អានតួអត្ថបទ
កម្ពុជា សង្គម

គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើនាយករដ្ឋមន្រ្តីឱ្យពិនិត្យមើលឱ្យបានដិតដល់រឿងអភិវឌ្ឍកោះនរា

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ទាមទារ​ឱ្យ​ស្នើសុំ​ដល់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ត្រួតពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ចំពោះ​ការ​អភិវឌ្ឍ​កោះនរា​។ ការ​ស្នើ​សុំនេះ​ គឺ​បន្ទាប់​ពី​គណបក្ស​ក្រៅ​រដ្ឋសភា​មួយ​នេះ​សង្កេត​ឃើញ​ថា​ ការ​អភិវឌ្ឍ​កោះនរា​កំពុង​ធ្វើ​ឡើង​ខុស​ពី​គម្រោង​អាច​បង្ក​ជា​ផល​ប៉ះពាល់​ច្រើន​។ គណបក្ស​នេះ​ ក៏​បាន​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ចុះ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នេះ​ផង​ដែរ​។ ជា​ការ​ឆ្លើយ​តប ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា ​កំពុង​តែ​ធ្វើ​កិច្ចការ​នេះ​ហើយ​។

ប្លង់នៃតំបន់គម្រោងអភិវឌ្ឍន៍ កោះនរា
ប្លង់នៃតំបន់គម្រោងអភិវឌ្ឍន៍ កោះនរា © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការអភិវឌ្ឍកោះនរា។ ការអភិវឌ្ឍកោះនរា ដែលគណបក្សនេះបានសង្កេតឃើញជាក់ស្តែងថា  នឹងឈានទៅលុបទន្លេមេគង្គក្រោមប្រមាណជិតពាក់កណ្តាល ដើម្បីបម្រើផលប្រយោជន៍ឯកជនដែលផ្ទុយនឹងច្បាប់ ក៏ដូចជាខុសឆ្ងាយពីផ្ទាំងបិទប្រកាសព័ត៌មានអំពីការអភិវឌ្ឍកោះនរា។ បើតាមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ការអភិវឌ្ឈរបៀបនេះ អាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេស ការរារាំងផ្លូវមច្ឆាជាតិ បង្កទឹកជំនន់ និងការបាក់ច្រាំងទន្លេនាពេលអនាគត។ 

ហេតុដូច្នេះហើយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាឱ្យយកចិត្តទុកដាក់ពិនិត្យចំពោះការអភិវឌ្ឍនេះឱ្យបានដិតដល់ ចៀសវាងបន្សល់ទុកមរតកបំផ្លាញទន្លេមេគង្គក្រោ​មដល់កូនខ្មែរជំនាន់ក្រោយ។ ជាមួយគ្នានេះ គណបក្សក្រៅរដ្ឋសភាមួយនេះ ក៏បានទាមទារឱ្យក្រសួងបរិស្ថានបញ្ជូនក្រុមការងារបច្ចេកទេសចុះទៅវាយតម្លៃជាបន្ទាន់ពីផលប៉ះពាល់ដែលអាចកើតចេញពីគម្រោងអភិវឌ្ឍកោះនរានេះ។

ឆ្លើយតបនឹងការទាមទារនេះ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា ក្រសួងបរិស្ថានកំពុងដំណើរការសិក្សា និងវាយតម្លៃពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍកោះនរានេះ។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា រាល់គម្រោងវិនិយោគអភិវឌ្ឍទាំងអស់ត្រូវមានការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន ដើម្បីសិក្សាពីផលប៉ះពាល់ និងវិធានការកាត់បន្ថយជាអតិបរមាលើផលប៉ះពាល់នោះ។

សូមបញ្ជាក់ថា កោះនរាកំពុងត្រូវបានធ្វើការអភិវឌ្ឍជាក្រុងរណបថ្មីភ្ជាប់ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រុងរណបកោះនរានេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន​វិនិយោគទុន​ក្រៅប្រទេស(OCIC)របស់លោកឧកញ៉ា ពុង ឃាវសែ។  តាមគម្រោង ក្រុមហ៊ុន​វិនិយោគទុន​ក្រៅប្រទេស(OCIC)នឹងសាងសង់ស្ពានបេតុង​ខ្សែកាប​ថ្មី​តម្លៃ​៥០​លាន​ដុល្លារ អាមេរិក ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរពីតំបន់​កោះ​ពេជ្រទៅ​កាន់​គម្រោង​អភិវឌ្ឍ​កោះន​រា​។ តាមប្រភពព័ត៌មានខ្លះគម្រោងអភិវឌ្ឍក្រុងរណបកោះនរា អាចនឹងចំណាយទឹកប្រាក់ដល់ទៅប្រមាណជាជិត២ពាន់លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ