អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​យាង​ប្រទាន​ភ្លើង​ជ័យ ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦១

ដូច​ការ​គ្រោង​ទុក​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​វិច្ឆិកា​នេះ​ ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្តេច​យាង​ជា​ ព្រះ​រាជាធិបតីភាព​ និង​​ប្រទាន​ ភ្លើង​ជ័យ​ នៅ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ខួប​លើក​ទី​៦១​ (៩វិច្ឆិកា​១៩៥៣​-៩វិច្ឆិកា​២០១៤) ។​ អ្វី​ជា​ការ​កត់​សំគាល់​ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នេះ​ មិន​មាន​វត្តមាន​របស់​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ប្រធាន​គណបក្ស​ប្រឆាំង​ លោក​ សម រង្ស៊ី​ នោះ​ទេ។

RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មិន​ខុសពី​ទំលាប់​នៅ​រៀងរាល់ឆ្នាំ​នោះទេ មុនពេល​ព្រះមហាក្សត្រ​ប្រទាន​ភ្លើង​ជ័យ ដើម្បី​ជាការ​រំលឹក​ទៅដល់​ស្នា​ព្រះហស្ត និង​គុណូបក្ការៈ របស់​អតីតព្រះមហាក្សត្រ និង​អតីត​យុទ្ធជន​ ដែល​បាន​ដឹកនាំ​កម្លាំង​ចលា​នា​តស៊ូ ពលី​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​នោះ ព្រះករុណា​ព្រះមហាក្សត្រ បាន​ស្តេចយាង​សួរសុខទុក្ខ​មន្ត្រីជាន់ខ្ពស់​មកពី​ស្ថា​ប័ណ រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និង​មន្ត្រី​អង្គទូត​នានា​នា​នៅ​ប្រមាណ​ជា​ម៉ោង៨ព្រឹក។ ក្រោយពី​ការសួរសុខទុក្ខ​ជាមួយ​មន្ត្រី​អង្គទូត​នានា​ហើយ ព្រះករុណា ព្រះមហាក្សត្រ ក៍បាន​ស្តេចយាង​ប្រទាន​ភ្លើង​ជ័យ​ដែល​តំកល់ទុក​រយៈពេល​បី​ថ្ងៃ នៅក្នុង​វិមានឯករាជ្យ ដោយមាន​ការ​អមដំណើរ​ពីក្រោយ ដោយ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជា​ចំនួន៤រូប រួមមាន លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​លោក សាយ ឈុំ អនុប្រធាន​ទី១នៃ​ព្រឹទ្ធសភា។ ក្រោយ​ពិធី​ប្រទាន​ភ្លើង​ជ័យ ពិធី​បង្ហោះ​ប៉េងប៉ោង​ក៍​បានចាប់ផ្តើម ដែល​បាន​បង្ក​ឲ្យ​មាន​បរិយាកាស សប្បាយ រីករាយ មុនពេល​ព្រះមហាក្សត្រ​បាន​ស្តេចយាង​ចុះសួរសុខទុក្ខ​ជាមួយ​កូនចៅ​របស់​ព្រះអង្គ ជា​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត។ ពិធី​ប្រទាន​ភ្លើង​ជ័យ​បានបញ្ចប់ នៅពេលដែល​ព្រះ​មហាក្សត្រ​បាន​ស្តេចយាង​និវត្តន៍​ទៅកាន់​ព្រះបរមរាជវាំង​វិញ ដោយ​មិនមាន​ព្រះរាជ​បន្ទូល​​អ្វី​ទៅកាន់​មហាជន​នោះទេ។

សូមបញ្ជាក់ថា ទិវា​បុណ្យ​ឯករាជ​ជាតិ​ខួប​លើក​ទី៦១ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០១៤) បានធ្វើ​ឡើង​ក្នុង​បរិយាកាស​សប្បាយរីករាយ ដោយមាន​ការចូលរួម​ពី​អ្នកតំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​ផងដែរ ក៍​ប៉ុន្តែ​អ្វី​ជាការ​កត់សំគាល់​នោះ គឺ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​កាលពី​ព្រឹក​ម៉ិ​ញ មិនមាន​វត្តមាន​រប​ស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ ចំណែកឯ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍​មិនបាន​ចូលរួម​នោះដែរ ដោយ​លោក​កំពុង​ជាប់រវល់​នៅក្នុង កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​​ចិន ចាប់ពី​ថ្ងៃទី៧ដល់​ថ្ងៃទី៩វិច្ឆិកានេះ។

ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ​ស្នា​ព្រះហស្ត​របស់​ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​យុទ្ធជន​កម្ពុជា ដែល​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យភាព​ពេញលេញ​ពី​ប្រទេស​បារាំង​បានមក​វិញ​នៅ​ថ្ងៃទី៩ខែវិច្ឆិកា​ឆ្នាំ១៩៥៣។ ថ្ងៃ៩វិច្ឆិកា​​​ឆ្នាំ​១៩៥៣​-​៩​វិច្ឆិកា​២០១៤​ ក៍​ជា​ខួប​លើក​ទី៦១ នៃ​ថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ