អានតួអត្ថបទ
កម្ពុជា កីឡា

ស៊ីហ្គេម២០២៣៖ កម្ពុជា​គ្រោងបញ្ជូន​អត្តពលិក​១១០នាក់ ទៅហាត់នៅចិននាខែវិច្ឆិកាឆ្នាំនេះ

កម្ពុជា​គ្រោង​បញ្ជូន​អត្តពលិក​១១០​នាក់ ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន​នា​ខែវិច្ឆិកា សម្រាប់​កីឡា​ចំនួន​១២ប្រភេទ ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ គោល​ការណ៍​បញ្ជូន​អត្តពលិក​កម្ពុជា ទៅ​ចិន នៅ​ក្នុងខែ​វិច្ឆិកា​ខាង​មុខ​នេះ គឺ​បន្ទាប់​ពី​ការ​លុបចោល​ផែន​ការ​នេះ កាល​ពីដើម​ឆ្នាំ​ដោយ​សារ​ជំងឺ​កូវីដ​១៩​។

ក្រុម​អត្តពលិក​កម្ពុជា ​និង​គណៈប្រតិភូកីឡា​កម្ពុជា ​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ​នៅ​ទី​ក្រុង ​Rio ​ប្រេស៊ីល ​ថ្ងៃទី ​៦ ​សីហា ​ឆ្នាំ​២០១៦។​
ក្រុម​អត្តពលិក​កម្ពុជា ​និង​គណៈប្រតិភូកីឡា​កម្ពុជា ​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ​នៅ​ទី​ក្រុង ​Rio ​ប្រេស៊ីល ​ថ្ងៃទី ​៦ ​សីហា ​ឆ្នាំ​២០១៦។​ @NOCC
ផ្សាយពាណិជ្ជកម្ម

លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១៧ ខែឧសភា នេះ​ថា ប្រទស​ចិន​កំពុង​តែ​រៀប​ចំផែន​ការ​ថ្មី ប្រសិន​បើ​ស្ថានភាព​អំណោយ​ផល នោះ​កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន​១១០​នាក់ ទៅ​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន នា​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ខាង​មុខ​នេះ។ ប៉ុន្តែ​បើ​ស្ថានភាព​ជំងឺ​កូវីដ១៩ មិន​មាន​ភាព​ធូរ​ស្រាល​ទេ នោះ​ការ​បញ្ជូន​អត្តពលិក​ទាំង​១១០នាក់ នឹង​ត្រូវ​លើក​ទៅ​ខែ​មីនា ឆ្នាំ​២០២១​ខាង​មុខ​វិញ ហើយ​ការ​ហ្វឹកហាត់​នឹង​ធ្វើឡើង​ចាប់​ពី​ខែមីនា​ឆ្នាំ​២០២១ រហូត​ដល់​ស៊ីហ្គេម​នៅ​កម្ពុជា នា​ខែ​ឧសភា ឆ្នាំ​២០២៣។

បើតាម​លោក វ៉ាត់ ចំរើន សម្រាប់​ផែនការ​បញ្ជូន​អត្តពលិក​ទៅ​ចិន ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ គឺ​ធ្វើឡើង​ក្នុងលក្ខខណ្ឌ ដែលស្ថាន​ភាព​នៃ​ជំងឺ​កូវីដ១៩ មាន​សភាព​ធូរស្រាល ប៉ុន្តែ​ក៏​មាន​នីតិវិធី​នៅ​ក្នុង​ការ​គ្រប់គ្រង​ដូច​ជាមុន​ពេល​ចូល​ទៅ​ហាត់ ត្រូវ​ពិនិត្យ​សុខភាព ហើយ​ទៅ​ដល់​ប្រទេស​ចិន​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​ពី​គេ​ចំនួន​២សប្តាហ៍ នោះ​ទើប​អាច​ចូល​មណ្ឌល​ហ្វឹកហាត់ និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ឡើយ​។

គួរបញ្ជាក់​ថា ការ​បញ្ជូន​អត្តពលិក​កម្ពុជា​ទៅ​ធ្វើ​ការ​ហ្វឹកហាត់​កីឡា​នៅ​ប្រទេស​ចិន ក៏​ធ្វើឡើង​សម្រាប់​ស៊ីហ្គេម នៅឆ្នាំ​២០២១ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​។ អត្តពលិក​កម្ពុជា​ទាំង​១១០​នាក់​នឹង​ធ្វើ​ការ​ហ្វឹកហាត់​លើប្រភេទ​កីឡាចំនួន​១២​ប្រភេទ។ ដោយឡែក​កីឡាប្រភេទ​ផ្សេង​ទៀត ដូច​ជា​តេក្វាន់ដូ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រទេស​កូរ៉េខាង​ត្បូង និង​គុយបា​ជា​ដើម។

សូមជម្រាប​ជូន​ថា កាលពីដើម​ឆ្នាំ​២០២០ កម្ពុជា​មាន​ផែន​ការ​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន​១១០​នាក់ ដើម្បី​ទៅ​ហ្វឹក​ហាត់​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​ផ្ទុះរាល​ដាលនៃ​ជំងឺកូវីដ​១៩ តាំង​ពីដើម​ឆ្នាំ​នៅក្នុង​ប្រទេស​ចិន កម្ពុជា​ក៏​ផ្អាក​ការ​បញ្ជូន​អត្តពលិក​របស់​ខ្លួន ទៅ​ហាត់​នៅ​ក្នុង​ប្រទេស​នេះ។​ ប្រទេស​ចិន ដែលពេលនេះ​មាន​ករណីថ្មី​នៃ​ជំងឺកូវីដ​១៩ តិចតួច បើធៀបនឹង​ពេល​ផ្ទុះឡើង​នៅ​ក្នុង​ក្រុង​វូហាន​កាល​ពី​ចុង​ឆ្នាំ២០១៩។ គិត​រហូតមក​ដល់ពេលនេះ​ប្រទេស​ចិន​មាន​ករណី​ជំងឺកូវីដ១៩​សរុប​ជាង​៨ម៉ឺន៣ពាន់​ករណី និងមាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ ចំនួន​ជាង​៤ពាន់​នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ