អានតួអត្ថបទ
កម្ពុជា សង្គម

អតីតបក្សប្រឆាំងបង្កើតគណៈកម្មការឃ្លាំមើលបញ្ហាព្រំដែន និងជនអន្តោប្រវេសន៍ដែលកំពុងរស់នៅកម្ពុជា

អតីត​គណបក្ស​សង្រ្គោះជាតិ​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ ​ដើម្បី​ស្រាវជ្រាវ​ និង​ឃ្លាំមើល​បញ្ហា​ព្រំដែន​ និង​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​អតីត​បក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កក្កដា​។ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ចាត់​ទុក​ការ​បង្កើត​គណៈ​កម្មការ​នេះ​ថា​ ជា​រឿង​ខុស​ច្បាប់​ គ្មាន​ការ​ទទួល​ស្គាល់​ និង​ គ្មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ​។

ច្រកអន្តរជាតិកម្ពុជាវៀតណាមបាវិតក្នុងខេត្តស្វាយរៀង (រូបភាពតំណាង)
ច្រកអន្តរជាតិកម្ពុជាវៀតណាមបាវិតក្នុងខេត្តស្វាយរៀង (រូបភាពតំណាង) © RFI
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ដែលទើបង្កើតឡើងដោយអតីតគណបក្សសង្រ្គោះជាតិនេះ មានលោកអ៊ុំ សំអាន​ដែលជាអតីតអ្នកតំណាងរាស្រ្តជាប្រធាន និងមានអនុប្រធាន និងសមាជិកចំនួន៥នាក់បន្ថែមទៀត។ អ្វីជាការកត់ចំណាំ គឺសមាជិកនៃគណៈកម្មការនេះជាអ្នកដែលតែងតែរិះគន់ វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាឥតឈប់ឈរមានដូចជា លោកប៉ាង សុខឿន និង លោកឆាំ ឆានី ជាដើម។​ ក្រៅពីនេះ គណៈកម្មការនេះ ក៏មានទីប្រឹក្សាចំនួន៦នាក់ ដែលសុទ្ធសឹងតែជាអតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ។

បើតាមសេចក្តីសម្រេចកាលពីថ្ងៃទី១១ ខែកក្កដា ដែលមានលោកសម រង្ស៊ី ប្រធានស្តីទីអតីតបក្សប្រឆាំងចុះហត្ថលេខា គឺគណៈកម្មការនេះមានភារកិច្ច សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងឃ្លាំមើលបញ្ហាព្រំដែននៃប្រទេសកម្ពុជា និង បញ្ហាជនអន្តោប្រវេសន៍ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏ចូលរួមផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពល​រដ្ឋខ្មែរ ជាពិសេសយុវជនឱ្យមានការយល់ដឹងពីបូរណភាពទឹកដី និងផលវិបាកនៃការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់មករស់នៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត គណៈកម្មការនេះ មានភារកិច្ចតស៊ូមតិ និង ចេញសេចក្តីថ្លែងការណ៍ក្នុងនាមគណបក្សចំពោះរាល់ការរំលោភបំពានបូរណភាពទឹកដី និងសកម្មភាពខុសច្បាប់របស់ជនអន្តោប្រវេសន៍។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ទុកការបង្កើតគណៈកម្មការនេះថា ជារឿងខុសច្បាប់។ ខុសច្បាប់ ព្រោះត្រូវបានបង្កើតឡើងដោយគណបក្សដែលត្រូវបានរំលាយចោលស្របតាមច្បាប់ដោយតុលាការកំពូលកម្ពុជា។ លោកសុខ ឥសាន បានគូសបញ្ជាក់ថា គណៈកម្មការនេះនឹងមិនមានប្រ​សិទ្ធភាពអ្វីឡើយ ព្រោះគ្មានអ្នកណាទទួលស្គាល់។ សម្រាប់លោកសុខ ឥសាន ការស្រាវជ្រាវ និង និងការដោះស្រាយបញ្ហាព្រំដែន គឺជាកាតព្វកិច្ចតែមួយគត់របស់​គណៈ​កម្មការកិច្ចការ​ព្រំដែន​ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា។

ជាការកត់សម្គាល់ ការបង្កើតគណៈកម្មការកិច្ចព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សប្រឆាំងនាពេលនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយវៀតណាមដោយវៀតណាមបានចូលមកបោះតង់តាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល និងការផ្តាំផ្ញើពីមេដឹកវៀតណាមឱ្យកម្ពុជាបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ក៏ដូចជាការហូរចូលយ៉ាងគំហុករបស់ជនជាតិចិន។ ប៉ុន្តែ លោកសុខ ឥសាន អះអាងថា ចេតនារបស់អតីតបក្សប្រឆាំងដែលបង្កើតគណៈកម្មការនេះឡើង គឺគ្រាន់តែដើម្បីឃោសនានយោបាយប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ