អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ដំណើររឿងជោគជ័យ​របស់ក្រុមហ៊ុនអវកាស SpaceX

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​ដំណើររឿងជោគជ័យ​របស់​ក្រុមហ៊ុន​ Space X ដែល​ជា​ក្រុមហ៊ុន​ឯកជន កំពុងឈានមុខគេ​មួយ នៅ​ក្នុង​វិស័យ​អវកាស។

លោក Elon Musk ស្ថាបនិក​​ក្រុមហ៊ុន SpaceX
លោក Elon Musk ស្ថាបនិក​​ក្រុមហ៊ុន SpaceX AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

Space X ដែល​មក​ពី​ឈ្មោះ​ដើម​ពេញ​ថា Space Exploration Technologies Corporation ត្រូវ​បាន​បង្កើតឡើង កាល​ពី​ឆ្នាំ២០០២ ដោយ​មហាសេដ្ឋី​វ័យក្មេង​អាមេរិក ដើមកំណើត​អាហ្វ្រិក​ខាង​ត្បូង ឈ្មោះ អេឡុន មើស្ក៍ (Elon Musk)។

នៅ​ពេល​ដែល Elon Musk បង្កើត​ក្រុមហ៊ុន Space X នេះឡើង​ដំបូង មាន​មនុស្ស​តិចតួចណាស់ ដែល​ជឿថា ក្រុមហ៊ុន​នេះ​អាច​នឹង​ស្គាល់​នូវ​ភាព​ជោគជ័យ​ដូចថ្ងៃនេះ ពីព្រោះ​ថា គេ​ដឹង​ថា បច្ចេកវិទ្យា​អវកាស គឺ​ជា​បច្ចេកវិទ្យា​មួយ​​ដ៏សែន​ស្មុគស្មាញ​បំផុត ដែល​តាំងពីដើម​មក មាន​តែ​រដ្ឋ​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​អាច​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​បាន ហើយ​រដ្ឋ​​​នេះ​ទៀត​សោត​ក៏​មាន​​មិន​ច្រើន​នោះដែរ គឺ​មានតែ​ប្រទេស​មហាអំណាចកំពូលៗ​តែ​ប៉ុន្មាន​ប្រទេស​តែប៉ុណ្ណោះ ដែល​អាច​អភិវឌ្ឍបច្ចេកវិទ្យា​អវកាស​នេះ​ដោយ​ជោគជ័យ​បាន។

កាល​ដើម​ដំបូង Space X បាន​ចាប់ផ្តើម​គម្រោង​ធ្វើ​ត្រឹម​រ៉ុកកែត​ធុន​តូច​ទៅមុន គឺ​រ៉ុកកែត​​ដែល​​​មាន​ម៉ាស៊ីន​តែមួយ​ ​ឈ្មោះ​ថា Falcon 1។ នៅពេល​ដើមដំបូងនោះ Elon Musk ត្រៀមលុយ​សម្រាប់​ផលិត​រ៉ុកកែត Falcon 1 នេះ បានតែ ៣ប៉ុណ្ណោះ សម្រាប់​យក​មក​សាកល្បង ហើយ​ការ​សាកល្បង​ទាំង៣លើក​នោះ សុទ្ធតែ​ត្រូវ​ទទួល​​បរាជ័យ​ទាំងអស់។ ក្រោយ​ពី​បរាជ័យ​ទាំង៣លើកនេះ ក្រុមហ៊ុន SpaceX ក៏​ត្រូវ​ជួបនឹង​បញ្ហា​ហិរញ្ញវត្ថុ​ ហើយ​ត្រូវប្រឈម​នឹង​ការ​ក្ស័យធន ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ Elon Musk ​បាន​សម្រេច​ផលិត​រ៉ុកកែត ដើម្បី​សាកល្បង​មួយ​លើកទៀត ជាលើកចុងក្រោយ។

​នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៨ ការសាកល្បង​លើកទី៤​នេះ បាន​ទទួល​ជោគជ័យ ហើយ​រ៉ុកកែត Falcon 1 ក្លាយ​ជា​រ៉ុកកែត​​ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន​ដ៏​កម្រ​បំផុត​មួយ ដែល​អាច​​បាញ់​បង្ហោះ​ទៅដល់​គន្លង​តារាវិថី​ជុំវិញ​ផែនដី​​បានដោយ​ជោគជ័យ។

ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន SpaceX ដែល​ជិតអស់លុយ និង​ស្ទើរតែ​ក្ស័យ​ធន​ទៅហើយ​នោះ ចាប់ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​អាច​ទាក់ទាញ​ទំនុកចិត្ត​ រក​បាន​ទាំង​ទុនវិនិយោគ​ថ្មី និង​ទាំង​ប្រាក់ចំណូល តាមរយៈ​កិច្ចសន្យា​ ផ្តល់​សេវាកម្ម​​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ក្រុមហ៊ុន​ឯកជន ក៏ដូចជា​កិច្ចសន្យា​ជាមួយ​រដ្ឋ ជាពិសេស ជាមួយ​ទីភ្នាក់ងារ​ណាសា។

ប្រាក់ចំណូល និង​ទុនវិនិយោគ​ថ្មីៗ​អស់​ទាំងនេះ អាច​ឲ្យ​ Space X ផ្តោត​លើ​ជំហាន​បន្ទាប់ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ដើម​របស់ Elon Musk គឺ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះអង្គារ

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ