អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើអាមេរិកគាំទ្រដំណើរការរយៈពេលវែងនៃរោងចក្រនៅកម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​ស្នើ​ឲ្យ​អាមេរិក​គាំទ្រ​ដំណើរ​ការរោង​ចក្រ​នៅ​កម្ពុជា ក្នុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ការ​ស្នើ​សុំ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-អាមេរិក កាល​ពី​ថ្ងៃ​ទី ២៣ មេសា។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

«កម្ពុជា​បាន​ព្យាយាម​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជ​មាន​នៃ​ជំងឺ​កូវីដ១៩​លើ​សេដ្ឋកិច្ច​ជាតិ ព្រម​ទាំងត្រៀម​ខ្លួន​សម្រាប់​ដំណាក់​កាល​ជា​សះ​ស្បើយ​ឡើង​វិញ ដោយ​រក្សា​ឲ្យ​រោងចក្រ​នៅ​បន្ត​ដំណើរ​ការ​ដដែល។ ការណ៍​នេះ បាន​ការពារ​កម្មករ​កម្ពុជា មិន​ឲ្យ​បាត់បង់​ការងារ​ឡើយ។ ក៏​ប៉ុន្តែ ដើម្បី​ទ្រទ្រង់​ដំណើរការ​នេះ បាន​រយៈ​ពេល​វែង ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា គឺមាន​សារៈ​សំខាន់​បំផុត»។ នេះ គឺជា​ការ​លើក​ឡើង​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ទៅ​កាន់​លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេសអាស៊ាន-អាមេរិក ដែល​ធ្វើ​ឡើង​តាមរយៈ Video Conference កាល​ពី​ថ្ងៃ​ទី ២៣ មេសា។

តាម​រយៈ​កិច្ច​ប្រជុំ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៃ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-អាមេរិកនេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើក​ឡើង​ថា អាស៊ាន​និង​អាមេរិក គួរ​តែ​រិះរក​នូវ​មធ្យោបាយ​ទាំង​ឡាយ​ណា ដើម្បី​ធ្វើ​យ៉ាង​ណា ធានា​ឲ្យ​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​នូវ​ការ​បើកចំហរ​សង្វាក់​ផ្គត់ផ្គង់​តំបន់​និង​សកល​លោក ព្រមទាំង​លំហូរ​ទំនិញ​សំខាន់ៗ​នានា ជាពិសេស​ការ​ផ្គត់ផ្គង់ថ្នាំពេទ្យ និង​ស្បៀង​អាហារ​ជាដើម។

គួរជំរាបជូន​ថា ក្នុង​ពេល​ដែល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ប្រទេស​នីមួយៗ​នៅ​លើ​ពិភពលោក​រួមទាំងប្រទេស​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​ផង បាន​ចាប់​យក​វិធាន​ការ​តែ​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​នោះ​រួមមាន​ការ​បិទ​ព្រំដែន​ឬ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។ ការណ៍​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម នៃ​ប្រទេសរៀងៗ​ខ្លួន។ ដោយឡែក​សម្រាប់​កម្ពុជា​វិញ ក្នុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​នេះ យ៉ាង​ហោច​ណាស់ មាន​រោង​ចក្រប្រមាណ​ជា​៦០% ត្រូវ​បាន​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​លុប​ចោល​កិច្ច​សន្យា ដែល​បាន​និង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ការងារ​របស់​កម្មករ​និយោជិត​កម្ពុជា​ជាង​កន្លះ​លាន​នាក់។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី ដោយ​សារ​កម្ពុជានៅ​មាន​វត្ថុ​ធាតុ​ដើម​នៅ​ឡើយ រោងចក្រ​ភាគ​ច្រើន​នៅ​តែ​មាន​ដំណើរ​ការ ហើយ​ក្នុង​នោះ​មាន​រោង​ចក្រចំនួន​៧៧​ទៀត ទើប​តែ​បាន​ស្នើ​បង្កើត​ថ្មី​ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-អាមេរិក កាល​ពី​ថ្ងៃ​ទី ២៣ មេសា សហរដ្ឋ​អាមេរិក​បាន​សន្យា​បន្ត​គាំទ្រ​ការ​រឹត​ចំណង និង​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ក្នុង​ផ្នែក​ថែ​ទាំ​សុខភាព​សាធារណៈ។ បន្ថែម​លើ​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ជាទឹក​ប្រាក់​ប្រមាណ​ជាង​៣៥​លាន​ដុល្លារ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ ក្នុងនោះ កម្ពុជា​ទទួល​បាន​ទឹក​ប្រាក់ ១.៥ លានដុល្លារ​អាមេរិក​បន្ថែម​ទៀត តាមរយៈ​ទី​ភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ USAID ដែល​ធ្វើ​ឲ្យ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​កើន​ឡើង​ដល់ ៣.៥ លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ