អានតួអត្ថបទ
កម្ពុជា សង្គម

កម្ពុជាផ្ទុះជំងឺគ្រុនឈីកជាថ្មីក្រោយពីបាត់មុខកាលពី១០ឆ្នាំមុន

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ស្តី​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ឈីកគន់ហ្គន់យ៉ា​(Chikunngunya) នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ដូច្នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​សង្កាត់​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​រក​ឃើញថា​មាន​អាការៈ​មិនស្រួលខ្លួន​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​ជា​បន្ត​បន្ទាប់។

រោគសញ្ញាកន្ទួលក្រហមលើស្បែក នៃជំងឺគ្រុនឈីក
រោគសញ្ញាកន្ទួលក្រហមលើស្បែក នៃជំងឺគ្រុនឈីក © FB
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន៦ភូមិ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក ឬឈីកគន់ហ្គន់យ៉ា។ ការបញ្ជាក់របស់ក្រសួងសុខាភិបាលតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋជាច្រើនបានធ្លាក់ខ្លួនឈឺ ចេញរោគសញ្ញាគ្រុនក្តៅ ៣៨អង្សារសេ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។

ប្រឈមនឹងរោគសញ្ញាដូច្នេះ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងខេត្តបន្ទាយមានជ័យ បានប្រមូលសំណាកវត្ថុវិភាគឈាមពីអ្នកភូមិទាំងនោះ មកធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីស្វែងរកមើលវីរុសគ្រុនឈីក វីរុសកញ្រ្ជឹល ស្អូច និងសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងថា ការទប់ស្កាត់ និងការពារជំងឺគ្រុនឈីកនេះ គឺវាដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឲ្យមូសខ្លាញីខាំ តាមរយៈកំចាត់ចោលនូវវត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូស។

សូមរំលឹកថាជំងឺគ្រុនឈីកនេះ បានកើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅប្រទេសកម្ពុជានៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ដែលករណីនេះបានកើតឡើងនៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយគ្រុនឈីកធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់៦០ទៅ៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងនៅឆ្នាំ២០១១-២០១២ នៅតាមខេត្តមួយចំនួនរបស់កម្ពុជា។

ក្រសួងសុខាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា ការលេចឡើងជាថ្មីនូវវត្តមានជំងឺឈីកនេះ អាចជាបញ្ហាប្រឈមសុខភាពសាធារណៈ និងមានហានិភ័យក្នុងការឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក៏ប៉ុន្តែហានិភ័យដែលបណ្តាលឲ្យមនុស្សស្លាប់មានកំរិតទាប បើប្រៀបធៀបទៅនឹងជំងឺគ្រុនឈាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ