អានតួអត្ថបទ
កូរ៉េ​ខាង​ជើង

លោក​គីម ជុងអ៊ុន​ត្រូវបាន​តែងតាំង​ជា​សេនាប្រមុខ បន្ទាប់ពី​ដក​តំណែង​មេទ័ព​កំពូល

នៅថ្ងៃ​ពុធ​នេះ កូរ៉េ​ខាងជើង​បាន​ប្រកាស​ជាសាធារណៈ​ថា លោក​គីម ជុងអ៊ុន ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ជា​សេនាប្រមុខ ដែល​ជា​កម្រិត​ខ្ពស់បំផុត ក្នុង​ជួរ​កងទ័ព​កូរ៉េ​ខាងជើង។ ការ​តែងតាំង​នេះ​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​​លោក​រី យ៉ុងហូ ដែល​ជា​សេនាប្រមុខរង និង​ជា​មេទ័ព​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ត្រូវ​បាន​ដក​ពី​តំណែង។ នេះ​ជា​សញ្ញា​បង្ហាញ​ថា លោក​គីម ជុងអ៊ុន កំពុង​តែ​ពង្រឹង​អំណាច​​ក្នុង​ជួរ​កងទ័ព បន្ថែម​ពីលើ​អំណាច​នយោបាយ។

លោក​គីម ជុងអ៊ុន ជាមួយ​មេដឹកនាំ​កងទ័ពកូរ៉េ​ខាងជើង (រូបថតឯកសារ)
លោក​គីម ជុងអ៊ុន ជាមួយ​មេដឹកនាំ​កងទ័ពកូរ៉េ​ខាងជើង (រូបថតឯកសារ) Reuters
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃ​ពុធ ម៉ោង​ប្រមាណ ១១ និង​១៥​នាទី (ម៉ោង​នៅ​កូរ៉េ​ខាងជើង) បណ្តាញ​ផ្សព្វផ្សាយ​​របស់​រដ្ឋ​កូរ៉េ​ខាងជើង (KCNA) ​បាន​ប្រកាស​ថា នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់ នឹង​មាន​សេចក្តីជូនដំណឹង​ពិសេស។

កន្លងមក នៅ​កូរ៉េ​ខាងជើង “សេចក្តីជូនដំណឹង​ពិសេស” ដែល​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ជាមុន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បែបនេះ គេ​ធ្លាប់​តែ​ឃើញ​មាន​ សម្រាប់​ព័ត៌មាន​សំខាន់ៗ​បំផុត​ប៉ុណ្ណោះ ដូចជា ​សេចក្តី​ជូនដំណឹង​ ​ស្តីពី​មរណភាព​របស់​លោក​គីម អ៊ីលស៊ុង និង​​​របស់​លោក​គីម ជុងអ៊ីល។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេនាំគ្នា​ទន្ទឹង​រង់ចាំ​មើល​ថា តើ​សេចក្តីជូនដំណឹង​ពិសេស​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជា​អ្វី? ដោយសារ​តែ​មាន​ការដោះដូរ​តំណែង​មេទ័ពកំពូលៗ​ប៉ុន្មាន​ថ្ងៃ​មុននេះ ធ្វើ​ឲ្យ​អ្នកខ្លះ​រហូតចោទ​ជា​សំណួរ​ថា តើ​លោក​គីម​ ជុងអ៊ុន កំពុង​នៅ​កាន់អំណាច​ដដែល​ឬ​យ៉ាងណា? ឬ​ក៏​នឹង​មាន​រដ្ឋប្រហារ​យោធា​ណាមួយ​កើតឡើង? តើ​លោក​គីម ជុងអ៊ុន នៅ​មាន​ជីវិតនៅឡើយ​ឬ​ក៏​យ៉ាងណា?

នៅទីបំផុត សេចក្តីជូនដំណឹង​ពិសេសនេះ គឺ​ប្រកាស​ពី​ការតែងតាំង​លោក​គីម ជុងអ៊ុន ជា​សេនាប្រមុខ​។ សេនាប្រមុខ គឺ​ជា​​ឋានន្តរសក្តិ​​កម្រិត​ខ្ពស់​បំផុត​ នៅ​ក្នុង​ជួរ​កងទ័ព​កូរ៉េ​ខាងជើង ក៏ប៉ុន្តែ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​លោក​គីម ជុង​អ៊ុន ជា​អគ្គមគ្គុទេសក៍​កូរ៉េ​ខាងជើង​ទទួល​ងារជា​សេនាប្រមុខ។ កន្លងមក ងារជា​សេនាប្រមុខ​នេះ ​ក៏​ធ្លាប់​ត្រូវ​បាន​ផ្តល់​ផងដែរ ​ដល់​លោក​គីម អ៊ីលស៊ុង និង​លោក​គីម ជុងអ៊ីល ដែល​ជាជីតា និង​ឪពុក​របស់​លោក​គីម ជុងអ៊ុន។

នៅមុន​ពេល​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ជា​សេនាប្រមុខ លោក​គីម ជុងអ៊ុន បានគ្រប់គ្រង​តំណែងកំពូលៗ​រួចជា​ស្រេច​ទៅហើយ ទាំង​នៅ​ក្នុង​ជួរ​​បក្ស (អគ្គលេខាធិការ​គណបក្ស​ពលករ​កូរ៉េ​ខាងជើង) និង​ក្នុង​ជួរ​កងទ័ព (ប្រធាន​គណៈកម្មការ​ការពារជាតិ និង​ជា​អគ្គបញ្ជាការ​កងទ័ព​ជាតិ)។

ក៏ប៉ុន្តែ ការ​ដំឡើង​ងារ​ជា​សេនាប្រមុខ ក្រោយ​ពី​បាន​ដក​តំណែង​មេទ័ព​ដ៏​មាន​ឥទ្ធិពល​នោះ គឺ​ជា​និមិត្តរូបមួយ បញ្ជាក់​ថា លោក​គីម ជុងអ៊ុន កំពុង​តែពង្រឹង​អំណាច​​ទ័ព​ពេញដៃ ហើយ​កំពុង​តែ​​​រុះរើ​មន្រ្តី​ទ័ព ដើម្បី​ដក​មន្រ្តី​ចាស់ៗ ​ដាក់​មន្រ្តី​ថ្មី ដែល​ជា​មនុស្ស​ជំនិត ងាយស្រួល​គ្រប់គ្រង។ គួរ​បញ្ជាក់ថា កន្លងមក អ្នក​សង្កេតការណ៍​ជាទូទៅ​ចេះតែ​នាំគ្នា​ចោទ​ជាសំណួរ​ថា តើ​លោក​គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​ក្មេងខ្ចី ខ្វះបទ​ពិសោធន៍ ពិតជា​អាច​ក្តោបក្តាប់​អំណាច​បាន​ពេញលេញ ឬមួយ​ក៏​គ្រាន់តែ​ជា​មេដឹកនាំ​មាន​តែ​ឈ្មោះ ហើយ​អំណាច​ពិតប្រាកដ​ស្ថិត​ក្នុង​ដៃ​មេទ័ព​ចំណាស់ៗ ពីជំនាន់​លោក​គីម ជុងអ៊ីល ជា​ឪពុក?

ងារ​ជា​សេនាប្រមុខ បូក​​​ជាមួយ​នឹង​តំណែង​ដែល​មាន​ស្រាប់ ​លោក​គីម ជុងអ៊ុន កំពុង​តែ​កាន់កាប់​គ្រប់​មុខ​​តំណែង និង​ងារ ដែល​ជីតា និង​ឪពុក​របស់​លោក​ធ្លាប់​កាន់កាប់ ធ្វើ​ឲ្យ​គាត់​កាន់តែ​​ទទួល​បាន​នូវ​ធម្មានុរូបភាព ជា​អ្នក​ស្នងត្រកូល​គីម ក្នុង​ឋានៈ​ជា​​អគ្គមគ្គុទេសក៍​របស់​កូរ៉េ​ខាងជើង។ ក៏ប៉ុន្តែ មាន​សំណួរ​ថ្មី​មួយ​ចោទឡើង​ថា តើ​លោក​គីម ជុងអ៊ុន នឹង​ប្រើប្រាស់​អំណាច​នេះ ដើម្បី​គ្រាន់តែ​ចង់​បន្ត​អនុវត្ត​នយោបាយ​​របស់​ជីតា និង​ឪពុក​គាត់​បន្ត​ទៀត ឬ​ក៏​គាត់​នឹង​យក​អំណាច​នេះ ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ផ្លាស់ប្តូរ​នយោបាយ ពី​ការ​ផ្តោត​អាទិភាព​ទៅលើ​វិស័យ​កងទ័ព មក​គិតគូរ​ដល់​កំណែទម្រង់​សេដ្ឋកិច្ច និង​សុខមាលភាព​របស់​ប្រជាជន ដែល​កំពុង​រងគ្រោះ​អត់ឃ្លាន?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ