អានតួអត្ថបទ
កម្ពុជា សង្គម

មេដឹកនាំវៀតណាមបន្តស្នើឱ្យលោកហ៊ុន សែន បង្កភាពងាយស្រួលដល់ពលរដ្ឋខ្លួនបានរស់នៅជាស្ថិរភាពនៅកម្ពុជា

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ង្វៀន​ ភូ ​ត្រុង​ អគ្គ​លេខា​ធិការ​មជ្ឈឹមបក្ស​ និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​។ ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជជែក​គ្នា​យ៉ាង​ច្រើន​ពី​បញ្ហា​ទំនាក់​ទំនង​ទ្វេភាគី​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​។ ​ជាមួយ​គ្នា​នេះ ​លោក​ង្វៀន ភូ ត្រុង ​ក៏​បាន​បន្ត​ស្នើ​ឱ្យ​លោក​ហ៊ុន សែន ​ជួយ​បង្ក​ភាព​ងាយ​ស្រួល ​ដើម្បី​ឱ្យ​ពលរដ្ឋ​វៀតណាម​បាន​រស់​នៅ​ប្រកប​ដោយ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ចំណែក ​លោក​ហ៊ុន សែន​វិញ ​បាន​ទទួល​យក​សំណើ​ពី​មេ​ដឹកនាំ​វៀតណាម​នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានរដ្ឋវៀតណាម ង្វៀន ភូត្រុង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានរដ្ឋវៀតណាម ង្វៀន ភូត្រុង © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈខ្សែទូរស័ព្ទ លោកង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្ស និង ជាប្រធានរដ្ឋវៀតណាមបានបន្តស្នើដល់លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ឱ្យបន្តការជួយសម្រួល និង បង្កលក្ខណៈងាយស្រួល ដើម្បីឱ្យពលរដ្ឋដើមកំណើតវៀតណាមអាចមានជីវភាពរស់នៅប្រកបដោយស្ថិរភាព បានរៀនសូត្រ និងប្រកបមុខរបរយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ តាមលោកប្រធានរដ្ឋវៀតណាម ការជួយសម្រួលបែបនេះ គឺដើម្បីឱ្យពលរដ្ឋវៀតណាមបានរួមចំណែកដ៏សកម្មចូលក្នុងការអភិវឌ្ឈន៍របស់ប្រទេសកម្ពុជា ក៏ដូចជា រួមចំណែកចូលក្នុងការពង្រឹង និង បង្កើនចំណងទំនាក់ទំនងកម្ពុជា-វៀតណាម។ ចំ​ពោះសំណើនេះ លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា កម្ពុជានឹងបន្តការជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីឱ្យពួកគេមានលំនឹងចិត្តបន្តការរស់នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់មេដឹកនាំវៀតណាម និងកម្ពុជាអំពីបញ្ហាជនជាតិវៀតណាមរស់នៅកម្ពុជានេះ គឺបានបញ្ចេញឱ្យដឹងដោ​យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈក្រសួងការបរទេសកម្ពុជាតាមរយៈសេចក្តីប្រកា​សព័ត៌មានមិនបាននិយាយដល់ពីរឿងនេះឡើយ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេដែលវៀតណាមបានស្នើសុំឱ្យកម្ពុជាជួយមើលថែពលរដ្ឋរបស់ខ្លួន។ កន្លងមកឱ្យតែជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំវៀតណាមតែងតែស្នើបែបនេះជារឿយៗ ហើយថ្នាក់ដឹកនាំកម្ពុជាក៏យល់ព្រមជាបន្តបន្ទាប់ផងដែរ។

ទាក់ទងនឹងបញ្ហាជនជាតិវៀតណាមនេះដែរ កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យជនជាតិវៀតណាមអាចចេញចូលក្នុងប្រទេសកម្ពុជាបានឡើងវិញជាធម្មតា បន្ទាប់ពីបិទព្រំដែនបណ្តោះអាសន្នជាមួយវៀតណាមកាលពីថ្ងៃទី២០ ខែមីនា ដែលជាការបិទ ដើម្បីឆើ្លយតបទៅនឹងការបិទព្រំដែនដោយឯកតោភាគីរបស់វៀតណាមដោយសារតែជំងឺកូវីដ១៩។ ចំណែក វៀតណាមវិញក៏បានជួយឱ្យនិស្សិតកម្ពុជាមួយចំនួនបានទៅបន្តការសិក្សានៅក្នុងប្រទេសវៀតណាមបានឡើងវិញផងដែរ។

មកដល់ពេលនេះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម នៅតែបន្តស្នើទៅវិញទៅមកឱ្យបង្កើនការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាក្នុងគ្រប់គ្រងជំងឺកូវីដ១៩ ព្រមទាំងបន្តសហការសម្រួលដល់ការដឹកជញ្ជូនទំនិញ និង ការធ្វើដំណើរឆ្លងដែនទៅមកឱ្យបានកាន់តែងាយស្រួល ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់៧ពាន់លានដុល្លារទៅតាមផែនការគ្រោងទុក ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្រៅពីបញ្ហាជំងឺកូវីដ១៩នេះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាមក៏សាទរចំពោះការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរបាន៨៤% និង បានឯកភាពគ្នាពន្លឿនការដោះ​ស្រាយបញ្ហាព្រំដែន១៦%ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ដិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ