អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

ធនាគារជាតិស្នើធនាគារឯកជននិងមីក្រូហិរញ្ញវត្ថុ យោគយល់អតិថិជនដល់ដំណាច់ឆ្នាំ

ធនាគារជាតិ​នៃ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មេសា កន្លង​ទៅ​នេះ បាន​ស្នើ​ដល់​គ្រប់​បណ្តាញ​គ្រឹះ​ស្ថានធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ ផ្តល់​ការ​បន្ធូរ​បន្ថ​យក​ម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​/ឬលើក​លែង​ការ​ផាក​ពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន ចាប់​ពី​ចេញ​កាល​បរិច្ឆេទ​នេះ រហូត​ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០។ ការ​អំពាវនាវ​របស់​ធនាគារជាតិ​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី វីរុសកូវីដ១៩ បាន​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរទៅ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ ហើយ​មិ​នមាន​ប្រាក់​ចំណូល​នៅអំឡុង​ពេល​នេះ។

ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លិខិត​របស់​ខ្លួន ដែល​បាន​ប្រាប់​មក​អ្នក​គ្រប់គ្រង​គ្រឹះស្ថាន​ធនាគារឯកជន និងហិរញ្ញវត្ថុ កាលពី​ដើម​សប្តាហ៍​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​សរសេរ​ថា ក្នុង​ស្ថានភាព​ដែល​ពិភព​លោក ក៏​ដូច​ជាប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ-១៩ ធនាគារ​កណ្តាល​មួយ​នេះ បាន​ស្នើសុំ​ឲ្យ​មាន​ការយោគ​យល់​ពី​គ្រប់​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្តល់​ការ​អនុគ្រោះ​បន្ថែម​ដល់​អតិថិជន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួក​គាត់​មួយ​កម្រិត​ទៀត ក្នុង​គ្រា​លំបាក​នេះ។

ការ​បន្ធូរ​បន្ថយ​នេះ​គឺ​សំដៅ​ទៅ​លើក​ម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង/ឬ លើក​លែង​ការ​ផាកពិន័យ​ផ្សេងៗ ចំពោះ​អតិថិជន​របស់​ខ្លួន ចាប់​ពី​ពេល​នេះ រហូត​ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​នេះ។

សមាគម​ធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា នៅ​មិន​ទាន់​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ណា​នៅឡើយ​ទេ ទាក់ទង​ទៅ​នឹង​ការ​អំពាវនាវ​របស់​ធនាគារជាតិ​កម្ពុជា​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តាន​តឹង​បន្ថែមទៀត​ដល់​អតិថិជន។ ក៏​ប៉ុន្តែ​មួយ​លើក​ជា​ពីរ​លើក សមាគម​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ តែង​បានប្រកាស​ដល់​សមាជិក​របស់​ខ្លួន​ឲ្យ​បន្ត​ផ្តល់​កំចី​អាទិភាព និង​រក្សា​ភាព​ទន់ភ្លន់​ចំពោះ​អតិថិជន​របស់​ពួកគេ។

យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរ​មួយ​ចំនួន ដែល​ជាប់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ មិន​ត្រូវ​បាន​ឆ្លើយតប​វិញ​ជាវិជ្ជ​មាន​ទេ នូវ​សំណូមពរ​របស់​ពួក​គេ ជា​ពិសេស​ការ​ស្នើ​សុំ​ពន្យារ​ពេល​សង​ប្រាក់​កំចី​ទាំង​ការទាំង​ដើម រយៈ​ពេល​៣ខែ​ក្នុង​ពេល​មាន​វិបត្តិកូវីដ១៩។

សូមរំលឹក​ថា កាល​ពី​ពេល​ថ្មីៗ​អំឡុង​ពេល​ប្រឈម​នឹង​វិបត្តិកូវីដ១៩​នេះ​ដែរ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ណែនាំ​ឱ្យ​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុវត្ត​ឥណទាន​រៀបចំ​ឡើងវិញ ឬ​ពន្យារពេល​សង​បណ្ដោះអាសន្ន ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពលរដ្ឋ ដែល​ធ្លាក់​ចុះ​ប្រភព​ចំណូល​។ តាម​ធនាគារ​ជាតិ គឺ​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ក្នុង​អំឡុង​ពលរដ្ឋ​ជួប​វិបត្តិ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីដ​-១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ