អានតួអត្ថបទ
កម្ពុជា រដ្ឋាភិបាល

រដ្ឋមន្ត្រីចំនួន៤​ក្រសួង​ត្រូវ​បាន​ស្នើរុះរើ​នៅ​ពាក់​កណ្តាល​អាណត្តិ​នេះ​

រដ្ឋ​មន្ត្រី​ចំនួន​៤​ក្រសួង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ស្នើ​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​លើ​ការ​តែងតាំង​និង​កែ​សម្រួល​នៅ​ពាក់​កណ្តាល​អាណត្តិ​។ ការ​បោះឆ្នោត​រុះរើ​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹក​នាំ​ក្រសួង​ទាំង​នេះ ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា ដោយ​សារ​តែ​មាន​តម្រូវ​ការ​ចាំបាច់​និង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋាភិបាល​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ក្រសួង​ទាំង​៤​ដែល​ត្រូវ​បាន​ដក​ចេញ​និង​តែងតាំង​មនុស្ស​ថ្មី​មក​ជំនួស​នោះ​មាន​៖រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ត្រូវ​បាន​តម្លើង​ឋានៈ​ជា​ទេស​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​បេសកម្ម​ពិសេស ហើយ​លោក កើត រិទ្ធ ជា​រដ្ឋ​លេខាធិការ ក្រសួង​យុត្តិធម៌ ត្រូវ​បាន​ស្នើ​តែងតាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​នេះ​។ ចំណែក​លោក​ ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ក៏​ត្រូវ​បាន​តម្លើង​ឋានៈ​ទៅ​ជា​ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកម្ម​ពិសេស​ដែរ ខណៈ​លោក ឈិត សុខុន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ស្នើ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ជំនួស​វិញ​។

រីឯ​លោក ត្រាំ អ៊ីវតឹក រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​បាន​តម្លើង​ឋានៈ​ជា​ទេស​រដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​បេសកម្ម​ពិសេស ហើយ​លោក ជា វ៉ាន់ដេត ដែល​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ និង​ជា​ប្រធាន​គណៈកម្មការ​ទី៣​នៃ​រដ្ឋសភា ត្រូវ​បាន​ស្នើ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគម​ន៍។ លោក​ក៏​ជា​អតីត​នាយក​ខុទ្ទកាល័យ​របស់​អតីត​រដ្ឋ​មន្ត្រី​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ជំនាន់ លោក សុខ អាន និង​ជា​ស្ថាប​និក​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​។

ដោយ​ឡែក លោក ពេជ្រ ប៊ុនធិន រដ្ឋ​មន្ត្រី​មុខងារ​សាធារណៈ ត្រូវ​បាន​តម្លើង​ឋានៈ​ជា​ទេស​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​បេសកម្ម​ពិសេស ហើយ​លោក ព្រុំ សុខា ជា​រដ្ឋ​លេខាធិការ​ត្រូវ​បាន​ស្នើ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ។​ នេះ​បើ​តាម​លិខិត​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​។

យ៉ាង​ណាក៏​ដោយ​ទាំង​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​រុះរើសសមាស​ភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ក្រសួង​ចំនួន​៤​នេះ ខណៈ​ដែល​រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សមាសភាព​ថ្មី​នៃ​រដ្ឋាភិបាល​នេះ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។

ក៏​ប៉ុន្តែ​ បើ​តាម​លិខិត​ដែល​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​ហ្វេសប៊ុក​នៅ​យប់​ថ្ងៃសុក្រ លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ការ​រុះរើ​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹក​នាំ​ក្រសួង​ទាំង​នេះ ធ្វើ​ឡើង​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ចាំ​បាច់​និង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋាភិបាល​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ