អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្ស​ត្រ​អំពាវ​នាវ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចូល​ប្រជុំ​សភា​

នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​អំពាវនាវ​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ចូលប្រជុំ​សភា​ដំបូង​ នៅ​ថ្ងៃទី២៣​កញ្ញា​ តាម​ការកោះអញ្ជើញ​របស់​ព្រះអង្គ។ ជំនួប​កំពូល​ដ៏​ខ្លី​នេះ​ក៏​ត្រូវបាន​គណបក្ស​ទាំងពីរ​ចាត់ទុក ជា​ជំហាន​ជា​វិជ្ជមាន​មួយ​ដែរ ប៉ុន្តែ គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បានសម្រេច​ទេ។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​មេដឹកនាំ​កំពូល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​ទាំងពីរ​ចូលរួម​ប្រជុំ​សភា​ដំបូង​ ក្រោយ​ការបោះឆ្នោត។ ទន្ទឹមនឹង​ការអំពាវនាវ​នោះ ព្រះអង្គ​ក៏បាន​ចែក​លិខិត​កោះអញ្ជើញ​អ្នកតំណាងរាស្ត្រ​ទាំង ១២៣ រូប ក្នុងនោះ​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥ រូប ។

 
លិខិត​កោះប្រជុំ​ត្រូវបាន​ប្រគល់ជូន​គណបក្ស​ទាំងពីរ​រួចហើយ​ នៅក្នុង​ជំនួប​នោះ​តែម្តង។
សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជបន្ទូល​បញ្ជាក់ថា យោងតាម​មាត្រា៨២ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ​នឹង​កោះប្រជុំ​សភា​ដំបូង​ នៅ​ថ្ងៃទី ២៣ កញ្ញា។ នៅក្នុង​ព្រះរាជ​សុន្ទរកថា ថ្លែង​ទៅកាន់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រះមហាក្សត្រ​បាន​សាទរ​គណបក្ស​ទាំងពីរ​ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​ប្រកបដោយ​«ជោគជ័យ​ត្រចះត្រចង់»​កាលពី​ថ្ងៃទី ២៨ កក្កដា។

ព្រះអង្គ​ក៏បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​សហការគ្នា​ដោះស្រាយ​បញ្ហា ​ដោយ​ស្មារតី​យោគយល់​ដើម្បី​ថែរក្សា​សន្តិភាព ​និង​ស្ថិរភាព​ប្រទេស​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ភាពរុងរឿង​និង​ថ្លៃថ្នូរ​របស់​ជាតិ។

សូមបញ្ជាក់ថា ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៤ កញ្ញា​នេះ​បាន​ធ្វើឡើង​នៅក្នុង​ព្រះបរមរាជវាំង​ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ ភាគី​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សមាស​ភាព​បី​រូប គឺ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក សាយ ឈុំ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច។

ចំណែកឯ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​មាន លោក សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស រួមទាំង​លោក គួ​យ ប៊ុន​រឿន មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង។
កិច្ចប្រជុំ​បាន​ប្រ​ព្រឹ​ត្ត​​ទៅ​​មិន​ដល់​កន្លះ​ម៉ោង​ផង​ ក៏បាន​បិទ​បញ្ចប់​ទៅវិញ។

យោងតាម​ព្រះរាជសំណើ​របស់​ព្រះមហាក្សត្រ គណបក្ស​ទាំងពីរ​គ្រោង​ជួបគ្នា​ជាថ្មី ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ ​នៅឯ​មន្ទីរ​រដ្ឋសភា។ លោក សម រង្ស៊ី បាន​ហៅ​ជំនួប​កំពូល​នេះ​ ថា​ជា​ជំហាន​ថ្មី​មួយ​ក្នុង​ការបើកឆាក​តែប៉ុណ្ណោះ។ ប៉ុន្តែ លោក ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ បាន​ហៅ​ជំនួប​នេះ​ថា​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ ដែល​ឈានទៅ​បញ្ចប់​ជម្លោះ​នយោបាយ។

យ៉ាងណាក៏ដោយ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្តធ្វើ រីឯ​ការចូល​ប្រជុំ​សភា​ដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ ​ក៏​គណបក្សប្រឆាំង​បាន​បដិសេធ​ដោយ​ប្រយោល​រួចទៅហើយ។ ឆ្លើយ​នឹង​សំណួរ​នេះ លោក កឹម សុខា បញ្ជាក់ថា គណបក្ស​របស់លោក​បាន​បញ្ជាក់ប្រាប់​ព្រះមហាក្សត្រ​រួចហើយ​ ថា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​មិនអាច​ទទួលយក​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ