អានតួអត្ថបទ
កម្ពុជា សង្គម

អតីតបក្សប្រឆាំងស្នើលោកហ៊ុន សែន ឱ្យប្រើយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម

គណៈកម្មការ​កិច្ចការ​ព្រំដែន ​និង​អន្តោប្រវេសន៍​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​បាន​សរសេរ​លិខិត​ចំហ​មួយ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ជា​លិខិត​ចំហ​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យន្តការ​តុលាការ​អន្តរជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​អះអាង​ថា ​ខ្លួន​កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​ ប៉ុន្តែ​បញ្ហា​ខ្លះ​ជា​រឿង​តូច​តាច​ គឺ​អាច​ដោះសា្រយ​ដោយ​ទ្វេភាគី​ មិន​ចាំបាច់​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ឡើយ​។

មន្រ្តីនគរបាលកម្ពុជា និងវៀតណាមកំពុងត្រួតពិនិត្យតំបន់ព្រំដែន
មន្រ្តីនគរបាលកម្ពុជា និងវៀតណាមកំពុងត្រួតពិនិត្យតំបន់ព្រំដែន © FB
ផ្សាយពាណិជ្ជកម្ម

ជាដំបូង គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងបានកោតសរសើរមេដឹកនាំវៀតណាមដែលបានជំរុញឱ្យប្រទេសដែលកំពុងមានជម្លោះក្នុងសមុទ្រចិនខាងត្បូងដោះស្រាយជម្លោះដោយផ្អែកទៅច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសមុទ្រឆ្នាំ១៩៨២។ ការលើកឡើងរបស់មដឹកនាំវៀតណាមនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦កាលពីខែមុន។ សម្រាប់គណៈកម្មការនេះ ទង្វើរបស់មេដឹ​កនាំវៀតណាមនេះ គឺជាទឹកចិត្តស្នេហាជាតិ និងជាកាតព្វកិច្ចដែលថ្នាក់ដឹកនាំជាតិត្រូវធ្វើ ដើម្បីការពារបូរណភាពទឹកដី។

ហេតុដូច្នេះហើយ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងចង់ឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មធ្យោបាយដូចគ្នានេះក្នុងការដោះស្រាយព្រំដែនសមុទ្រជាមួយវៀតណាមវិញដោយប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ(PCA)ទាមទារដែនសមុទ្រ និងកោះមួយចំនួនពីវៀតណាមកវិញ។ ដោយឡែក ចំពោះបញ្ហាទាហានវៀតណាមចូលមកបោះតង់នៅតាមព្រំដែនកម្ពុជា-វៀតណាមជាង២០០តង់វិញ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នេះ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសលេហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ព្រមទាំងតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកបញ្ហាបោះតង់របស់ទាហានវៀតណាមនេះថា ជារឿងតូចតាច។ រឿងតូចតាច ដែលលោកស្រីពន្យល់ថា គឺភាគីកម្ពុជា និងវៀតណាមអាចដោះស្រាយគ្នាបានដោយទ្វេភាគីមិនចាំបាច់ពឹងពាក់អន្តរជាតិឡើយ។ បើតាមលោកស្រីកុយ ពិសី គឺភាគីវៀតណាមបានគូសបញ្ជា​ក់ជាផ្លូវការមកកាន់កម្ពុជាហើយថា វៀតណាមនឹងរុះរើតង់ចេញពីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមវិញ នៅពេលបញ្ច​ប់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះការបោះតង់របស់ទាហានវៀតណាមនេះ គឺក្នុងន័យការពារការរីករាលដាលជំងឺកូវីដ ១៩ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ។

ចំពោះបញ្ហាព្រំដែនសមុទ្រកម្ពុជា-វៀតណាមវិញ លោកស្រីកុយ ពិសី បានគូសបញ្ជាក់ថា កម្ពុជាមិនទាន់បានដោះស្រាយដាច់ស្រឡះជាមួយវៀតណាមនៅឡើយទេ ពោល គឺកម្ពុជារង់ចាំបញ្ចប់ការកំណត់ព្រំដែនគោកជាមួយវៀតណាមទាំងស្រុងសិន។ តែទោះជាបែបនេះក្តី លោកស្រីអនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានប្រកាសជំហរជាផ្លូវការរួចមកហើយថា ព្រំដែនសមុទ្រជាមួយវៀតណាម គឺកម្ពុជាទទួលស្គាល់ខ្សែព្រំដែនប្រ៊ីវីយ៉ែដែលគូសឡើងដោយបារាំង។

ក៏ប៉ុន្តែ គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់អតីតបក្សបក្សប្រឆាំងនៅតែយល់ថា ការប្រើប្រាស់យន្តការអន្តរជាតិ រួមមាន តុលាការអាជ្ញាកណ្តាលអន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងអនុសញ្ញា និងច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយវៀតណាម គឺនឹងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ