អានតួអត្ថបទ
កម្ពុជា សង្គម

ធនាគារពិភពលោកផ្តល់ឥណទាន១០០លានដុល្លារដល់កម្ពុជា ដើម្បីកែលម្អផ្លូវបំរើដល់សហគមន៍ជនបទ

ធនាគារ​ពិភពលោក ​World Bank ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ផ្តល់​ឥណទាន​ ១០០​លាន​ដុល្លារ​ ពី​សមាគមអភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​ជួយ​គាំទ្រ​គម្រោង​​កែ​លម្អ​បណ្តាញ​ផ្លូវ​នៅ​ប្រទេស​កម្ពុជា សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ​នៅ​កម្ពុជា​។ ​គម្រោង​នេះ​នឹង​ពង្រីក​លទ្ធភាព​សម្រាប់​សហគមន៍​ជនបទ​ឱ្យ​ទទួល​បាន​សេវា​ចាំ​បាច់​នានា​ ដូចជា​មណ្ឌល​សុខភាព​ មន្ទីរពេទ្យ​បង្អែក​ សាលារៀន​ និង​ ទីផ្សារ​ តាម​រយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់​តែ​មាន​ភាព​ធន់​ទៅ​នឹង​កត្តា​ប្រែប្រួល​របស់​អាកាស​ធាតុ។

ការិយាល័យ​កណ្តាល​របស់​ធនាគារពិភពលោក នៅ Washington
ការិយាល័យ​កណ្តាល​របស់​ធនាគារពិភពលោក នៅ Washington © Internet
ផ្សាយពាណិជ្ជកម្ម

ឥណទានរបស់ធនាគារពិភពលោក គឺសំដៅទៅដល់ការកែលម្អ នឹង​ត្រូវ​ធ្វើ​ទៅលើ​ផ្នែក​ជាច្រើននៃតាមផ្លូវជាតិ​និង​ផ្លូវខេត្ត ដែលជាលទ្ធផល​​ជួយ​កាត់​បន្ថយ​ថ្លៃចំណាយលើការដឹកជញ្ជូន​ ​​និ​ងហានិភ័យគ្រោះថ្នាក់​​ដោយសារតែផ្លូវខូច និងជួយ​សម្រួល​ដល់​ខ្សែចង្វាក់​ផ្គត់​ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ។

សេចក្តីប្រកាសរបស់ធនាគារពិភាពលោកបន្តថា ការចំណាយលើកា​រដឹកជញ្ជូននៅប្រទេសកម្ពុជា ​នៅតែមានកម្រិត​ខ្ពស់នៅឡើយ ទោះបីជា​មាន​ភាពប្រសើរច្រើនក្នុង​ប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូន​នាំមុខគេនៅក្នុងប្រទេស ហើយ​ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគច្រើន ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ។ ផ្លូវជនបទ​មាន​ជាង​ ៧៥​ភាគរយ​នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​មានតែ ៥​ភាគរយប៉ុណ្ណោះដែល​ជាផ្លូវក្រាលកៅស៊ូ។ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បាន​ធ្វើ​ឱ្យមានភ្លៀងនិង​ទឹកជំនន់​ធំៗ​ បង្ក​ហានិភ័យខូចខាតកាន់​តែ​ខ្លាំងដល់​ប្រព័ន្ធ​ផ្លូវ​នៅជនបទ។

ការវិភាគ​អំពី​ស្ថានភាពប្រើប្រាស់របស់​ផ្លូវជនបទ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជាផ្នែកមួយនៃការរៀបចំគម្រោងនេះ បង្ហាញថា ក្នុង​រដូវទឹកជំនន់ ជាង ២៦ភាគរយ នៃ​ប្រជាជនរស់នៅ​ក្នុង​តំបន់​របស់​គម្រោង ប្រឈមនឹង​ហានិភ័យគ្មាន​ផ្លូវប្រើ​សម្រាប់​ទៅរកសេវា​បន្ទាន់ផ្នែកសុខភិបាល និង​សាលារៀន។  ក្រៅពីនោះ ១៨ភាគរយទៀត ត្រូវ​ចំណាយ​ពេល​ ៣០នាទី ឬច្រើន​ជាង​នេះ ​សម្រាប់​ធ្វើដំណើរទម្រាំទៅដល់មន្ទីរពេទ្យ ដែលជាស្ថានប្រឈមនឹងភាពស្លាប់រស់មួយ។ ការជ្រើស​រើស​ផ្លូវ​​សម្រាប់​ការ​វិនិយោគនៃគម្រោងនេះ ផ្តល់អាទិភាពដល់​ផ្លូវទាំងឡាយណាដែល​តភ្ជាប់​ផ្ទះ​អ្នក​ស្រុក​ជាមួយ​មន្ទីរពេទ្យ សាលារៀន និង​ទីផ្សារ។ ​តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ ដែល​គ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅ​តាម​ទីជនបទដាច់ស្រយាល។ នេះបើតាមធនាគារពិភពលោក។

លើសពីនេះ ធនាគារពិភពលោក បញ្ជាក់ទៀតថាគម្រោងនេះក៏នឹង​ជួយក្រសួង​សាធារណការនិង​ដឹកជញ្ជូន និង​ក្រសួងអភិវឌ្ឍន៍ជនបទ ដែល​ក្រសួងទាំងពីរនេះជា​ភ្នាក់​ងារ​អនុវត្តគម្រោង ​ក្នុង​ការ​អភិវឌ្ឍផ្នែកស្ថាប័នផងដែរ។ ក្នុងនោះមាន​ ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទានផ្លូវធន់នឹងអាកាសធាតុ ការជួយ​ដល់​ក្រសួងទាំងពីរ​ក្នុង​ការ​អនុវត្ត​ផែនការសកម្មភាព​បញ្ជ្រាបយេនឌ័រ និង​ការ​គ្រប់​គ្រង​កិច្ចសន្យាផ្អែកលើលទ្ធផលការងារសម្រាប់​ការថែទាំផ្លូវ​ ធ្វើ​ឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែមានចីរភាព​ល្អប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ