អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

អាល់ហ្វាសិនថូរី៖ ផ្កាយដែល​នៅជិតប្រព័ន្ធព្រះអាទិត្យជាងគេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​បណ្តុំផ្កាយ​នៅ​អឌ្ឍគោលខាងត្បូង តែ​ដែល​អាច​មើល​ឃើញ​ពី​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ក៏​មាន​ផងដែរ​ផ្កាយ​អាល់ហ្វាសិនថូរី ដែល​ជា​ផ្កាយ​ស្ថិត​នៅ​ជិតប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ជាងគេ។

បណ្តុំផ្កាយ Southern Cross (ស្តាំ) និង​ផ្កាយអាល់ហ្វាសិនថូរី (ឆ្វេងបង្អស់)
បណ្តុំផ្កាយ Southern Cross (ស្តាំ) និង​ផ្កាយអាល់ហ្វាសិនថូរី (ឆ្វេងបង្អស់) © A. Fujii/ESO
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​អំឡុង​​ខែ​មេសា​រហូត​ដល់​​ដើមខែ​កក្កដា នៅ​រៀងរាល់​យប់ ចាប់ពី​ក្រោយ​ពេល​ថ្ងៃ​លិច ហើយ​មេឃ​ចាប់ផ្តើម​ងងឹត​អាច​មើល​ឃើញ​ផ្កាយបាន បើ​យើង​សំឡឹង​មើល​ទៅ​ទិស​ខាង​ត្បូង យើង​នឹង​អាច​មើល​ឃើញ​ផ្កាយ៥ ឬ៦ដួង ដែល​សុទ្ធសឹង​ជា​ផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺ​ខ្លាំង ស្ថិត​នៅ​ក្បែរៗគ្នា ហើយ​ស្ថិត​នៅ​ទាបៗ មិនឆ្ងាយ​ប៉ុន្មាន​ពី​​ជើងមេឃ។

ក្នុង​ចំណោម​ផ្កាយ​ទាំងអស់ មាន​ផ្កាយ​៤​នៅ​ខាង​ស្តាំដៃ ផ្តុំគ្នា​បង្កើត​ជា​រាងចតុកោណ ឬ​រាង​ជា​ខ្លែង ឬក៏​អាច​ថា​ជា​ជើងក្អែក ឬខ្លះ​ថា​ជា​​ឈើឆ្កាង… នេះ​គឺ​បណ្តុំផ្កាយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា « Southern Cross »។ Southern Cross នេះ គឺ​ជា​បណ្តុំផ្កាយ​តូចជាងគេ​បង្អស់ នៅ​ក្នុង​ចំណោម​បណ្តុំផ្កាយ​ទាំង ៨៨ ទទួលស្គាល់​​ដោយ​សហភាព​តារាសាស្ត្រ​អន្តរជាតិ ក៏ប៉ុន្តែ វា​គឺ​ជា​បណ្តុំ​ផ្កាយ​ដ៏​ល្បីល្បាញ​បំផុត​ប្រចាំ​អឌ្ឍគោល​ខាងត្បូង។

នៅ​ខាង​ឆ្វេងបណ្តុំផ្កាយ Southern Cross នេះ គេ​អាច​មើល​ឃើញ​ផ្កាយ​ពីរដួង​ទៀត ដែល​មាន​ពន្លឺ​កាន់តែភ្លឺ​ខ្លាំង​ជាង​ផ្កាយ​ Southern Cross នេះ​ទៅទៀត។ នោះ​គឺ​ផ្កាយ​ភ្លឺ​ជាងគេ​ក្នុង​បណ្តុំផ្កាយ Centaurus។

ក្នុង​ចំណោម​ផ្កាយ​ទាំងពីរ​នេះ ផ្កាយ​ដែល​នៅ​ខាងស្តាំ មាន​ឈ្មោះ​ថា ហេដារ (Hadar) ឬ បេតាសិនថូរី (Beta Centauri) ស្ថិត​នៅ​ចម្ងាយ​ជិត៤០០ឆ្នាំ​ពន្លឺ​ពីផែនដី។ ចំណែក​ផ្កាយ​នៅ​​ខាង​ឆ្វេង​ដៃ គឺ « អាល់ហ្វាសិនថូរី » ដែល​ជា​​ផ្កាយ​​មាន​ពន្លឺភ្លឺខ្លាំងជាងគេ​លំដាប់ទី៣​នៅលើមេឃ បន្ទាប់​ពី Sirius និង Canopus ហើយ​រឹតតែ​ពិសេស​ជាងនេះ​ទៅទៀត គឺ​​ជា​ផ្កាយ​ដែល​ស្ថិត​នៅ​ជិត​នឹង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ជាងគេ។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ