អានតួអត្ថបទ
កម្ពុជា ច្បាប់

អង្គការ COMFREL៖ ប្រសិទ្ធភាពសភាឯកបក្សមានការធ្លាក់ចុះ នៅឆ្នាំទី១អាណត្តិទី៦ ធៀបនឹងសភាពហុបក្ស

អង្គ​ការ COMFREL កាល​ពី​ថ្ងៃ​ពុធ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​នៅ​ក្នុង​ឆ្នាំទី១ នៃ​នីតិ​កាល​ទី៦​នេះ ប្រសិទ្ធ​ភាព​ការងារ​នៃ​រដ្ឋ​សភា​ឯក​បក្ស មាន​ការ​ធ្លាក់​ចុះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រដ្ឋ​សភា​កម្ពុជា​ដែល​ធ្លាប់​មាន​ជា​ពហុ​បក្ស​។ តាម​របាយ​ការណ៍ COMFREL ការ​ធ្លាក់​ចុះ​នៃ​សភា​ឯក​បក្ស​នេះ ដោយ​សារ​មិន​ឃើញ​មាន​ចេញ​លិខិត​អន្តរាគមន៍​របស់​តំណាង​រាស្ត្រ មិន​ឃើញ​មាន​តំណាង​រាស្ត្រ​និយាយ​ពី​ភាព​អសកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ជូន​ប្រជា​ពលរដ្ឋ គ្មាន​សកម្មភាព​សួរ​ដេញ​ដោល​លើ​ការ​អនុវត្ត​ច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​។

សកម្មភាពនៅក្នុងរដ្ឋសភាកម្ពុជា (រូបភាពឯកសារ)
សកម្មភាពនៅក្នុងរដ្ឋសភាកម្ពុជា (រូបភាពឯកសារ) © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកតំណាងរាស្ត្រនៃរដ្ឋសភាឯកបក្សអាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនត្រូវបានគេសង្កេតឃើញថាមានការខ្នះខ្នែង ឬយកចិត្តទុកដាក់នោះទេ ទាក់ទងទៅនឹងការជួយអន្តរាគមន៍ដោះស្រាយបញ្ហា ជាពិសេស ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធម្សិលមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (Comfrel) ស្តីពីរបាយការណ៍សង្ខេបនៃការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី១នៃនីតិកាលទី៦ ឲ្យដឹងថាកិច្ចប្រជុំរដ្ឋសភាក្នុងឆ្នាំទី១ គឺភាគច្រើនបំផុតក្នុងសម័យប្រជុំទាំងនោះ មិនសូវឃើញមានតំណាងរាស្ត្រណាម្នាក់ជំទាស់ រិះគន់ ឬសួរដេញដោល ស៊ីជម្រៅឡើយ នៅក្នុងកិច្ចប្រជុំជាច្រើនផ្តោតទៅលើការអនុម័តច្បាប់។ ផ្ទុយទៅវិញ មានតែការបញ្ចេញមតិកោតសរសើ និងគាំទ្រដល់ការដឹកនាំរបស់រដ្ឋាភិបាល តែប៉ុណ្ណោះ។

អង្គការ Comfrel បន្តថា នៅឆ្នាំទីមួយ ២០១៩ដែរ ការកោះហៅសមាជិករដ្ឋាភិបាលទៅសាកសួរ មានតែម្តងគត់គឺកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ជាមួយគ្នានេះ អង្គការ Comfrel បានលើកយកចំណុចសំខាន់ៗនៃការងាររដ្ឋសភាមកបង្ហាញដូចជា ដំណើរការប្រជុំពេញអង្គរបស់រដ្ឋសភា គឺក្នុងឆ្នាំទី១ អាណត្តិទី៦ រដ្ឋសភាបានប្រជុំចំនួន១១ដង សម្រេចបានរបៀវវារៈចំនួន២៩ អនុម័តបានសេចក្តីព្រាងច្បាប់ចំនួន១៤ និងអនុម័តលើវិសោធនកម្មច្បាប់ធំៗចំនួន៣ផងដែរ។

រីឯសកម្មភាពចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រវិញ គឺមានតែតំណាងរាស្ត្រ៥៥រូប(៤៤%) ក្នុងចំណោមអ្នកតំណាងរាស្ត្រសរុបចំនួន១២៥រូប ក្នុងនោះមាន១០៤១លើក គិតជាមធ្យម១៩លើកក្នុងតំណាងរាស្ត្រម្នាក់។ ដោយឡែកបេសកកម្មអ្នកតំណាងរាស្ត្រនៅក្នុងបក្សឆ្នាំទី១ អាណត្តិទី៦ គឺតិចជាង ឆ្នាំទី១ អាណត្តិទី៥ចំនួន៥០រូប(៧៤%)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ