អានតួអត្ថបទ
កម្ពុជា សង្គម

សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប្រតិកម្មចំពោះសំណើឲ្យព្យួរបំណុលនិងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី

សមាគម​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​បាន​ទាត់​ចោល​របាយ​ការណ៍​របស់​អង្គការ និង​សហគមន៍​ចំនួន​១៣៥ ដែល​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​អន្តរាគមន៍​បន្ថែម​ទៀត​ទៅ​មីក្រូ​ហិរញ្ញ​វត្ថុ​ឲ្យ​ព្យួរ​បំណុល និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់​ទ្រព្យ​វិញ​។ ប៉ុន្តែ​ពី​ខាង​សមាគម​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ចាត់​ទុក​ថា អនុ​សាសន៍​របស់​សង្គម​ស៊ីវិល កំពុង​តែ​ជំរុញ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​រង​នូវ​ផល​ប៉ះពាល់​បន្ថែម​ទៀត​។

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី © Jeremie Montessuis
ផ្សាយពាណិជ្ជកម្ម

«ការលើកឡើងពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តជាទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឲ្យមានផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចជាតិ។ ម្យ៉ាងវិញទៀត អនុសាសន៍របស់សង្គមស៊ីវិល កំពុងតែជំរុញឲ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កឲ្យបាត់បង់នូវជំនឿទុកចិត្តពីសំណាក់អ្នកដាក់ប្រាក់បញ្ញើ»។ នេះគឺជាប្រតិកម្មរបស់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី ២៨ មេសា។

សេចក្តីថ្លែងការណ៍បានលើកឡើងថា «វាពិតជាមិនត្រឹមត្រូវនោះទេ ដែលថា អតិថិជនត្រូវការប្លង់បញ្ចាំដើម្បីអាចអោយពួកគេ ប្រកបមុខរបររបស់ខ្លួននោះ»។ «ការនិយាយនេះ ជាការខុសឆ្គង និងមានបំណងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ និងយល់ខុសធ្ងន់ធ្ងរ»។ ដោយបានចាត់ទុករបាយការណ៍របស់អង្គការសង្គមស៊ីវិលខ្វះស្មារតីទទួលខុសត្រូវនោះ សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តយ៉ាងពេញលេញ នូវគោលនយោបាយតាមអនុសាសន៍ណែនាំរបស់រដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាល ដើម្បីធានានិងការពារបានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំដោយខ្វះការសិក្សាត្រឹមត្រូវរបស់ស្ថាប័នដែលមិនពាក់ព័ន្ធ ឬជំរុញឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនោះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

គួរជំរាបជូនថា ប្រតិកម្មរបស់សមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពេលនេះ គឺបន្ទាប់ពីអង្គការសង្គមស៊ីវិល​ចំនួន១៣៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី ២៨ មេសា ដោយស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍បន្ថែមទៀតទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យព្យួរបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ អង្គការសង្គមស៊ីវិល បាន​ទទួល​ស្គាល់ថា ​​កន្លងមក​រដ្ឋាភិបាល​កម្ពុជាមានវិធានការ​មួយចំនួន​រួចមកហើយ​។ ប៉ុន្តែពួកគេ​សំណូមពរ​​បន្ថែម​​ដល់​​រដ្ឋាភិបាល​​ក្នុងការ​ពិចារណា​ដើម្បីធានាថា​​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ ឆាប់​ផ្អាក​ការ​សងប្រាក់​​កម្ចី​​ និង​ការប្រាក់​ទាំងអស់​​ យ៉ាងតិចណាស់​​ចំនួន៣ខែ​​ និង​ប្រគល់​​ជូនម្ចាស់​ទ្រព្យ​វិញ ​​នូវប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីរាប់លានប្លង់ ​ពាក់ព័ន្ធនឹងកម្ចី​ខ្នាតតូច​ ដែល​​ត្រូវបាន​ដាក់ជា​ទ្រព្យធានា។

បើតាមសង្គមស៊ីវិល វិធានការ​ទាំងនេះ​ គឺមានភាព​ចាំបាច់​ ដើម្បី​ធានាថា​ ប្រជាពលរដ្ឋ​អាចបន្តរស់នៅ​ក្នុងពេល​មានវិបត្តិនេះ​ដោយគ្មាន​ហានិភ័យ​ចំពោះសុខភាព​ ឬលំនៅដ្ឋាន​របស់អ្នកទាំងនោះ​ និង​អាចបញ្ជៀស​ពីកម្ចីឥណទាន​មានហានិភ័យ​ ដែលអាច​នាំឲ្យកើតមាន​ករណី​ធ្វើការងារ​ដោះបំណុល​ ការជួញដូរមនុស្ស​ និងការ​រំលោភ​សិទ្ធិមនុស្ស​ដទៃទៀត​។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២លាន៥សែននាក់​មានជាប់​ជំពាក់​កម្ចីខ្នាតតូច​ ជាមួយនឹង​អត្រាកម្ចី​ជាមធ្យម​ ៣៨០០ដុល្លារ​ ដែលជា​ចំនួនច្រើន​ជាងគេ​នៅលើពិភពលោក​។ ប៉ុន្តែបើតាមគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ នៅក្នុងចំណោមអតិជនជាងពីរលាននាក់ មានអតិថិជនប្រមាណ មួយលាននាក់ ឬប្រហែល៤៥ភាគរយ ទទួលបានឥណទានដោយមិនមានទ្រព្យ​ធានាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ