អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា៖ វិស័យធនាគារកម្ពុជា នៅបន្តមានវឌ្ឍនភាពប្រកបដោយទំនុកចិត្ត

ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ នៅ​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ​ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បន្ត​មាន​វឌ្ឍនភាព​ប្រកប​ដោយ​ទំនុកចិត្ត​ និង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ពេល​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ ដែល​បាន​ធ្វើឲ្យ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ -១.៩% នៅ​ឆ្នាំ​២០២០។

ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា
ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា នៅតែបន្តមានវឌ្ឍនភាពប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិញ្ញវត្ថុ បានបន្តកើនឡើងដល់១៧.៤%។ បន្ថែមលើនេះ ការផ្តល់ឥណទានបានបន្តកើនឡើងដល់ ១៩.៦% ហើយប្រាក់បញ្ញើបានកើនឡើង ១២.៣% នៅក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ។ ទន្ទឹមនេះ បណ្តាញប្រតិបត្តិការនិងសេវាហិរញ្ញវត្ថុ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដោយចំនួនទីស្នាក់ការនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅទូទាំងប្រទេស បានកើនឡើងដល់ ២៤៦៥ ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន ៣០៨១ គណនីប្រាក់បញ្ញើអតិថិជនបានកើនដល់ ៨.២លានគណនី និងគណនីឥណទានកើនដល់៣.២លានគណនី។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ធនាគារជាតិនៃកម្ពុជានៅត្រឹមឆមាសទី១ ឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។

យោងតាមរបាយការណ៍ដដែល បច្ចុប្បន្នទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅកម្ពុជា មានកំណើន ១៧.៤% ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើងដល់ ២០.៧%។ ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ការជួញដូររាយចំនួន១៥.៥% ការឲ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ១១.៦% ការជួញដូរដុំ ១០.៦% សំណង់ ៩.២% ការឲ្យខ្ចីជាបុគ្គល ៨.៨% ការជួញដូរអចលនទ្រព្យ ៨% កសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៩.២% និងផ្សេងៗចំនួន ២៨.៨%។ រីឯប្រភពទុនសំខាន់ៗ គឺបានមកពីប្រាក់បញ្ចើអតិថិជនចំនួន៨១% នៃប្រភពទុនសរុប។

ការលើកឡើងនៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានេះ គឺផ្ទុយពីការអះអាងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះថា វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នឹងត្រូវដួលរំលំ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងពីហានិភ័យនៅក្នុងវិស័យធនាគារនៅកម្ពុជាដែលថា ការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងធ្វើឲ្យមានការធ្លាក់ចុះនៃកំណើនឥណទាន និងប្រាក់បញ្ញើ រួមទាំងការកើនឡើងនៃឥណទានរៀបចំឡើងវិញជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ