អានតួអត្ថបទ
កម្ពុជា សង្គម

កម្ពុជាកោះហៅទូតវៀតណាមមកបំភ្លឺ បន្ទាប់ពីភាគីវៀតណាមមិនទាន់រុះរើតង់តាមការទាមទាររបស់កម្ពុជា

លើសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម ក្រសួងការបរទេសកម្ពុជា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញឲ្យមកបំភ្លឺ កាលពីថ្ងៃទី ០១ មិថុនា បន្ទាប់ពីភាគីវៀតណាម នៅមិនទាន់រុះរើតង់ទាំងអស់ដែលខ្លួនបានសង់ នៅតាមបន្ទាត់ព្រំដែនរវាងខេត្តកណ្តាលនៃប្រទេសកម្ពុជា និងខេត្តអានយ៉ាង នៃប្រទេសវៀតណាម។  គិតត្រឹមថ្ងៃទី ២៩ ឧសភា ភាគីវៀតណាមបានរុះរើតង់ទាំងស្រុងបានចំនួន០៧កន្លែង និងរុះរើក្នុងរូបភាពរំកិលចូលទៅក្នុងទឹកដីវៀតណាមបានចំនួន៤កន្លែងប៉ុណ្ណោះ ខណៈដែលភាគីកម្ពុជាបានទទូចឲ្យភាគីវៀតណាមរុះរើតង់ទាំងអស់ចេញឲ្យបានឆាប់។

ទង់ជាតិកម្ពុជា និងទង់ជាតិវៀតណាម (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិវៀតណាម (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh ឲ្យមកបំភ្លឺនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី ០១ មិថុនា នៅឯក្រសួងការបរទេសកម្ពុជា ដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។ នៅក្នុងការកោះអញ្ជើញនោះ ភាគីកម្ពុជាបានស្នើជាថ្មីឲ្យភាគីវៀតណាមរុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែនៅក្នុងតំបន់នោះ។ រក្សាស្ថានភាពដើមមិនកែប្រែ គឺរហូតទាល់តែគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅក្នុងតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ០២ មិថុនា។

គួរកត់សំគាល់ថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh ឲ្យមកបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីភាគីកម្ពុជាបានសង្កេតឃើញថា ភាគីវៀតណាមមិនទាន់បានរុះរើតង់កៅស៊ូទាំង៣១ចំណុចដែលបានបោះនោះនៅឡើយទេ។ គិតត្រឹមថ្ងៃទី ២៩ ឧសភា ភាគីវៀតណាមបានរុះរើតង់ទាំងស្រុងចំនួន០៧កន្លែង និងរុះរើក្នុងរូបភាពរំកិលចូលទៅក្នុងទឹកដីវៀតណាមចំនួន៤ចំណុច។ នេះបើតាមការឲ្យដឹងពីលោក គង់ សោភ័ណ្ឌ គណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី ០៣ មិថុនានេះ។ យ៉ាងណាក្តី ជាជំហររបស់ភាគីកម្ពុជា គឺទាមទារឲ្យភាគីវៀតណាមរុះរើតង់ទាំងអស់ ហើយរក្សាស្ថានភាពដើមឲ្យនៅដដែល។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ០២ មិថុនា ក្រសួងការបរទេសកម្ពុជាបានរំលឹកថា កាលពីថ្ងៃទី ១៣ ឧសភា កន្លងទៅ ក្រសួងការបរទេសកម្ពុជាបានធ្វើកំណត់ទូតតវ៉ាម្តងរួចមកហើយ ជុំវិញការបោះតង់របស់វៀតណាមចំនួន៣១កន្លែង នៅលើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ឈមនឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាមនេះ។ ជាការឆ្លើយតប ក្រសួងការបរទេសវៀតណាមបានអះអាងថា ការបោះតង់នៅតាមព្រំដែនដោយខេត្តអានយ៉ាងនេះ គឺជាវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយថា ការបោះតង់ទាំងនោះ នឹងមិនប៉ះពាល់ដល់ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរនេះទេ។ តាមរយៈការឆ្លើយតបនោះ អាជ្ញាធរវៀតណាមបានសន្យាថា នឹងរុះរើតង់ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់ព្រំដែនខាងលើនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ