អានតួអត្ថបទ
នយោបាយ-កូរ៉ូណាវីរុស

លោក សម រង្ស៊ី ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកលុយជំនួយអឺរ៉ុប៦០លានដុល្លារទៅផ្តល់បន្ថែមដល់កម្មករ

អតីត​ប្រធាន​អតីត​គណ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​កាល​ពី​ថ្ងៃ​ពុធ បាន​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​យក​ទឹក​ប្រាក់​ជំនួយ​របស់​អឺរ៉ុប​ប្រមាណ​ជា​៦០​លាន​ដុល្លារ​អាមេរិក​ទៅ​ផ្តល់​បន្ថែម​ដល់​កម្មករ កម្មការិនី​ខ្មែរ​ដែល​អត់​មាន​ការងារ​ធ្វើ​។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​លើក​ឡើង​ថា នេះ គឺ​គ្រាន់​តែ​ជា​វោហា​រសាស្ត្រ​នយោ​បាយ ហើយ​រដ្ឋា​ភិបាល​មិន​ធ្វើ​តាម​ការ​លើក​ឡើង​ណា​មួយ​របស់​លោក សម រង្ស៊ី ឡើយ​។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @REUTERS
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុក លោកសម រង្ស៊ី បានលើកឡើងថា ថវិកាជំនួយរបស់សហភាពអឺរ៉ុប គឺអាចយកទៅផ្តល់ឱ្យកម្មករ កម្មការិនីក្នុងម្នាក់ៗ ៥០ដុល្លារក្នុងរយៈពេល៦ខែបាន។ បើតាមលោកសម រង្ស៊ី បើបន្ថែមថវិកា៥០ដុល្លារថែមទៀតនោះ គឺប្រាក់ឧបត្ថម្ភសម្រាប់កម្មករម្នាក់ៗដែលមាន៧០ដុល្លារក្នុងមួយខែ នឹងឡើងដល់ ១២០ដុល្លារក្នុង១ខែ ពោល គឺស្មើទៅនឹងអ្វីដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្លាប់ប្រកាសផ្តល់ឱ្យកម្មករ កម្មការិនីដែលអស់ការងារធ្វើដោយសារតែរោងចក្រផ្អាកសកម្មភាពព្រោះតែជំងឺកូវីដ-១៩។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលើកឡើងរបស់លោកសម រង្ស៊ីនេះថា ជាវោហារសាស្ត្រនយោបាយ ដើម្បីចង់ទទួលបានការឆ្លើយតបពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ បន្ថែមលើនេះ លោកអះអាងថា ការលើកឡើងនេះ គឺមិនមានតម្លៃដែលអាចឱ្យរដ្ឋាភិបាលកម្ពុជាធ្វើការឆ្លើយតបទៅវិញនោះឡើយ។ បើតាមលោកផៃ ស៊ីផាន រដ្ឋាភិបាលកម្ពុជាមានភាពឯករាជ្យ និង ម្ចាស់ការក្នុងការអនុវត្តវិធានការនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលកើតចេញពជំងឺកូវីដ-១៩ ហើយរដ្ឋាភិបាល​គ្មានភាពចាំបាច់ត្រូវធ្វើតាមអ្នកណានោះទេ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុបទើបតែបានអនុម័តឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន៥៦លាន​​អឺរ៉ូ ឬស្មើនឹងប្រមាណ៦០​លាន​ដុល្លារអាមេរិកពីកម្មវិធីកំពុងដំណើរការមួយចំនួនសម្រា​ប់ជួយដល់កម្ពុជាលើវិស័យ​គាំពារ​​​សង្គមក្នុង​ការស្ដារ​សេដ្ឋកិច្ចពីវិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ ក្រៅពីសហភាពអឺរ៉ុបនេះ កម្ពុជាក៏បានទទួលថវិកាជំនួយពីប្រទេសផ្សេងទៀតផងដែរ ​រួមមាន អាមេរិកផ្តល់២លានដុល្លារ អាល្លឺម៉ង់ផ្តល់១លាន៦សែនដុល្លារ វៀតណាមផ្តល់ក្នុងកញ្ចប់ថវិការួមជាមួយឡាវ២០ម៉ឺនដុល្លារ ខណៈជប៉ុន និង ចិនបានផ្តល់ជំនួយជាសម្ភារពេទ្យ និងអ្នកជំនាញសុខាភិបាលជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ចំណែក រដ្ឋាភិបាលកម្ពុជាវិញ បានគ្រោង​ថវិកា​ចំនួន​១០០​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ផែន​ការ​មេ​ក្នុង​ការ​ប្រយុ​ទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩នេះ។ ក្នុង​នោះ​ ថវិកា​​ជាតិមាន​៦០​លាន​ដុល្លារ និង​រកជំនួយពីដៃគូ​អភិវឌ្ឍន៍​​៤០​លាន​ដុល្លារ។ កម្ពុជាក៏បានត្រៀមថវិកាបម្រុងពី៨រយទៅ២ពាន់ដុល្លារអាមេរិកផងដែរ ដើម្បីសង្រ្គោះផ្នែកសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ