អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

បក្សប្រជាធិបតេយ្យមូលដ្ឋានស្នើរដ្ឋសភាអនុម័តកញ្ចប់ថវិកាពិសេសសម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ច

គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្នើ​ឱ្យ​រដ្ឋ​សភា​ជាតិ​អនុម័ត​ច្បាប់​បញ្ចេញ​ថវិកា​ពិសេស​បន្ថែម​សម្រាប់​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ និង​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ និង​សន្តិ​សុខ​ស្បៀង​។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ជាតិ​អះអាង​ថា រដ្ឋ​សភា​នឹង​ធ្វើ​តាម​នីតិ​វិធី​លើ​បញ្ហា​កញ្ចប់​ថវិកា​ពិសេស​នេះ បើ​មាន​សំណើ​ពី​រដ្ឋា​ភិបាល​។

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @Internet
ផ្សាយពាណិជ្ជកម្ម

បក្សប្រជាធិបតេយ្យមូលដ្ឋានបានកត់សម្គាល់ថា វិបត្តិកូវីដ១៩ កំ​ពុងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់ប្រជាពល​រដ្ឋ និងសង្គមជាតិទាំងមូល ហើយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មិនមានខ្ទង់ចំណាយសម្រាប់ដោះស្រាយផលវិបាកធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គ​មជាតិដែលបណ្តាលមកពីវិបត្តិកូវីដ-១៩នេះទេ។ ហេតុដូច្នេះហើយ គណបក្សនេះស្នើឱ្យអង្គនីតិប្បញ្ញតិ្តអនុម័តច្បាប់បញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែម សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចមានធនធានហិរញ្ញវត្ថុសមស្របគ្រប់គ្រាន់ ដើម្បីធ្វើការ​ងារទប់សា្កត់កុំឱ្យមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស និងដោះស្រា​យវិបត្តិសេដ្ឋ​កិច្ច ហិរញ្ញវត្ថុ និង សន្តិសុខស្បៀងនៅកម្ពុជាទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យរដ្ឋសភាជាតិកម្ពុជា លោកឡេង ប៉េងឡុង បានអះអាងថា រដ្ឋសភាមិនទាន់ទទួលបានសំណើនេះនៅឡើយទេ។ ប៉ុន្តែ លោកថា រដ្ឋសភានឹងធ្វើតាមនីតីវិធីរបស់ខ្លួនចំពោះបញ្ហាកញ្ចប់ថវិកាពិសេសបន្ថែមនេះ បើសិនមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជា។ តាមលោកឡេង ប៉េងឡុង មកដល់ពេលនេះ រដ្ឋសភាជាតិមិនទាន់ ទទួលសំណើណាមួយពីរដ្ឋាភិបាលកម្ពុជានោះទេ ដូច្នេះហើយ គឺបន្តប្រើប្រាស់កញ្ចប់ថវិកាចាស់ដែលរដ្ឋសភាបានអនុម័តកន្លងមក។

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ កញ្ចប់ថវិកាពិសេសនេះ គឺមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ បើតាមគណបក្សនេះ កញ្ចប់ថវិកានេះ អាចយកទៅដោះ​ស្រាយបញ្ហាសំខាន់ៗដូចជា ធ្វើជាទុនបន្ថែមដែលមានការអត្រាការប្រាក់ទាបបំផុតជួយដល់ធនាគារឯកជន និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ការផ្អាកបង់រំលស់ប្រចាំខែរបស់ពលរដ្ឋក្នុងរយៈពេលខ្លី។ កញ្ចប់ថវិកា​នេះ ក៏សម្រាប់ជួយឧប​ត្ថម្ភដល់កម្មករ និង បុគ្គលិកក្នុង និងក្រៅប្រព័ន្ធដោយម្នាក់ៗទទួលបាន៥០ម៉ឺនរៀលក្នុងមួយខែ និង សម្រាប់គាំទ្រដល់កសិករ បង្កើនការផលិតទូទាំងប្រទេស និងបែងចែកស្បៀងភ្ជាប់ជាមួយការបញ្ជូនគ្រូកសិ​កម្ម៥០០នាក់ជួយដល់កសិករផលិត។ ម្យ៉ាងវិញទៀត វាក៏សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ និងសម្រាប់គាំទ្រដល់ក្រុមហ៊ុន សហគ្រាសដែលរងផលប៉ះពាល់ផងដែរ។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការចាំបាច់មួយចំនួនដូចជា ការបិទសាលា បិទហាងផឹកស៊ី ក្លិបកម្សាន្ត មិនអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និង ការបិទការធ្វើដំណើរជាដើម។ ចំពោះកម្មករ កម្មការិនីដែលអស់ការងារធ្វើព្រោះតែរោងចក្រព្យួរការងារដោយសារតែជំងឺកូវីដ-១៩ រដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ៧០ដុល្លារក្នុងមួយខែ គឺរដ្ឋចេញ៤០ដុល្លារ  និង ចៅកែរោងចក្រចេញ៣០ដុល្លារ។ រដ្ឋាភិបាលកម្ពុជាក៏បានត្រៀមបម្រុងថវិកាពី៨០០ទៅ២ពាន់លានដុល្លារអាមេរិក ដើម្បីសង្រ្គោះសេដ្ឋកិច្ចកម្ពុជាពីការរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ