អានតួអត្ថបទ
កម្ពុជា សង្គម

សហគមន៍​ព្រៃឡង់៖ ជិត​២​ខែ​ដែល​មន្ត្រី​ឧទ្យាន​នុរក្ស​មិន​អនុញ្ញាត្ត​ឲ្យ​ចុះ​ល្បាត​ព្រៃ​ដូច​មុន

បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ប្រមាណ​ជា​ជិត​២​ខែ​មក​ហើយ ដែល​អាជ្ញាធរ និង​មន្ត្រីឧទ្យាន​នុរក្ស​របស់​ក្រសួង​បរិស្ថាន មិន​អនុញ្ញាត្ត​ឲ្យ​ពួក​គេ​ចុះ​ល្បាត​ព្រៃ​ដូច​ពេល​មុន​ទៀត។ ជំនួស​ឲ្យ​ការ​ចូល​ព្រៃ​មិនបាន បណ្តាញ​សហគមន៍​ព្រៃឡង់​កំពុង​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​តាម​ដាន​បទល្មើស​ព្រៃឈើ​បាន​ដូច​គ្នា  គឺ​បច្ចេកវិទ្យា​ផ្តិត​យក​រូបភាព​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ឬ​ហៅ​ថា “satellite imagery”។ 

គល់ឈើដែលគេកាប់នៅតំបន់ព្រៃឡង់
គល់ឈើដែលគេកាប់នៅតំបន់ព្រៃឡង់ © FB by Soeun Makara
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់ ហាម​ឃាត់​មិន​ឲ្យ​ចុះ​ទៅ​ល្បាត​ព្រៃ​ក្នុង​ខេត្ត​ទាំង​៤​ដែល​គ្រប​ដណ្ដប់ដោយ​ព្រៃឡង់​រួមមានៈ ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ គឺ​បន្ទាប់​ពី​មន្ត្រី​ឧទ្យាននុរក្ស ចោទ​ប្រកាន់​បណ្តាញ​សហគមន៍​ព្រៃឡង់​ចូល​ទៅ​តំបន់​ស្នូល​ដែល​ជា​ដែនដី​អភិរក្ស​របស់​ក្រសួងបរិស្ថាន។ តែ​ផ្ទុយ​ទៅ​វិញ​តំបន់​ស្នូលមាន​ការ​ហាម​ឃាត់​ជា​កន្លែង​មួយ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន ព្រោះ​បើ​តាម​សហគមន៍​ព្រៃឡង់ ក្រសួងបរិស្ថាន​មិន​ទាន់​បែង​ចែក​ថា តំបន់​ណា​គ្រប់គ្រង​ដោយ​សហគមន៍ តំបន់​ណា​គ្រប់គ្រង​ដោយ​ក្រសួង ឬ​តំបន់​ណាសម្រាប់​អាស្រ័យ​ផល​នោះ​ទេ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក ង៉ាន់ បញ្ញា មន្ត្រី​គំរោង​នៃ​បណ្ដាញ​យុវជន​កម្ពុជា​បាន​គូសបញ្ជាក់ថា​ ជំនួស​ឲ្យ​ការ​ខក​ខាន​ចុះ​ល្បាត​ព្រៃ បណ្តាញ​សហគមន៍​ព្រៃឡង់ បន្ត​សកម្មភាព​តាម​ដាន​បទ​ល្មើស​ព្រៃឈើ​តាម​ប្រព័ន្ធ​ផ្កាយ​រណប ដោយ​ប្រើ​បច្ចេក​វិទ្យា​ផ្តិត​យក​រូប​ភាព ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញ។  ហើយ​តាម​គម្រោង នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត បណ្តាញ​សហគមន៍​ព្រៃឡង់ នឹង​ផ្សព្វផ្សាយ​រូបភាព​ពី​ផ្កាយរណប ដោយ​បង្ហាញ​ពី​ការ​បាត់​បង់​ព្រៃឈើ។ មួយ​ផ្នែក​នៃ​ការ​ប្រើប្រាស់​ផ្កាយ​រណប តាម​ដាន​សកម្មភាព​បទល្មើស​ព្រៃ​ឈើ ក៏​ជា​ការ​ឆ្លើយតប​នឹង​ការ​រិះគន់​របស់​ក្រសួង​បរិស្ថាន​ដែល​តែង​ថា សហគមន៍​ព្រៃឡង់​ថត​រូប​គល់ឈើ​ចាស់​មក​ធ្វើ​ជា​របាយការណ៍​ថ្មី។ នេះ​បើ​តាម លោក ង៉ាន់ បញ្ញា។

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភត្រ្តា អះអាងថា ការ​ប្រើប្រាស់​បច្ចេកទេស​អ្វី​ក៏​ដោយ ត្រូវ​ឈរ​លើ​ភាពត្រឹម​ត្រូវ​មាន​កំណត់​ក្នុង​ច្បាប់។ ដូច​រៀង​រាល់​ដង​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ ទទួលស្គាល់​ថា បទល្មើស​ព្រៃ​នៅ​តែ​កើត​មាន តែ​កើត​ឡើង​ក្នុង​ទម្រង់​តូចៗ ខណៈ​សកម្មភាព​ធំៗ​បាន​ស្ងប់​ស្ងាត់​ទៅ​ហើយ។ ចំពោះការ​ហាម​ឃាត់​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​ឡង់ ក្នុង​ករណី​ខ្លះ​មិន​មាន​ការអនុញ្ញាត្ត​ពីក្រសួង​បរិស្ថាន ហើយ​សហគមន៍​មិនមាន​ភាព​ស្មោះ​ត្រង់ ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​ក្រសួង។ បើ​តាម​លោក នេត្រ ភត្ត្រា ក្រសួង​បរិស្ថាន​មិន​ទទួលបាន​ប្រយោជន៍ ពី​ការ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​នោះ​ទេ តែ​ដោយ​សារ​ពេល​ខ្លះ​សកម្មភាព និង​របាយការណ៍​ខ្លះ​មាន​ភាព​មិន​ស្មោះត្រង់។

ជុំ​វិញ​បញ្ហា​បទល្មើស​ព្រៃ​ឈើ​នេះ​ដែរ គេ​នៅ​ចាំ​បាន​ថា កាល​ពី​កណ្ដាល​ឆ្នាំ​២០១៩ គណៈកម្មការជាតិ​ទប់ស្កាត់ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​ដាក់​ចេញ​បទ​បញ្ជា​ដុត​វត្ថុ​តាង​ដែល​ជា​រថយន្ត​ដឹក​ឈើ​នៅ​នឹង​កន្លែង។ ក្នុង​នោះរថយន្ត​ដឹក​ឈើ​ជា​ច្រើន​គ្រឿង​ត្រូវបាន​ដុតចោល​នៅ​នឹង​កន្លែង​ដើម្បី​ជា​ការ​ព្រមាន​ដល់​ក្រុម​ឈ្មួញ​ក្រាក់ៗ​រក​ស៊ីកាប់​ឈើ។ វិធាការ​កាល​ណោះ​ទទួល​បាន​ប្រសិទ្ធភាព​មួយ​ស្របកធំ តែ​ក្រោយ​មក​បទ​ល្មើស​ព្រៃ​ឈើ​ត្រូវ​បាន​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​រិះគន់​ថា នៅ​តែ​កើត​មាន​ក្នុង​រូបភាព​ធំ​ដដែល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ