អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក កឹម សុខា អំពាវនាវឱ្យប្រទេសជាមិត្តកម្ពុជាជួយលើជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្នុងសម័យកូវីដ១៩

បន្ទាប់​ពី​បាន​ជួប​ជាមួយ​បណ្តា​ឯក​អគ្គ​រាជ​ទូត-ឯក​អគ្គ​រដ្ឋ​ទូត​បរទេស​ជា​បន្ត​បន្ទាប់​រួច​មក លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចេញ​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​ទាំង​អស់​នោះ​ឱ្យ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​។ អ្វី​ដែល​លោក កឹម សុខា ចង់​ឱ្យ​ប្រទេស​ជា​មិត្ត​កម្ពុជា​ជួយ​ខ្លាំង​នោះ គឺ​បញ្ហា​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​តែ​ជំងឺ​កូវីដ១៩​។

លោក កឹម សុខា
លោក កឹម សុខា © REUTERS
ផ្សាយពាណិជ្ជកម្ម

គឺនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ទី២៥ ខែឧសភា លោកកឹម សុខា បានអំពាវនាវយ៉ាងដូច្នេះថា សូមឱ្យប្រទេសជាមិត្តរបស់កម្ពុជាបន្តជួយដល់កម្ពុជាលើវិស័យនានា ជាពិសេស បញ្ហាដែលប៉ះពាល់ដល់ជីវ​ភា​ពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងពេលដែលជំងឺកូវីដ-១៩​ កំពុងរាលដាលក្នុងពិភពលោក​ និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច​ និងសង្គមនៅពេលអនាគតដែលចាំបាច់តម្រូវឱ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រ​ឈ​មទាំងនោះ។

ការអំពាវនាវរបស់លោកកឹម សុខានេះ ធ្វើឡើងបន្ទាប់ពីរូបលោកបានជួបជាមួយបណ្តាឯកអគ្គរាជទូត ឯក​អគ្គរដ្ឋទូតបរទេសនានាជាបន្តបន្ទាប់។ ទូតបរទេសទាំងនេះ រួម អូស្ត្រាលី អាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប ស៊ុយអ៊ែត អាមេរិក និង ប្រទេសជប៉ុន។ ជំ​នួបជាមួយអង្គទូតបរទេសនេះ គឺកើតឡើងក្រោយពីលោកកឹម សុខា បានជួបជជែកគ្នាជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជិត១ម៉ោងកាលពីថ្ងៃទី ០៥ ឧសភា កន្លងទៅ។ អង្គទូតដែលបានជួបជាមួយលោកកឹម សុខា សុទ្ធតែបានសម្តែងនូវការស្វាគមន៍ជំនួបនេះ និង ចាត់ទុកថា មានសារសំខាន់ និងអាច​នាំ​មក​នូវ​លទ្ធផល​ជាវិជ្ជមាន​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​។

សម្រាប់លោកកឹម សុខា វិញ លោកបានសម្តែងនូវការអរគុណចំពោះអង្គទូតតំណាងប្រទេសប្រជាធិបតេយ្យជឿនលឿនទាំងអស់នេះដែលបានទទួលស្គាល់នូវ«គុណតម្លៃ»របស់លោក។ ការទទួលស្គាល់នូវ«គុណតម្លៃ​» គឺតាមរយៈការផ្តល់ឱកាសឱ្យរូបលោកបានទទួលស្វាគមន៍ ជួបសួរសុខទុក្ខ  និងជួបសន្ទនាគ្នា បើទោះបីលោកកឹម សុខា កំពុងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

សូមបញ្ជាក់ថា លោកកឹម សុខា កំពុងមានរឿងក្តីក្តាំនៅតុលាការនៅឡើយ។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សវនាការរបស់លោកបានដំណើរការហើយ ប៉ុន្តែត្រូវផ្អាកសិនកាលពីថ្ងៃទី២៥ ខែមីនា ដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ គិតមកដល់ពេលនេះ មិនទាន់មានដំណឹងនៃការបើកសវនាការលោកកឹម សុខា ឡើងវិញនៅពេលណាមួយនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ