទេស​​បារាំង​នឹង​បន្ត​ប្រតិបត្តិការ​យោធា​ប្រឆាំង​រដ្ឋ​ឥស្លាម ហើយ​ជាពិសេស​ការវាយប្រហារ​លើ​​​ប្រទេស​អ៊ីរ៉ាក់។ លោក​ហូ​ឡង់​ប្រកាស​តាម​សម្ដី​ផ្ទាល់​ថា៖ «ការបំពាន​នេះ​ធ្វើឱ្យ​ការ​ប្តេជ្ញាចិត្ត​​របស់ខ្ញុំ​កាន់តែ​ក្លៀវក្លា​ថែមទៀត»។  

ចំពោះ​ប្រធានាធិបតី​អាមេរិក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) វិញ៖ «ប្រទេស​ជាច្រើន​នៅទីនេះ ក្នុងថ្ងៃនេះ ពិសេស​សហរដ្ឋអាមេរិក បានឃើញ​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់ខ្លួន ត្រូវបាន​សម្លាប់​ដោយ​ភេរវជន។ (...) លោក​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (François Hollande)​ យើង​​នៅ​ខាង​លោក និង​នៅ​ខាង​ប្រជាជាតិ​បារាំង មិនមែន​តែ​ពេលដែល​លោកអ្នក​កំពុងកាន់​ទុក្ខ​ទេ គឺ​រួមទាំង​ពេលដែល​លោក​មាន​វិធានការ​ប្រឆាំង​ភេរវកម្ម និង​ការពារ​សេរីភាព​ផងដែរ»។

អាល់​ហ្ស៊េ​រី បាន​ថ្កោលទោស​ឃាតកម្ម​នោះ​ថា​ជា «អំពើ​ដ៏​ឃោ​ឃៅ និង​គួរឱ្យ​ស្អប់ខ្ពើម»។
ចំណែក​សហភាព​អឺរ៉ុប​វិញ ប្រទេស​សមាជិក​ទាំង២៨ ថ្លែង​អំពី«ការរួម​រួមគ្នា»ប្រឆាំង«ក្រុម​ភេរ​វករ» និង​ថ្កោលទោស​ថា​ការសម្លាប់​លោក អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល ថា«ឃាតកម្ម​ដ៏​ព្រៃផ្សៃ»។
ចៅហ្វាយក្រុង​នី​ស ឈ្មោះ​គ្រី​ស្យ​ង់ អេ​ស្តូ​ស៊ី (Christian Estrosi) បាន​គោរព​វិញ្ញាណក្ខន្ធ​លោក អ៊ែ​ក​វ៉េ ហ្គួ​ក​ឌែ​ល និង​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចាត់ទុក​ថ្ងៃនោះ​ថា​ជា​មរណៈទុក្ខ​សម្រាប់​ប្រជាជាតិ​​បារាំង​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ