អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

លោក សម រង្ស៊ី អំពាវនាវឲ្យធនាគារអន្តរជាតិកុំចូលដៃជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

លោក ​សម ​រង្ស៊ី ​អំពាវ​នាវ​ឲ្យ​ធនាគារ​អន្តរជាតិ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ កុំ​ចូល​ហ៊ុន​ និង​ចូល​ដៃ​ជាមួយ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​និង​ធនាគារ​អេស៊ីលីដា​ ដែល​លោក​លើក​ឡើង​ថា ​បាន​គាប​សង្កត់​ និង​ធ្វើ​បាប​ពល​រដ្ឋ​ខ្មែរ​ក្រីក្រ​ ដែល​ជំពាក់​បំណុល​ធនាគារ​ ដោយ​រើ​ខ្លួន​មិន​រួច​។ ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​ធនាគារ​អេស៊ីលីដា ​បាន​អះ​អាង​ថា​ ធនាគារ​នេះ​ធ្វើ​ការ​រក​ស៊ី​ដោយ​តម្លាភាព ​និង​បាន​ជួយ​អតិថិជន​ឲ្យ​មាន​ការ​រីក​​ចម្រើន​ជា​ច្រើន​មិន​ដូច​អ្វី​ដែល​លោក ​សម​ រង្ស៊ី ​បាន​លើក​ឡើង​ទាំង​ស្រុង​នោះ​ឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ
ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់ (រូបភាពតំណាង)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់ (រូបភាពតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

ការអំពាវនាវរបស់អ្នកនយោបាយ​ជំនាញសេដ្ឋកិច្ច​រូប​នេះ គឺ​ធ្វើឡើងចំនួន២ដង​ផ្ទួនៗ​គ្នា តាមរយៈ​អត្ថបទ​របស់​លោក​ដែលបាន​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​បរទេសជាភាសាអង់គ្លេស ​នៅថ្ងៃទី៣​កក្កដា និង​បន្តផ្សាយជាភាសាបារាំងនៅថ្ងៃទី៦កក្កដា។

ជាមួយ​នឹង​ការ​លើកឡើងពីរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស និងសហជីពកម្មករនៅកម្ពុជា ដែលបានពន្យល់ពីល្បិចរកស៊ីចំណេញលើខ្នងរាស្ត្ររបស់ធនាគារមួយចំនួន និងមីក្រូហិរញ្ញវត្ថុខ្លះ​នៅកម្ពុជា លោក សម រង្ស៊ី បានលើកឡើងចំៗ ពីករណីធនាគារ អេស៊ីលីដា (ACLEDA) ដែលពីដើមទីជាអង្គការក្រៅរដ្ឋាភិបាលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ មិនរកប្រាក់ចំណេញ ប៉ុន្តែបានក្លាយទៅជាធនាគារឯកជនរកប្រាក់​ចំណេញទៅវិញ។ លោក សម រង្ស៊ី បានហៅធនាគារបែបនេះថា បានធ្វើឲ្យប្រជារាស្ត្រខ្មែរ កាន់តែក្រទៅៗប្រៀបធៀបទៅនឹងសម័យ១០ឆ្នាំមុន ដែលមិនទាន់មានសកម្មភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រោងព្រាត ដូចសព្វថ្ងៃ។

អ្នក​នាំពាក្យ​ធនាគារ​អេស៊ីលីដា ហាក់មានការប្រយ័ត្ន​ប្រយែង ក្នុងការឆ្លើយតប​នឹង​ការ​លើក​ឡើងរបស់​មេដឹកនាំ​បក្សប្រឆាំងរូបនេះ។ លោក​ស្រី ម៉ា អមរ៉ា ​បាន​អះអាងថា ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ការ​រកស៊ី​ដោយ​តម្លាភាព និង​បានជួយ​អតិថិជន​របស់​ខ្លួន​ឲ្យមានការ​រីក​ចម្រើន​ជាច្រើន មិនដូច​អ្វី​ដែល​​បាន​លើក​ឡើង​នោះទេ។ បើតាម​អ្នកនាំពាក្យ​រូបនេះ ​អ្វី​ដែល​លោក សម រង្ស៊ី អំពាវនាវនោះ ​មិន​អាចធ្វើ​ឲ្យ​ធនាគារ​អន្តរជាតិ​ជឿបានទាំងស្រុងឡើយ។

សូមបញ្ជាក់ថា ក្នុង​អត្ថបទជាភាសាអង់គ្លេស​ដែល​បានចុះ​ផ្សាយថ្ងៃទី៣កក្កដា ​នៅលើ​សារព័ត៌មានមួយឈ្មោះថា The Geopolitics លោក សម រង្ស៊ី អំពាវនាវឲ្យធនាគារធំៗ លើ​ពិភពលោក ​ចែក​រំលែក ​ការ​ទទួល​ខុស ​ត្រូវ​ចំពោះ ​មហន្តរាយ​មីក្រូហិរញ្ញ​វត្ថុនៅកម្ពុជា។ អត្ថបទ​ដដែល​នេះ​ក៏ត្រូវបាន​ចុះ​ផ្សាយ​បន្ត​ទៀត​ ជាភាសា​បារាំង នៅថ្ងៃទី៦​កក្កដា នៅលើ​សារព័ត៌មាន​​ឈ្មោះ Gavroche ដែលមានមូលដ្ឋាននៅទីក្រុង​បាងកក​ប្រទេសថៃ។ ទោះជាយ៉ាងណា​នៅមិនទាន់មានការ​ឆ្លើយតបពី​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ