អានតួអត្ថបទ
កម្ពុជា សង្គម

ខួប៧១ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម៖ អង្គការខ្មែរក្រោម អំពាវនាវឲ្យពលរដ្ឋកាន់ទុក្ខជាតិខ្មែរថ្ងៃទី ០៤ មិថុនា

ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២០នេះ គឺ​ជា​ខួប​៧១ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀត​ណាម​គ្រប់​គ្រង​បន្ត ពី​អាណា​និគម​និយម​បារាំង​។ ដោយ​សារ​តែ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ពិធី​រំលឹក​ថ្ងៃ​ដ៏​ឈឺ​ចាប់​នៅ​ឆ្នាំ​នេះ មិន​បាន​ធ្វើ​ឡើង​ឲ្យ​ទូលំ​ទូលាយ​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អង្គការ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ កាន់​ទុក្ខ​ជាតិ នៅ​ថ្ងៃទី ០៤ មិថុនា នៅ​តាម​ផ្ទះ​និង​តាម​វត្ត​អារាម​នានា ដើម្បី​បង្ហាញ​ពី​ការ​ឈឺ​ចាប់​និង​ចង​ចាំ​ថ្ងៃ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​។

៤ មិថុនា ជាថ្ងៃដែលកម្ពុជាបានបាត់បង់ដែនដីខ្មែរក្រោម
៤ មិថុនា ជាថ្ងៃដែលកម្ពុជាបានបាត់បង់ដែនដីខ្មែរក្រោម © សហការី
ផ្សាយពាណិជ្ជកម្ម

អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ចូលរួមកាន់ទុក្ខជាតិខ្មែរ ថ្ងៃទី ០៤ មិថុនា ថ្ងៃដែលអាណានិគមនិយមបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមគ្រប់គ្រងបន្ត។ បើយោងតាមសេចក្តីអំពាវនាវរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ ការចូលរួមកាន់ទុក្ខថ្ងៃទី ០៤ មិថុនា នៅតាមគេហដ្ឋាន និងវត្តអារាមនានា គឺមានសារៈសំខាន់ដើម្បីបង្ហាញការឈឺចាប់និងចងចាំចំពោះអាណានិគមនិយមបារាំង ដែលបានកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី ០៤ មិថុនា ឆ្នាំ១៩៤៩។

បើតាមសេចក្តីអំពាវនាវកម្រាស់ពីរទំព័រនេះ ក៏បានចាត់ទុកដែរថា ការចូលរួមកាន់ទុក្ខជាតិខ្មែរ ថ្ងៃទី ០៤ មិថុនា នេះ ក៏ដើម្បីបង្ហាញពីការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់វីរបុរសនិងវិរសមណៈដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ។ មិនតែប៉ុណ្ណោះ វាជាសារមួយប្រាប់ទៅអាជ្ញាធរវៀតណាមថា ប្រជាពលរដ្ឋខ្មែរទាំងនៅលើទឹកដីខ្មែរកម្ពុជាក្រោម ទាំងនៅជុំវិញពិភពលោក គឺមិនបោះបង់សិទ្ធិរបស់ខ្លួននៅលើទឹកដីកម្ពុជាក្រោមជាដាច់ខាត ហើយបានចាត់ទុកការត្រួតត្រារបស់អាជ្ញាធរវៀតណាមសព្វថ្ងៃនេះថា ជាការខុសច្បាប់ និងតាមបែបអាណានិគមប៉ុណ្ណោះ។ នេះបើតាមសេចក្តីអំពាវនាវរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី ០៤ មិថុនានេះ។

គួរជំរាបជូនថា ពិធីរំលឹកខួប៧១ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី ០៤ មិថុនានេះ ត្រូវបានរៀបចំធ្វើនៅឯទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជតំណាងព្រះមហាក្សត្រកម្ពុជាផងដែរ។ ប៉ុន្តែដោយសារតែបារម្ភពីការឆ្លងនៃជំងឺកូវីដ១៩ ពិធីរំលឹកថ្ងៃដ៏ឈឺចាប់នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមឆ្នាំនេះ មិនបានធ្វើឡើងឲ្យទូលំទូលាយនោះទេ។

គួជំរាបជូនថា ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២០នេះ គឺជាខួប៧១ឆ្នាំ ដែលប្រទេសអាណានិគមនិយមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមគ្រប់គ្រងបន្ត នៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ១៩៤៩។ ក្រៅពីធ្វើពិធីប្រារព្ធខួបនៅឯទីស្នាក់ការរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមនេះហើយ ការរំលឹកខួប៧១ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនៅឆ្នាំនេះ ក៏មានកម្មវិធីពិភាក្សាតុមូលទាក់ទងនឹងខួប៧១ឆ្នាំក្រោម​ប្រធានបទ «ស្ថានភាព​សិទ្ធិមនុស្ស​ខ្មែរក្រោម» រួមទាំងមានការរាប់បាត្រព្រះសង្ឃជានិមិន្តរូបតំណាង ១៩៤៩អង្គផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ