អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

កូវីដ១៩៖អង្គការក្នុងស្រុកចំនួនបីទទូចឲ្យរដ្ឋាភិបាលបង្កើតកម្មវិធីសម្រាលបន្ទុកបំណុល

អង្គការ​ក្នុងស្រុក​ចំនួនបី​នៅ​ថ្ងៃនេះ បាន​ចេញផ្សាយ​របាយការណ៍ខ្លី ​ក្រោម​ចំណងជើង​ថា «ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក»ដែល​សំដៅ​ដល់​កូនបំណុល ​ភាគច្រើន​លើសលុប​ជាកម្មករ​ ក្នុង​វិស័យ​កាត់ដេរនៅ​។ ដោយ​មើលឃើញ​ពីបញ្ហា​ប្រឈម​បែបនេះ អង្គការ​ទាំងបី​រួមមាន សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌល សង់ត្រាល់​ និងអង្គការលីកាដូ​ ទទូចឲ្យ​រដ្ឋាភិបាល បង្កើត​កម្មវិធីសម្រាល​បន្ទុកបំណុល។

កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW
ផ្សាយពាណិជ្ជកម្ម

កម្មវិធីសម្រាលបន្ទុកបំណុលជាផ្នែកជួយសម្រួលដល់ការលំបាក់របស់ កម្មករ កម្មការិនី រោងចក្រកាត់ដេរ សហគមន៍ និងគ្រួសារក្រីក្រដែលងាយរងគ្រោះ ដែលគ្មានលទ្ធភាពសង់បំណុលធនាគារអំឡុងពេលប្រឈមនឹងវិបត្តិកូវីដ១៩។ កម្មវិធីសម្រាលបន្ទុកបំណុលដំណើរការតាមរយៈផ្អាកជាបណ្ដោះអាសន្ននូវការបង់សងប្រាក់កម្ចីនិងការប្រាក់ និងប្រគល់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ដែលបានដាក់ជាទ្រព្យធានាឱ្យម្ចាស់ទ្រព្យវិញ។  បើពុំមានកម្មវិធីសម្រាលបន្ទុកបំណុលនេះទេ កម្មករ កម្មការិនី នឹងលក់ដី ឬផ្ទះ និងខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។

នេះបើតាមរបាយការណ៍ខ្លី ក្រោមចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»ដែលបានស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ ភាគច្រើនជាស្ដ្រី មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមកម្មករ កម្មការិនី ដែលត្រូវបានស្ទង់មតិ មានកម្មករ កម្មការិនីតែ៤នាក់ប៉ុណ្ណោះ ដែលមិនជំពាក់បំណុល។ ស្ទើរតែគ្រប់កម្មករ កម្មការិនី ដែលបានផ្ដល់បទសម្ភាសន៍អះអាងថា ពួកគាត់នឹងគ្មានលទ្ធភាពសងបំណុលវិញទេ ប្រសិនបើការងារត្រូវព្យួរ ដោយសារជីវភាពរស់នៅរបស់ពួកគាត់ ជួបការលំបាកខ្លាំងជាងមុន។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់បានលើកឡើងនៅក្នុងរបាយការណ៍ថា ចំនួនពីរភាគបីនៃកម្មករ កម្មការិនី ដែលបានផ្ដល់បទសម្ភាសន៍ បានខ្ចីកម្ចីឥណទានយ៉ាងតិចមួយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីយកទៅសងបំណុលចាស់  ហើយចំនួនជិតបីភាគបួននៃពួកគាត់ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូច ត្រូវកាត់បន្ថយការបរិភោគអាហារ ដើម្បីសន្សំប្រាក់ទុកសងបំណុលដែលបានខ្ចី ។

ដូច្នេះអង្គការទាំងបីរួមមាន សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសង់ត្រាល់ និងលីកាដូ  សន្និដ្ឋានថា កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ រាប់​ម៉ឺន​នាក់​ នៅកម្ពុជា​ នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ដោយសារ​រោង​ចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​កូវីដ១៩។

ជុំវិញបញ្ហានេះ ​កន្លងមករដ្ឋា​ភិបាល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ ​ផ្ដល់​ការ​ពន្យា​ពេល​សង​បំណុល​ដល់​អ្នក​ខ្ចី​ប្រាក់​។ បើតាមសមាគម​មីក្រូ​ហិរញ្ញ​វត្ថុគិត​មក​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​ឧសភា អ្នក​ខ្ចី​ជាង​១១​ម៉ឺន​នាក់​ ត្រូវ​បាន​អនុគ្រោះ​ដល់​ការ​បង់​សង​កម្ចី ដែលសរុបជាទឹកប្រាក់​មានចំនួនជាង​៤០០​លាន​ដុល្លារ​អាមេរិក ​​ក្រោយ​ពី​ការ​សិក្សា​ជាក់​ស្តែង​រក​ឃើញថា​ ពួក​គេ​រងគ្រោះ​ពិត​ប្រាកដ​ ដោយ​សារ​ជំងឺ​កូវីដ១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ