អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ ថៃបានបញ្ជូនខ្មែរជាង២០០នាក់ត្រឡប់មកវិញ ក្រោយព្យាយាមឆ្លងដែនរកការងារនៅថៃ

ពលរដ្ឋ​ខ្មែរ១៣នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​វិញ នៅថ្ងៃទី​២៨ខែមិថុនា បន្ទាប់​ពី​ពួកគេ​ព្យាយាម​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​មួយ​ចំនួន​ស្ថិត​នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​គ្រប់​ច្រក​ព្រំដែន​ឈម​ជាមួយ​ថៃ  ថៃ​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ត្រឡប់​មក​វិញ​ជាង​២០០​នាក់​ហើយ រាប់​ចាប់​តាំង​ពី​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា កាល​ពីថ្ងៃទី២៣ខែមីនា​មក​។

ពលករខ្មែរដែលមកពីប្រទេសថៃ
ពលករខ្មែរដែលមកពីប្រទេសថៃ © FN
ផ្សាយពាណិជ្ជកម្ម

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៩ខែមិថុនានេះថា ពលរដ្ឋខ្មែរនៅតែបន្តឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ទោះបីជាថៃបានបិទព្រំដែនដោយបារម្ភពីជំងឺកូវីដ១៩ ក៏ដោយ។ មូលហេតុដែលពលរដ្ឋខ្មែរបន្តឆ្លង់ដែនដោយលួចលាក់ដើម្បី ទៅរកការងារធ្វើនៅប្រទេសថៃដោយសារមានការណែនាំពីមេខ្យល់។ មេខ្យល់ដែលអះអាងថា នៅប្រទេសថៃត្រូវការកម្លាំងពលកម្មពីកម្ពុជា។

ចំណែកអាជ្ញាធរខ្មែរដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ត្រូវរងចាំទទួលពលរដ្ឋខ្លួនឯងត្រឡប់មកវិញតាមច្រកព្រំដែនដែលឈមជាមួយថៃរួមមានៈ ច្រកអូបីជាន់ ច្រកអូស្មាច់ និងច្រកដូងជាដើម​។ ប្រឈមបែបនេះលោកស្រី ជូ  ប៊ុនអេង សុំចិត្តពលរដ្ឋខ្មែរនៅផ្ទះខ្លួនឯងមួយរយៈពេលសិនដោយកុំធ្វើការសម្រេចចិត្តដោយប្រថុយប្រថានទៅរកការងារធ្វើនៅប្រទេសថៃ ព្រោះដំណាក់កាលកូវីដ១៩ ថៃមិនទាន់ស្វាគមន៍ពលករចំណាក់ស្រុកនៅឡើយទេ។

ជុំវិញវិធានការទប់ស្កាត់នេះដែរ កាលពីខែមុន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់​បទបញ្ជាឲ្យ​សមត្ថកិច្ច​តាម​ព្រំដែនបង្កើន​ការ​ទប់​ស្កាត់​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់ និង​តាមចាប់​មេខ្យល់​មកផ្តន្ទាទោសតាមច្បាប់។

បើតាម​លោក ស ខេង នៅពេល​ច្រក​ព្រំដែនអន្តរជាតិ​បានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ប៉ុន្តែនៅតាមច្រករបៀងតូចៗ នៅមានមេខ្យល់​លួចនាំមនុស្ស​ឆ្លង​ដែនខុស​ច្បាប់។ ដូចនេះលោកបញ្ជាឲ្យ​សមត្ថកិច្ចតាមព្រំដែន​ត្រូវ​បង្កើន​ការរឹតបន្តឹង និងតាមចាប់​មេខ្យល់​មកផ្តន្ទាទោសតាមច្បាប់។

លោក ស៊ុម ចាន់គា មន្ត្រី​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យមើលឃើញថា គេពិបាកនឹងទប់ស្កាត់លំហូរឆ្លង់ដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃទោះបីជាពលរដ្ឋខ្មែរដឹងថា ប្រឈមនឹងគ្រោះថ្នាក់និងការចាប់ចង់ក៏ដោយ។ នេះក៏ដោយសារកត្តាជីវភាពខ្វះខាតខ្លាំងអំឡុងពេលនៃវិបត្តកូវីដ១៩នេះ។ ប៉ុន្តែលោកស្រីជូន ប៊ុនអេង អះអាងថា យ៉ាងហោចណាស់ក្នុងចំណោមពលរដ្ឋខ្មែរជិតពាក់កណ្ដាល ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលសម្រុកមកពីថៃកាលពីអំឡុងខែមីនា ទទួលបានប្រាក់ឧបត្តម្ថពីរដ្ឋាភិបាលរួចហើយដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ