អានតួអត្ថបទ
កៀហ្ស៊ីស៊ីស្ថាន​-ចិន

ភេរវកម្ម​អត្តឃាត​នៅពីមុខ​ស្ថានទូត​ចិន ​ក្នុង​រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន​

ព្រឹក​ថ្ងៃ៣០សីហា​នេះ មាន​ភេរវជន​អត្តឃាត បានបើក​រថយន្ត​ផ្ទុកទៅដោយ​គ្រឿងផ្ទុះ​ទៅ​បុក​យ៉ាង​គំហុក ច្រកចូល​នៃរបង​ស្ថានទូត​ចិន​ ក្នុង​រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន​ ជា អតីត​សាធារណរដ្ឋ​សូវៀត ស្ថិតនៅ​តំបន់​អាស៊ីកណ្តាល​ មាន​ព្រំដែន​ខាងកើត​ គឺ ជាប់​នឹង​ប្រទេសចិន​តែម្តង។​ ពេលបុក​នោះ​ ​រថយន្ត បាន​ផ្ទុះគ្ឌាំង ហើយ​ផ្តាច់ជីវិត​​ភេរវជន​នៅនឹង​កន្លែង ដោយ​ថែមទាំង​បណ្តាលឲ្យ​របួស មនុស្ស​៣នាក់​នៅក្បែរ​នោះ​ទៅផង។​ 

រថយន្ត​ប៉ូលិស​ចត​នៅក្បែរ​​កន្លែង​ភេរវកម្មប្រឆាំង​ស្ថានទូតចិន​ នៅ​ Bishkek
រថយន្ត​ប៉ូលិស​ចត​នៅក្បែរ​​កន្លែង​ភេរវកម្មប្រឆាំង​ស្ថានទូតចិន​ នៅ​ Bishkek Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅ​ពួកអ្នក​កាសែត​ លោកឧប​នាយរដ្ឋមន្ត្រី​កៀហ្ស៊ីស៊ីស្ថាន Jenish Razakov ​បានឲ្យ​​ដឹងថា៖​ មានតែ​ភេរវជនអត្តឃាត​ម្នាក់​ប៉ុណ្ណោះ​ ដែលធ្លាក់ខ្លួន​ស្លាប់​ ចំណែក​អ្នកយាម ស្ថានទូត​បាន​របួសអស់​៣នាក់​ គេសុទ្ធតែ​ជា​ពលរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន​ បម្រើការ​ឲ្យស្ថានទូត​ចិន​ ហើយ​​​ត្រូវបាន​ដឹកទៅ​មន្ទីរពេទ្យ​ទៅហើយ។​ ​តាមសម្តី​គ្រូពេទ្យ​ ក្នុង​៣នាក់​នោះ គ្មាន​នរណា​ម្នាក់​របួសធ្ងន់​ឡើយ។​

តាមប្រភព​ប៉ូលីស នៅក្រុង Bichkek​ រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន​ រថយន្តម៉ាក​ Mitsubishi Delica​ ជិះដោយ​មនុស្សម្នាក់​ បានបើក​លឿនរ៉េវ​តម្រង់ទៅបុក​ខ្លោងទ្វារមួយ​​នៃអគារ​ស្ថានទូត​ មុននឹង​​វាផ្ទុះ​​នៅជិត​និវេសនដ្ឋាន​ឯកអគ្គ​រដ្ឋទូត​ចិន។ ប្រភព​ក្នុងស្ថាប័ន​សន្តិសុខ​ជាតិ​នៃ​រដ្ឋនោះ​​​ដែលស្ថិតនៅ​តំបន់​អាស៊ីកណ្តាល​ មាន​ព្រំដែន​​ជាប់ នឹង​ប្រទេសចិន បាន​លំអិត​ថា​ ក្នុង​រថយន្តនោះ​ ​មានលាក់ទុក​ជាស្រេច​គឺ "គ្រឿងផ្ទុះ"។​

កសិណ​សាក្សី​នាំគ្នារៀបរាប់​ថា  អំបែងផ្ទុះ​បានខ្ទាត​​ដល់ចម្ងាយ ២០០ម៉ែត្រ​ពីកន្លែងផ្ទុះ​ បណ្តាល​​ឲ្យ​កញ្ចក់​ផ្ទះអ្នកស្រុក​ក្នុងរង្វង់នោះ​បែកខ្ចាយ​ទៅ។ តាម​ទីភ្នាក់ងារព័ត៏មាន​ក្នុងស្រុក​ AKIPress គ្រប់តែ​បុគ្គលិក​ស្ថានទូត​ចិន​ និងស្ថានទូត​ស.រ.អា. នៅក្បែរ​នោះ ត្រូវបាន​ជម្លៀសចេញ​ទៅ​ទីសុវត្ថិភាព។​

កៀហ្ស៊ីស៊ីស្ថាន​ជាប្រទេសក្រីក្រ​ ​ដោយ​អ្នកស្រុកភាគច្រើន​កាន់​សាសនា​អ៊ីស្លាម អស់ពេល យ៉ាងយូរ ​បានធ្លាក់ក្នុង​អស្ថិរភាព​នយោបាយ ទាំងខំ​ប្រយុទ្ធទល់នឹង​ពួកអ៊ីស្លាម​ជ្រុលនិយម។ ​អាជ្ញាធរ​​កៀហ្ស៊ីស​តែងព្រួយបារម្ភនឹង​ឥទ្ធិពលកាន់តែខ្លាំងឡើងៗ​ ពីខាង​អង្គការ​ភេរវនិយម រដ្ឋអ៊ីស្លាម ​​ក្នុង​ប្រទេស​ខ្លួន ហើយរមែង​ប្រកាស​ជារឿយៗ​ថា បានកំចាត់​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​​ភេរវកម្ម​​បង្កដោយ​អង្គការនោះ។​ ឆ្នាំទៅ កងកម្លាំងសន្តិសុខ​កៀហ្ស៊ីស​បានប៉ះទង្គិច​ ជា​ច្រើនលើក​ បណ្តាលឲ្យមាន​ស្លាប់ ទល់នឹង​ពួកដែលថា​ “ភេរវជន” ​ក្នុងក្រុង​ Bichkek។​

តាមតួលេខ​អាជ្ញាធរ​ បច្ចុប្បន្ន​ មានជាតិកៀហ្ស៊ីស​ប្រមាណ​៥០០នាក់ ច្បាំងនៅខាង​អង្គការ​រដ្ឋអ៊ីស្លាម​​ ក្នុងប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។​ ក្នុងឆ្នាំ​២០០០​ មានមន្ត្រីចិន​ម្នាក់​បាន​ត្រូវបាញ់​សម្លាប់​ នៅ​កៀហ្ស៊ីស៊ីស្ថាន​ តាមមើលទៅ​ គឺ​ដោយ​ជនជាតិអ៊ីស្លាម​ភាគតិច​ មកពី​តំបន់អ៊ុយហ្គួរ​ប្រទេស​ចិន៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ