អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស កូរ៉េ

ទូតកម្ពុជាប្រចាំ​កូរ៉េ​៖ មាន​ជន​ជាតិ​ខ្មែរ​ ​៣នាក់​បាន​ឆ្លង​កូវីដ​១៩​ នៅ​កូរ៉េខាងត្បូង

នៅ​សៅរ៍ ទី២១ ខែមីនា ឆ្នាំ​២០២០​នេះ មាន​ជនជាតិ​ខ្មែរ​ចំនួន​៣នាក់ នៅ​ទីក្រុង​ប៊ូឆុន ប្រទេស​កូរ៉េខាង​ត្បូង បាន​ឆ្លង​​ COVID-19​។ នេះ​បើ​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ឯកអគ្គរាជទូតខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​បញ្ជាក់​ថា​ស្ថានភាព​សុខភាព​របស់​អ្នក​ទាំង​៣​គឺ​ល្អ​ប្រសើរ​។

កន្លែងតេស្ត៍រកមេរោគកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូង
កន្លែងតេស្ត៍រកមេរោគកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូង AFP
ផ្សាយពាណិជ្ជកម្ម

តាម​រយៈទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​បាន​ជូន​ដំណឹង​ជា​បឋមថាថ្ងៃសៅរ៍ ទី២១​ ខែមីនា​ ឆ្នាំ២០២០​នេះ​ មាន​ជនជាតិ​ខ្មែរ​ចំនួន​៣នាក់ ដែល​ជា​នារី​ខ្មែរ​រៀប​ការ​ស្វាមី​កូរ៉េ​ ០១​នាក់​ អាយុ​២៣ឆ្នាំ​ ម្តាយ​អាយុ​ ៤៦ឆ្នាំ​ រួម​ជា​មួយ​នឹង​កូន​ប្រុស​អាយុ​ទើប​៣ខែ នៅទី​ក្រុង​ប៊ូឆុន​ ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ​ពីទី​ក្រុង​សេអ៊ូល​ បានឆ្លងវីរ៉ុស​ COVID-19 ពី​ប្តី​របស់​គាត់​។

បើ​តាម​ស្ថាន​ទូត​ខ្មែរ នៅ​យប់​ថ្ងៃទី​២១ មីនា ២០២០ ក្រុម​គ្រូពេទ្យ​កូរ៉េ​ បាន​បញ្ជូន​ពួក​គាត់​ទៅ​មន្ទី​ពេទ្យ​ម៉្យុង​ជី នៅ​អ៊ីល​សាន ដើម្បី​ពិនិត្យ​ និង​ព្យាបាល​។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​រសៀល​នេះ​ថា អ្នក​ទាំង​៣​នាក់​គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​។

ស្ថាន​ទូត​ខ្មែរ​ក៏បានឲ្យដឹងដែរថា​ ប្តី​របស់​នារី​ខ្មែរ​រូប​នេះ​ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​មាន​ COVID-19 នៅ​ថ្ងៃទី​០៧​ ខែមីនា​ ឆ្នាំ​២០២០​និង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ព្យាបាល​ជិត​ជា​សះស្បើយ​រួច​ទៅ​ហើយ​។

បច្ចប្បន្ន​ ស្ថាន​ទូត​បាន និង​កំពុង​តែ​ប្រមូល​ព័ត៌មាន​ច្បាស់​ការ​បន្ថែម​ទៀត និង​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​ក្រសួង​ការ​បរទេស​កូរ៉េ អាជ្ញាធរ​សុខាភិ​បាល មន្ទីរ​ពេទ្យ​អ៊ីលសាន​ម៉្យុង​ជី និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ បន្ថែម​ពី​នោះ​កំពុង​បញ្ជូន​មន្ត្រី​ចុះ​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ផ្ទាល់ ដើម្បី​តាម​ដាន​ពី​ស្ថាន​ភាព​សុខភាព​របស់​ពួក​គាត់​នា​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា​នេះ​។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ស្ថាន​ទូត​ខ្មែរ​។

នៅ​ថ្ងៃសៅរ៍ ទី២១ ខែ​មីនា ម្សិលមិញ កូរ៉េខាង​ត្បូង​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវី១៩ ចំនួន​៩៨​ករណី​បន្ថែម​ទៀត ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​កើន​ឡើង​ដល់​៨,៨៩៧​ករណី​។ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ការពារ​ជំងឺ​របស់​កូរ៉េ KCDC​។ ចំណែក​អ្នក​ឆ្លង​កូវី១៩ ហើយ​បាន​ស្លាប់​មាន​ចំនួន​១០៤​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ចាស់ និង​អ្នក​ដែល​មាន​ជំងឺ​ស្រាប់​។ អត្រា​មរណៈដោយ​កូវីដ​១៩ គិត​នៅ​ថ្ងៃសៅរ៍ ទី២១ ខែ​មីនា គឺ​មាន​ត្រឹម​តែ​១.១៧​ភាគ​រយ​ប៉ុណ្ណោះ ចំណែក​មនុស្ស ដែល​មាន​អាយុ​លើស​ពី​៨០​ឆ្នាំ​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​ ពោល​គឺ​១០.៤៦​ភាគ​រយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ