អានតួអត្ថបទ
អសប-កូរ៉េខាងជើង

លោក ​គីម ​ជុងអ៊ុន​បំពេញ​ទស្សនកិច្ច​នៅ​សារៈមន្ទីរ​នៃ​អំពើ​សាហាវយង់ឃ្នង​របស់​​ទាហាន​អាមេរិក​

ប្រមុខ​​ដឹកនាំ​​កូរ៉េ​​ខាង​​ជើង​​លោក​ គីម ជុងអ៊ុន ​បាន​អញ្ជើញ​ទៅ​​ទស្សនា​​​សារៈមន្ទីរ​​មួយ​នៅ​ខេត្ត​ស៊ីជាន់​ ដែល​​មាន​​រក្សា​​ទុក​​នូវ​​រាល់​​ភស្តុតាង​និង​​សាក្សី​​បញ្ជាក់​​​​​ពី​ អំពើ​​​​យង់ឃ្នង​​របស់​​ទាហាន​​អាមេរិក ​​ទៅ​​លើ​ប្រ​ជាជន​ស៊ីវិល​កូរ៉េ​ខាង​ជើង​ នា​​ជំនាន់​​​​សង្គ្រាម​នៅ​​ឧបទ្វីប​​​​កូរ៉េ​​ពី​​ឆ្នាំ​១៩៥០​-១៩៥៣។​​ នេះ​​បើ​​តាម​​​ភ្នាក់ងារព័ត៌មា​ន​​​ផ្លូវការ​​កូរ៉េ​​ខាង​​ជើង​ KCNA​​ ចុះ​ផ្សាយ​ថ្ងៃ​​អង្គារ​២៥​​វិច្ឆិកា​២០១៤។​​ដំណើរ​​ទស្សកិច្ច​​នៅ​​សារៈមន្ទី​រ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​​ទៅ​នៅ​ខណៈ​ពេល​ដែល​អ.ស.ប. ទើប​​ចេញ​​សេចក្តី​​អនុម័ត​​ចោទ​​របប​​ព្យុងយ៉ាង ​ពី​បទ​ “រំលោភ​​សិទ្ធ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង។​​

ប្រមុខ​​ដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក ​គីម ជុងអ៊ុន​
ប្រមុខ​​ដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក ​គីម ជុងអ៊ុន​ REUTERS/KCNA (NORTH KOREA
ផ្សាយពាណិជ្ជកម្ម

 

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាង​ជើង KCNA ​ ទស្សនកិច្ច​​​របស់​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​​សារៈមន្ទីរ​​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​​​ប្រជាជន​កូរ៉េ ខាង​ជើង​ទូទាំង​ប្រទេស​ឲ្យ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​អាមេរិក។

សារៈមន្ទីរ​នៅ​ស៊ីជាន់​នេះ មាន​រំលឹក​អំពី​សកម្មភាព​យង់ឃ្នង​របស់​ទាហាន​អាមេរិក​​ជំនាន់​​​​សង្គ្រាម​ឧបទ្វីប​កូរ៉េ មាន​ជាអាទិ៍ ការ​ធ្វើ​ឃាដកម្ម​ដ៏​ព្រៃផ្សៃ​ទៅ​លើ​ប្រជាជន​ស៊ីវីល​កូរ៉េ​ចំនួន ៣​ម៉ឺន​៥០០០​នាក់ ដែល​ទំនង​ត្រូវ​បាន​កងទ័ព​អាមេរិ​កសម្លាប់​នៅ​ស៊ីជាន់​នា​ចុង​ឆ្នាំ​១៩៥០ ​ពេល​សង្គ្រាម​ចាប់​ផ្តើម​ភ្លាម​។ នៅ​ឱកាស​នោះ​លោក​គឹម ជុងអ៊ុន បាន​ប្រើ​ពាក្យ​យ៉ាង​ធ្ងន់ៗ​ចោទ ថា​ក្រុម​ទាហាន​អាមេរិក សុទ្ធ​តែ​ជា​ពួក​ឈ្លានពាន​នឹង​សែ្រកឃ្លាន​អំពើ​កាប់សម្លាប់​ជីវិត​មនុស្ស​ឥត​ត្រាប្រណី។

ដំណើរ​ទស្សនកិច្ច​របស់​លោក​គីម ជុងអ៊ុន​នៅ​សារៈមន្ទីរ​នៅ​ខេត្ត​ស៊ីជាន់ ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​មួយ​​សប្តាហ៍​​បន្ទាប់​ពី​អសប បាន​អនុម័ត​​សេចក្តី​សម្រេចចិត្ត​​មួយ ដែល​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ប្រឆាំង​នឹង​អំពើ​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​របស់​​​អ្នក​ដឹកនាំ​ធំៗ​កូរ៉េ​ខាងជើង។​

ប៉ុន្តែ ប្រទេស​ចិន​និង​រុស្ស៊ី​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង និង​ជា​សមាជិក​អចិន្ត្រៃយ៍​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ច្បាស់ជា​​ទប់​ស្តាត់​មិន​ឲ្យ​មាន​ការប្តឹងប្តល់​ទៅ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​លើ​សំណុំរឿង​ខាង​លើ​នេះ​ទេ។

កូរ៉េ​ខាង​ជើង​បាន​បញ្ចេញ​ប្រតិកម្ម​វិញ ដោយ​ព្រមាន​ដល់​ក្រុម​អ្នក​ការពារ​សេចក្តី​សម្រេចចិត្ត​​របស់​អសប ថា​កូរ៉េ​ខាង​ជើង​លែង​មាន​ហេតុផល​អ្វី​ក្នុង​ការ​ព្យួរ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៀត​ហើយ​និង​ក៏​មិន​ខ្វល់​ពី​ផលវិបាក​មហន្តរាយ​នានា​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ