អានតួអត្ថបទ
កម្ពុជា សង្គម

តុលាការដាស់តឿនលោកកឹម សុខា ក្រោយមើលឃើញថា ការចុះទៅខេត្តរបស់លោកអាចឈានទៅបំពានកាតព្វកិច្ច

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ភ្នំពេញ​បាន​ចេញ​មក​ក្រើន​រំឮក​លោក​កឹម សុខា ​ឱ្យ​គោរព​បាន​ម៉ឺង​ម៉ាត់​នូវ​កាតព្វ​កិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ ការ​ក្រើន​រំឮក​នេះ ​គឺ​បន្ទាប់​ពី​លោក​កឹម សុខា ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៧​កាល​ពី​ពេល​ថ្មីៗ​នេះ​។ សម្រាប់​តុលាការ​ក្រុងភ្នំពេញ​ សកម្មភាព​របស់​លោក​កឹម សុខា​នេះ​ អាច​នឹង​ឈាន​ទៅ​បំពាន​កាតព្វកិច្ច​ដែល​កំណត់​ដោយ​តុលាការ​។ ប៉ុន្តែ ​មេធាវី​បាន​អះអាង​ថា ​លោក​កឹម សុខា ​យល់​ច្បាស់​ណាស់​ពី​អ្វី​ដែល​អា​ច​ និង​មិនអាច​ធ្វើ​។

លោក​ កឹម សុខា នៅឯខេត្ត កំពង់ចាម
លោក​ កឹម សុខា នៅឯខេត្ត កំពង់ចាម © សហការី
ផ្សាយពាណិជ្ជកម្ម

ការក្រើនរំឮករបស់តុលាការក្រុងភ្នំពេញនេះធ្វើឡើងតាមរយៈលិខិតមួយផ្ញើទៅកាន់លោកកឹម សុខានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ គឺតាមលិខិតនេះ តុលាការក្រុងភ្នំពេញបានប្រាប់លោកកឹម សុខាត្រូវមានស្មារតីគោរពឱ្យបានហ្មត់​ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានតម្រូវដាក់លើរូបលោក។ បើតាមតុលាការ ការក្រើនរំឮកនេះ គឺដើម្បីធានាបានការគោរពចំពោះកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលា​ការ ក៏ដូចជាសន្តិសុខផ្ទាល់ខ្លួន និងផលប្រយោជន៍ស្របច្បាប់របស់លោកកឹម សុខា ដែលជាជនជាប់ចោទសម្រាប់សវនាការបន្តនាពេលខាងមុខ។

ក៏ប៉ុន្តែ លោកចាន់ ចេន សហមេធាវីការពារក្តីលោកកឹម សុខា បានចាត់ទុកលិខិតក្រើនរំឮករបស់តុលាការក្រុងភ្នំពេញនេះថា អាចជាការព្រមានដល់កូនក្តីរបស់លោក។ បើតាមលោកមេធាវីចាន់ ចេន លោកកឹម សុខា តែងតែគោរពច្បាប់ទាំងពេលកន្លងមក បច្ចុប្បន្ន និង ទៅអនាគត។ លោកបានសង្កត់ធ្ងន់ថា លោកកឹម សុខា យល់ដឹងច្បាស់ណាស់នូវអ្វីដែលអាច ឬ មិនអាចធ្វើ និង ពេលណាគួរ ឬមិនគួរធ្វើ ។

ការក្រើនរំឮករបស់តុលាការក្រុងភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិកាលពីពេលថ្មីៗកន្លងទៅនេះ បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តចំនួន៧រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពត ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយអមជាមួយមេធាវីទៅជាមួយផង លោកកឹម សុខា បានជួបសំណេះសំណាលប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះជាហូរហែរ។ ក៏ប៉ុន្តែ សម្រាប់តុលាការក្រុងភ្នំពេញ សក​ម្មភាពរបស់លោកកឹម សុខានេះ អាចនឹងឈា​នទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ តុលាការក្រុងភ្នំពេញចង់សំដៅលើសកម្មភាពធ្វើនយោបាយដែលត្រូវបានហាមឃាត់។

ចំពោះបញ្ហានេះ លោកមេធាវីចាន់​ ចេន បានអះអាងថា ការជួបជាមួយប្រជាពលរដ្ឋពេលចុះទៅខេត្តរបស់លោកកឹម សុខា គឺជាការជួបដោយចៃដន្យ និង មិនបានជួបជាមួយប្រជាពលរដ្ឋច្រើននោះទេ ហើយការជួបនេះទៀតសោតជាការសួរសុខទុក្ខធម្មតាប៉ុណ្ណោះ។ សម្រាប់លោកមេធាវីចាន់ ចេន ការជួបរបៀបនេះមិនមែនជាសកម្មភាពនយោបាយទេ ហើយក៏មិនខុសនឹងច្បាប់ដែលហាមនោះដែរ។ ផ្ទុយទៅវិញ បើលោកកឹម សុខា​ជួបមនុស្សដែលស្រឡាញ់រាប់អានរូបលោកត្រឹមតែចំនួនតិចតួចក៏ខុសដែរនោះ វាអាចជាការបិទសេរីភាពរបស់លោកទៅវិញទេ។

សូមបញ្ជាក់ថា លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយត្រូវគោរពតាមកាតព្វកិច្ចសំខាន់ៗចំនួន៣ គឺ មិនត្រូវចេញក្រៅព្រំប្រទល់ដែនព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្ម​ភា​ពនយោបាយ និង ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ កាតព្វកិច្ចតម្រូវនេះ គឺដោយសារតែលោកកឹម សុខា ជាជនត្រូវចោទនៅក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសដែលកំពុងស្ថិតក្នុងដំណើរការសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែ សវនាការនេះត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីចុងខែមីនាដោយសារតែជំងឺកូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ