អានតួអត្ថបទ
កម្ពុជា សង្គម

របាយការណ៍ស្រាវជ្រាវរបស់លីកាដូ៖ ផលប្រយោជន៍បានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតិច តែភ័យខ្លាចខ្លាំង

អង្គការសិទ្ធិមនុស្សលីកាដូ បានចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​មួយនៅដើម​ខែ​ឧសភា​នេះ ដោយ​បង្ហាញពីទំនាក់ទំនង​រវាងបំណុល​មីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុក​នៅតំបន់​ព្រំដែន​ក្នុងប្រទេសកម្ពុជា។​ បើតាម​អង្គការ​ក្នុងស្រុកមួយនេះ​ ផលប្រយោជន៍​បានពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានតិច​ តែភ័យ​ខ្លាចមានច្រើន។ ជាដំណោះស្រាយអង្គការដដែល ស្នើជាថ្មីដល់រដ្ឋាភិបាល​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ផ្អាកការ​សងបំណុល​ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ នៅក្នុងគ្រាដែល​កម្ពុជាកំពុងជួបវិបត្តិកូវីដ១៩នេះ។

អង្គការលីកាដូ
អង្គការលីកាដូ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងរបាយការណ៍​សង្ខេប​ស្តីពី “ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិ​មួយ​អំពីបំណុល​គ្រឹះ​ស្ថានមី​ក្រូហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន”​ អង្គការលីកាដូ​ផ្ដោតសំខាន់​ទៅលើភូមិមួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​​អំពីទំនាក់ទំនង​រវាងបំណុល​មីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុក​នៅតំបន់​ព្រំដែន​ក្នុងប្រទេសកម្ពុជា។​

តាមរយៈ​ការធ្វើបទសម្ភាសន៍​ជាមួយ​សមាជិក​គ្រួសារ​ដែលស្នាក់នៅផ្ទះ​ចំនួន៣០គ្រួសារ​ អ្នកស្រាវជ្រាវ​របស់​អង្គការលីកាដូ​ បានរកឃើញថា​ ការជាប់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនលើសលុប​ គឺជាកត្តា​ចម្បង​នាំឱ្យពលរដ្ឋធ្វើចំណាក​ស្រុកចេញពីភូមិ។ ​

លោកស្រី ណាលី ​ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ និយាយក្នុង​របាយការណ៍នេះថា​៖ គ្រួសារ​ជាច្រើន​បានចាកចេញ​ពីផ្ទះ​ និងប្រទេស​កំណើត​របស់ពួកគាត់​ ដើម្បី​រកប្រាក់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​ ប៉ុន្តែពេលនេះ ​អតីត​ពលករ​ចំណាក​ស្រុករាប់សែននាក់​ មិនអាច​ធ្វើការ​នៅក្នុង​ប្រទេសថៃ​ទៀតបានទេ​ ដោយសារ​បញ្ហា​វីរុសកូវីដ១៩។​ ដូច្នេះអង្គការលីកាដូសង្ឃឹមថា​ «រាជរដ្ឋាភិបាល​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អាចជួយ​អ្នកខ្ចី​ប្រាក់ទាំងនេះ​ដោយ​ផ្អាកការ​សងបំណុល​ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូនម្ចាស់​​ទ្រព្យវិញ»។​

បើតាមលីកាដូ ចាប់តាំងពី​ការសិក្សា​ត្រូវបាន​ធ្វើឡើង​ក្នុងខែកញ្ញា​ ឆ្នាំ២០១៩​ អ្នកចំណាក​ស្រុកជាង​៨ម៉ឺននាក់​បានចាកចេញ​ពីប្រទេសថៃ​ ត្រឡប់​មក​កម្ពុជាវិញ​ ដោយសារ​ការរីករាលដាល​ជាសកល​នៃវីរុស​កូវីដ១៩។​ បញ្ហានេះបានធ្វើឲ្យពួកគេបាត់បង់​ប្រាក់ចំណូល​ភ្លាមៗ​ ហើយ​ប្រឈមនឹង​ហានិភ័យ​នៃការ​រំ​លោភ​​សិទ្ធិមនុស្ស​បន្ថែម​ទៀត ​ដោយសារ​បំណុល​មីក្រូហិរញ្ញវត្ថុ​​ ក្នុងនោះ​មានការបង្ខំឲ្យ​លក់ដី​សងបំណុល​​ជាដើម។​

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៨​ខែមេសា សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា​ចេញសេចក្តី​ថ្លែងការណ៍​មួយ​បក​ស្រាយថា អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​នេះ​គឺ​មិន​ឆ្លុះ​បញ្ចាំងពីការពិតទេ។ សមាគមនេះ​បានអះអាងថាខ្លួនបានអនុវត្តតាមគោលការណ៍ណែនាំ​របស់​រដ្ឋាភិបាល ដោយ​ផ្តល់​ដំណោះ​ស្រាយ​សម​ស្រប​តាមភាព​ជាក់​ស្តែង​របស់អតិថិជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ