អានតួអត្ថបទ
កម្ពុជា សង្គម

Human Right Watch៖ កម្ចីខា្នតតូចនៅកម្ពុជា កំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺ Covid-19

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ ​(Human Right Watch​) លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា ​និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​គួរ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រមូល​បំណុល ​និង​ការ​ប្រាក់​ចំពោះ​អ្នក​ខ្ចី​ប្រាក់​កម្ចី​ខ្នាត​តូច ​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​ឡាយ​ ខណៈ​ដែល​ពួកគេ​កំពុង​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយ​សារ​ជំងឺ​ Covid-19​។  ​គ្រួសារ​ដែល​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី ​និង​ផ្ទះ​សម្បែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ ​ដើម្បី​យក​ទៅ​សង​ម្ចាស់​បំណុល​។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ
ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០កំពុងរៀបចំឥណទានឡើងវិញ ឲ្យពលរដ្ឋអ្នកខ្ចីប្រាក់ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី១៤ ខែកក្កដា អង្គការ Human Right Watch បាន​មើលឃើញ​ថា ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​លើ​បញ្ហា​បំណុល​ នា​ពេល​កន្លងមក គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​អ្នកខ្ចី​ប្រាក់ ​បញ្ចៀស​ពី​ការរំលោភ​សិទ្ធិមនុស្ស​ពីសំណាក់​ម្ចាស់បំណុល​នៅឡើយ​ទេ។

Human Right Watch បន្តលើកឡើង​ថា កម្ចី​ខ្នាត​តូចរបស់ពលរដ្ឋកម្ពុជាពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ​ ​ជាមធ្យមមាន មាន​ចំនួន ៣,៨០៤ដុល្លារ​អាមេរិកក្នុងម្នាក់ ដែល​នេះ​គឺជា​អត្រា​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ខណៈធនាគារ​ជាតិ​នៃ​កម្ពុជា​ ដែល​ជា​ស្ថាប័ន​ផ្តល់​អាជ្ញាប័ណ្ណ និង​គ្រប់គ្រង​អ្នក​ផ្តល់​កម្ចី​ខ្នាត​តូច​ មិន​ដែល​បាន​ចេញ​បទ​បញ្ញត្តិ​តឹងរ៉ឹង​ណា​មួយ​ ដើម្បី​ការពារ​អ្នក​ខ្ចី​ប្រាក់​ពី​ការ​ផ្តល់​កម្ចី​ដែល​គ្មាន​ក្រមសីលធម៌​នោះ​ឡើយ។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ប្រចាំ​អាស៊ី បានលើកឡើងនៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ពលរដ្ឋ​កម្ពុជា​ជាច្រើន​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​ផ្ទះសម្បែង​របស់​ខ្លួន​ច្រើនជាង​ការ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណាទៅទៀត ដោយសារ​ពួក​គេ​មិន​អាច​សង​ប្រាក់កម្ចី​ទៅ​ម្ចាស់បំណុល​បាន ហើយ​រដ្ឋាភិបាល​មិនបាន​ជួយ​ដល់​ពួក​គេ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ។ 

បើតាម លោក Phil Robertson  រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ជា​ឱ្យ​មានការ​ផ្អាក ឬពន្យារពេល​សងបំណុល និង​អត្រា​ការប្រាក់​របស់​ពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ជំងឺរាតត្បាត​កូវីដ១៩ជាបន្ទាន់ ហើយ​គប្បី​ចាត់វិធានការ​ចំពោះ​រាល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មិន​អនុវត្ត​តាម។

ទាក់ទងទៅរឿងនេះដែរ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលនូវរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលដែលរកឃើញថា កម្មកររោងចក្រមួយចំនួន«ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ខណៈរោងចក្រខ្លះ បានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះខែមីនា និងឧសភា ឆ្នាំ២០២០។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា  បានហៅរបាយការណ៍នេះថា ជាការស្រាវជ្រាវមិនមានមូលដ្ឋានត្រឹមត្រូវ និងជាការរំខានដល់វិស័យមីក្រូហិរញ្ញវត្ថុដែលកំពុងតែមមាញឹកក្នុងការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩។

ប្រតិកម្មឆ្លើយតបរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពេលនេះគឺ២សប្តាហ៍ ក្រោយពីសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានចេញផ្សាយនូវរបាយការណ៍មួយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានចំណងជើងថា៖ «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ